វិស័យចិញ្ចឹមសត្វ

ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលបិទការនាំចូលសាច់បង្កកទាំងស្រុងពីប្រទេសថៃ


គេសង្កេតឃើញថា សាច់បង្កកត្រូវបានឈ្មួញនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃយកមកលក់ចែកចាយនៅលើទីផ្សារកម្ពុជាជាបន្តបន្ទាប់ ហើយក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាហូរហែរផងដែរ ក្រោយសាច់បង្កកទាំងនោះមិនអនុលោមផ្នែកស្តង់ដា និងគុណភាព។ យ៉ាងណាមិញក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានអះអាងថា បច្ចុប្បន្នការចិញ្ចឹមក្នុងស្រុកអាចសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកដោយមិនចាំបាច់នាំចូលពីបរទេស។
វិស័យចិញ្ចឹមសត្វ
ដោយ

កត្តានេះបានជំរុញឱ្យពួកគេយល់ថា រាជរដ្ឋាភិបាលគួរតែបិទការនាំចូលសាច់បង្កកទាំងស្រុងពីប្រទេសថៃ ដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយស្របពេលពលរដ្ឋខ្មែរកំពុងធ្វើពហិការផលិតផលថៃ។

លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាបានអះអាងថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូកក្នុងស្រុក ដូច្នេះកម្ពុជាមិនចាំបាច់ត្រូវការនាំចូលសាច់បង្កកពីក្រៅស្រុកមកចែកចាយនោះទេ។ ប្រធានសមាគមរូបនេះជឿជាក់ថា ប្រសិននៅតែមានឈ្មួញទុច្ចរិតបន្តលួចនាំចូលសាច់បង្កក ដែលខូចគុណភាពមកកាន់ទីផ្សារកម្ពុជា នោះវានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាសុខភាពរបស់អ្នកបរិភោគ។ ទន្ទឹមនឹងនេះលោកស្នើឱ្យរាជរដ្ឋាភិបាលគួរបិទការនាំចូលសាច់បង្កកទាំងស្រុង ដើម្បីជួយលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក និងគិតគូរពីសុខភាពអ្នកបរិភោគ។

មិនខុសគ្នានោះទេលោក ហួត រ៉ាដេត នាយកប្រតិបត្តិក្រុមហ៊ុនសាច់ជ្រូកជាតិ អ អេស ហ្វាម បានអះអាងថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់សាច់សត្វឆ្លើយតបតាមតម្រូវការក្នុងស្រុកបានទាំងស្រុង ពិសេសសាច់ជ្រូក និងសាច់មាន់ ដោយពុំចាំបាច់នាំចូលសាច់បង្កកមកពីក្រៅប្រទេសនោះទេ។ បើតាមលោក ហួត រ៉ាដេត ប្រសិនភាគីពាក់ព័ន្ធនៅតែបន្តឱ្យមានឈ្មួញកណ្ដាលនាំចូលសាច់បង្កកមកចែកចាយក្នុងស្រុក ចង់ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃសាច់សត្វនៅលើទីផ្សារ ប៉ះពាល់ដល់គុណភាព និងភាពជឿទុកចិត្តរបស់ពលរដ្ឋ។ ទន្ទឹមនឹងនេះលោកស្នើឱ្យរដ្ឋាភិបាលបិទការនាំចូលសាច់បង្កកទាំងស្រុង ដើម្បីពង្រីងវិស័យចិញ្ចឹមសត្វក្នុងស្រុក។

បើតាមការអះអាងរបស់លោក ស៊ុរន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការចិញ្ចឹមសត្វនៅកម្ពុជាបច្ចុប្បន្នមិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវបានគ្រប់គ្រាន់នោះទេ ថែមទាំងលើសតម្រូវទៀតផង។ ទន្ទឹមនឹងនេះលោកស្នើឱ្យមន្រ្តីគយនៅតាមច្រកព្រំដែនតួរតែបង្រីងការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរឹតបន្តឹងឱ្យបានខ្ពស់ជាងនេះបន្ថែមទៀត ដើម្បីធានាថា សាច់ដែលនាំចូលមានគុណភាពល្អ និងមិនធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ បន្ថែមលើនេះលោកស្នើឱ្យរដ្ឋាភិបាលគួរមានវិធានការបិទការនាំចូលសាច់បង្កក ដែលមិនមានស្ដង់ដា ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកបរិភោគ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីប្រកាសជុំវិញការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅបានប្រកាសហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់ជាមួយប្រទេសថៃជាបណ្តោះអាសន្ន ក្រោយថៃរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈគោ និងក្របី៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


និយ័តករមូលបត្ររំពឹងការស្រូបទាញទុនពីទីផ្សារភាគហ៊ុនកើនលើស៧០០លានដុល្លារនៅដើមឆ្នាំ២០២៦

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ក្នុងនោះ១១ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១៤ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណ…

ធនាគារពិភពលោកវាយតម្លៃថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងមានកំណើនសេដ្ឋកិច្ចល្អជាងគេបំផុតនៅឆ្នាំនេះ

ធនាគារពិភពលោកបានវាយតម្លៃថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែបន្តមានកំណើនសេដ្ឋកិច្ចល្អជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែដើម្បីរក្សាបានកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ