សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុន ថៃ និងកូរ៉េខាងត្បូងកុំប្តឹងរដ្ឋាភិបាល និងពលរដ្ឋកម្ពុជាដែលរត់ចោលការងារ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះរឿងពលករខ្មែររត់ចោលការងារនៅតាមប្រទេសមួយចំនួន ដោយសារជឿការឃោសនារបស់ខឹម វាសនា ដែលជាមេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថា ពិភពលោកនឹងត្រូវលិចលង់ឆាប់ៗនោះ។ សម្តេចបារម្ភថា ប្រទេសដែលត្រូវបានពលករខ្មែររត់ចោលការងារទាំងនោះ អាចប្តឹងរាជរដ្ឋាភិបាល ក៏ដូចជាសាម៉ីខ្លួនទាមទារសំណងពីការធ្វើឲ្យប៉ះពាល់ខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនក្នុងប្រទេសទាំងនោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
ដោយ

នាពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាស គង់ សំអុល នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ប្រទេស ជាពិសេសជប៉ុន ថៃ និងកូរ៉េខាងត្បូងមានការយោគយល់ចំពោះពលករខ្មែរ ដែលបានរត់ចោកការងារត្រឡប់មកកម្ពុជា ដោយសារជឿការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថាពិភពលោកនឹងត្រូវបាក់ស្រុតលិចលង់ ដោយមេបក្សនយោបាយរូបនេះ ក៏បានអំពាវនាវឲ្យពឡរដ្ឋខ្មែរវិលចូលស្រុកវិញ និងត្រូវទៅស្នាក់នៅតំបន់ភ្នំគូលែនខេត្តសៀមរាប ទើបអាចផុតគ្រោះនេះ។ ទន្ទឹមនឹងបង្ហាញក្តីបារម្ភអំពីរឿងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យប្រទេសដែលមានកម្មករខ្មែររត់ចោលការងារ សូមកុំដាក់ពាក្យបណ្តឹងទាមទារសំណងពីរាជរដ្ឋាភិបាល ឬពលករខ្មែរជុំវិញបញ្ហានេះផងដែរ។

មកទល់ពេលនេះយើងមិនទាន់បានដឹងពីចំនួនបុគ្គលិក ឬពលករខ្មែរ ដែលបានបោះបង់ចោលការងារនៅប្រទេសកូរ៉េ ជប៉ុន ថៃ និងប្រទេសផ្សេងទៀតមានចំនួនប៉ុន្មាននៅឡើយទេ។ ហើយយើង ក៏មិនទាន់បានដឹងទេថា មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាស និងសិប្បកម្មប៉ុន្មានហើយ ដែលបានផ្ញើលិខិតមករាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញបញ្ហានេះផងដែរ ដោយក្រុមការងារសារព័ត៌មានខេមបូណូមីសបានព្យាយាមទាក់ទងសុំការបញ្ជាក់ពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមតេឡេក្រាមដែរ តែពុំមានការឆ្លើយតប។

ក៏ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា បុគ្គលិក ឬពលករខ្មែរដែលបានបោះបង់ការងារត្រឡប់មកកម្ពុជាតាមការឃោសនារបស់លោក ខឹម វាសនា នឹងមិនអាចត្រឡប់ទៅធ្វើការងារនៅប្រទេសកូរ៉េបាននោះទេ។ ជាមួយគ្នានេះ ឯកឧត្តម បានចាត់ទុក ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់របស់ពលករខ្មែរទាំងនោះ គឺបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរពស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ សម្រាប់ឯកឧត្តម ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូន Fedex របស់អាមេរិកគ្រោងធ្វើការហោះហើរត្រង់ផ្ទាល់មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២នេះ

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន FedEx បានធ្វើការស្វែងយល់ពីឱកាសវិនិយោគ ភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិ…

រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ទីតាំងទៀត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ស្ពានឆ្លងទន្លេចំនួន ៣ទីតាំងបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងបំពេញតម្រូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ