លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ថា ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ និងទិដ្ឋភាពច្បាប់កន្លងមកសបញ្ជាក់ឱ្យឃើញថា មហិច្ឆតារបស់ភាគីថៃ មិនអាចយកឈ្នះលើច្បាប់អន្តរជាតិ ដែលតម្កល់នៅអង្គការសហប្រជាជាតិ បានឡើយ។ អ្នកជំនាញរូបនេះចាត់ទុកការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមឆ័ត្រ UNCLOS ថា ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់សហគមន៍អន្តរជាតិ អំពីទង្វើរំលោភបំពានរបស់ភាគីថៃ មកលើអធិបតេយ្យភាពកម្ពុជា។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ភាគីថៃ មិនអាចគេចវេះពីយន្តការនេះបានឡើយ ព្រោះច្បាប់សមុទ្រ UNCLOS មានចែងច្បាស់ពីលក្ខខណ្ឌបង្ខំឱ្យចូលរួម ហើយប្រសិនបើថៃ នៅតែបដិសេធមិនទទួលយកលទ្ធផលផ្សះផ្សានៅពេលខាងមុខ ទីក្រុងបាងកកនឹងក្លាយជាអ្នករំលោភច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែតតែម្តង។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ដំណើរការនីតិវិធីនៃយន្តការ UNCLOS នឹងត្រូវធ្វើឡើងទៅមុខតាមកាលកំណត់ បើទោះបីជាភាគីថៃ មិនព្រមជ្រើសរើសអ្នកផ្សះផ្សាទាំង២រូបរបស់ខ្លួនក៏ដោយ។ លោកបានពន្យល់ថា ក្នុងករណីថៃ មិនសហការ អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងប្រើប្រាស់សិទ្ធិអំណាចតាមផ្លូវច្បាប់ ដើម្បីជ្រើសរើសសមាជិកជំនួសភាគីចុងចោទភ្លាមៗ ដោយមិនទុកឱ្យនីតិវិធីត្រូវកកស្ទះឡើយ។ លោកបណ្ឌិត រំពឹងថា ដំណើរការរបស់គណៈកម្មការផ្សះផ្សានេះ អាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខ ដោយផ្អែកលើភស្តុតាងច្បាប់ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រ ជាពិសេសសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧។ លោកបន្ថែមថា ប្រសិនបើលទ្ធផលចេញមកហើយមានភាគីណាមួយមិនអនុវត្តតាម ភាគីម្ខាងទៀតមានសិទ្ធិបន្តនីតិវិធីប្តឹងទៅកាន់តុលាការអន្តរជាតិ បន្ថែមទៀត។
ដោយឡែក លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទ យល់ឃើញថា ប្រសិនបើភាគីថៃ ចូលរួមដំណើរការនីតិវិធី នៃយន្តការ UNCLOS នោះជាការប្រសើរ។ តែយ៉ាងណា អ្នកជំនាញច្បាប់រូបនេះបារម្ភថា ភាគីថៃ អាចនឹងរកលេសពន្យារពេលក្នុងការចូលរួមនីតិវិធីនៃយន្តការ UNCLOS ខណៈកន្លងមក ភាគីថៃ ពុំដែលមានចេតនាក្នុងការគោរពច្បាប់នោះទេ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា បានចាត់តាំងអ្នកជំនាញច្បាប់អន្តរជាតិចំនួន២រូបរួចរាល់ហើយ ខណៈភាគីថៃ ត្រូវមានកាតព្វកិច្ចជ្រើសរើសអ្នកច្បាប់២រូបដូចគ្នា ដោយត្រូវឆ្លើយតបមកកម្ពុជាវិញយ៉ាងយូរក្នុងរយៈពេល៣សប្ដាហ៍។ ប្រមុខការទូតកម្ពុជា បានបន្ថែមថា បន្ទាប់ពីការតែងតាំងពីភាគីទាំងសងខាង អ្នកជំនាញច្បាប់របស់កម្ពុជា និងថៃ នឹងត្រូវប្រជុំគ្នា ដើម្បីជ្រើសរើសសមាជិកទី៥ ធ្វើជាប្រធាន ដើម្បីបង្កើតគណៈកម្មការផ្សះផ្សាពេញលេញមួយ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងឱ្យប្រទេសទាំងពីរដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាធរមាន៕
អត្ថបទ៖ បូ ដូឡា