
ក្រោយមានការរំពឹងទុកអំពីជំនួប ដែលអាចកើតឡើងរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ នៅចុងខែតុលា នេះ ចិន បានប្រកាសរឹតបន្តឹងជាថ្មីលើការនាំចេញផលិតផលបច្ចេកវិទ្យា និងរ៉ែកម្រទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងបារម្ភដល់ប្រទេសនានា លើពិភពលោក ជាពិសេសសហរដ្ឋអាម៉េរិក ព្រោះចិន ជាអ្នកនាំចេញរ៉ែកម្រធំជាងគេនៅលើពិភពលោក។ បើយោងតាមបទប្បញ្ញត្តិ ដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺតម្រូវឱ្យក្រុមហ៊ុនបរទេសទាំងអស់ ត្រូវតែទទួលបានការយល់ព្រមក្នុងការនាំចេញរ៉ែកម្រ បើទោះបីការនាំចេញនោះមានកម្រិតតិចតួចក៏ដោយ។
បន្ថែមលើនេះ ទីក្រុងប៉េកាំង ក៏នឹងដាក់លក្ខខណ្ឌតឹងរ៉ឹងលើការនាំចេញបច្ចេកវិទ្យា ដែលទាក់ទងនឹងការជីកយករ៉ែ បច្ចេកទេសក្នុងការចម្រាញ់ ការកែច្នៃឡើងវិញ និងការផលិតមេដែកផងដែរ។ មកដល់ពេលនេះ មហាយក្សចិន ត្រូវបានគេដឹងថា ជាប្រទេសដែលគ្រប់គ្រងធនធានរ៉ែកម្រធំជាងគេមានរហូតដល់ទៅជិត ៧0% នៅលើពិភពលោក ហើយបើបូកទាំងគម្រោងដែលចិន កាន់កាប់នៅប្រទេសនានា វាឡើងដល់ប្រមាណ៩0% ឯណោះ។ រ៉ែកម្រសំខាន់ៗទាំងនោះជាតម្រូវការដ៏សំខាន់បំផុតសម្រាប់ឧស្សាហកម្មរាប់ចាប់តាំងពីម៉ាស៊ីនយន្តហោះ ប្រព័ន្ធរ៉ាដា រហូតដល់គ្រឿងអេឡិចត្រូនិករួមទាំងកុំព្យូទ័រយួរដៃ និងទូរសព្ទ។
បើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មចិន ការរឹតបន្តឹងលើការនាំចេញរ៉ែកម្រនេះ គឺដើម្បីការពារសន្តិសុខជាតិ ក៏ដូចជាដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់លើធនធានរ៉ែកម្រនៅក្នុងប្រទេសចិនផ្ទាល់៕
ដោយៈ សរ សុជាតិ