គម្រោង​លំនៅដ្ឋាន​សាធារណៈ

តើ​ត្រូវមាន​លក្ខខណ្ឌ​​អ្វី​ខ្លះ​ដើម្បី​ទិញ​ផ្ទះ​តម្លៃ​ថោក​ពី​គម្រោង​លំនៅដ្ឋាន​សាធារណៈ?


កន្លង​មក ខេមបូណូមីស បាន​ផ្សាយរួចហើយ​ពី​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន WorldBridge Land របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​នេះ​ជា​គម្រោង​លំនៅដ្ឋាន​ដែល​លក់​ឲ្យ​ទៅ​​មន្ត្រី​រាជ​ការ​និង​ពលរដ្ឋ​ដែល​មាន​ជីវភាព​មិន​សូវ​ធូរធារ ដែល​មិន​អាច​ទិញ​ផ្ទះ​តម្លៃ​ថ្លៃៗ​រស់នៅ​នឹង​គេ​បាន។
ផ្ទះ​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដែល​វិនិយោគ​ដោយ​ឧកញ៉ា សៀ ឫទ្ធី។
ដោយ

គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ផ្ដើម​​បើក​ការ​សាងសង់​ជា​ផ្លូវការ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ដើម​​ឆ្នាំ​២០១៧។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​ថោក​និង​មធ្យម​មួយ​នេះ ត្រូវ​បាន​ម្ចាស់​គម្រោង​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចប់​រួច​រាល់​ហើយ​នូវ​ការ​រចនា​ផ្ទះ​គំរូ​ដ៏​ស្រស់​ស្អាត ហើយ​ក៏​នឹង​ត្រៀម​ប្រកាស​​បើក​ជូន​សាធារណជន​ឲ្យ​ចូល​ទៅ​ទស្សនា​ឆាប់ៗ​នេះ​ផង​ដែរ។

នេះ​ជា​គម្រោង​ដែល​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​និង​ចាក់ដោត​ដល់​បេះដូង​ប្រជាពលរដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ពិសេស​បុគ្គលិក មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ដែល​មាន​ប្រាក់​ចំណូល​ទាប​​​និង​មធ្យម ដែល​ពួកគាត់​តែងតែ​សុបិន​ប្រាថ្នា​ចង់​បាន​ផ្ទះ​មួយ​ខ្នង រស់​នៅ​ដោយ​ពិត​ប្រាកដ ដែល​មាន​តម្លៃ​ថោក​សមរម្យ អស់​ជា​ច្រើន​ឆ្នាំ​​មក​ហើយ។

តើ​អ្នក​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បីអាច​ទិញ​ផ្ទះ​តម្លៃ​ថោក​ពី​គម្រោង​លំនៅដ្ឋាន​សាធារណៈ​នេះ​បាន?

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​សេវា​កម្ម​អចលនទ្រព្យ KFA ដែល​បាន​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​ WorldBridge Land ក្នុង​ការ​បម្រើ​សេវា​លក់​ផ្ទះ​តម្លៃ​សមរម្យ​នៃ​គម្រោង​លំនៅដ្ឋាន​​សាធារណៈ បាន​ផ្ដល់​បទ​​សម្ភាសន៍ ដល់​សារព័ត៌មាន​ ខេមបូណូមីស ដោយ​លម្អិត​អំពី​លក្ខខណ្ឌ​សម្រាប់​ការ​ទទួល​បាន​សិទ្ធិ​ទិញ​ផ្ទះ​តម្លៃ​ថោក​នេះ ដូច​ខាងក្រោម៖

ផ្ទះ​តម្លៃ​ថោក​នេះ គឺ​សម្រាប់​លក់​ទៅ​ឲ្យ​មន្ត្រី​រាជការ​ ជា​ជម្រើស​ទីមួយ បន្ទាប់​មក​ទៀត ទើប​លក់​ឲ្យ​ប្រជាជន​ធម្មតា ដែល​ពួកគាត់​មាន​ចំណូល​ទាប​​និង​មធ្យម ពោល​គឺ​ចំណូល​មិន​លើស​ពី ២លាន​រៀល​ក្នុង​មួយ​ខែ។ 

មួយ​វិញទៀត អាទិភាព​គឺ​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដែល​មាន​គ្រួសារ គឺ​មិន​លក់​ឲ្យ​អ្នក​នៅ​លីវ ហើយ​មួយ​គ្រួសារទិញ​បាន​តែ​មួយ​ខ្នង​ផ្ទះ​ទេ ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​គាត់​ទិញ​ទុក​ធ្វើ​អាជីវកម្ម​នោះ​ទេ។ 

លោក​ឧកញ៉ា នួន រិទ្ធី បន្ត​ថា ការ​លក់​ដូរ​ផ្ទះ​សម្រាប់​គម្រោង​លំនៅ​ដ្ឋាន​សាធារណៈ​នេះ គឺ​ធានា​រក្សា​នូវ​តម្លាភាព និង​សុចរិតភាព​ជូន​ចំពោះ​អតិថិជន ហើយ​មួយ​វិញទៀត គឺ​រក្សា​តម្លៃ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន ដោយ​មិន​មាន​ការ​ដំឡើង​ថ្លៃ នៅពេល​មាន​អតិថិជន​ទិញ​ច្រើនឡើយ។ 

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​សេវា​កម្ម​អចលនទ្រព្យ KFA ដែល​បាន​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​ WorldBridge Land ក្នុង​ការ​បម្រើ​សេវា​លក់​ផ្ទះ​តម្លៃ​សមរម្យ​នៃ​គម្រោង​លំនៅដ្ឋាន​​សាធារណៈ។

ទន្ទឹម​នឹង​នេះដែរ បើ​តាម​លោក​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន​សេវា​កម្ម​អចលនទ្រព្យ KFA ដដែល ក្រុមហ៊ុន WorldBridge Land ក៏​បាន​សុំ​ការអនុគ្រោះ​ពី​រាជរដ្ឋាភិបាល​​ដើម្បី​ជួយ​សម្រួល​ដល់​ការទិញ​ដូរ និង​កាត់​ប្លង់​ ​ជាដើម។ 

និយាយ​ពី​ដំណើរការ​វិញ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ដំណាក់កាល​ដំបូង​បង្អស់ ក្រុមហ៊ុន​នឹង​ពិនិត្យ​មើល​ថា​តើក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ទាំងនោះ ​អ្នក​ណា​ខ្លះ​ដែល​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់ ទើប​ទូរស័ព្ទ​ហៅ​ឲ្យ​ដាក់​ឯកសារ​​បន្ថែម ដូចជា អត្តសញ្ញាណ​គ្រួសារ​ សៀវភៅ​គ្រួសារ លិខិត​បញ្ជាក់​ប្រាក់​បៀវត្សរ៍ និង​ប័ណ្ណ​មន្ត្រី​រាជការ ជាដើម​ ។ល។ 

ចំណុច​ពិសេស​មួយ​ទៀត ដែល​លោក​ឧកញ៉ា នួន រិទ្ធី សូម​បញ្ជាក់​ផង​ដែរ គឺ​ថា រាល់​ការ​អញ្ជើញ​អតិថិជន​ដែលមាន​គុណវឌ្ឍ​មក​បំពេញ​ឯកសារ​បន្ថែម គឺ​ធ្វើ​ដោយ​តម្លាភាព ពោល​គឺ​ទៅតាម​លេខរៀង​នៃ​ការ​ចុះ​ឈ្មោះ ដោយ​មាន​ក្រុមហ៊ុន និង​ក្រសួង​អាណាព្យាបាល​នៃ​គម្រោង​នេះ គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ចូលរួម​ពិនិត្យ​ផ្ទាល់​ផងដែរ។

គួរ​រំឭក​ដែរថា គម្រោង​លំនៅដ្ឋាន​សាធារណៈ​​នេះ​ ​ក្នុង​ជំហាន​ទី១​ គ្រោង​នឹង​ត្រូវ​​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជា ៦០​លាន​ដុល្លារ​អាមេរិក ដោយ​ធ្វើការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​២៤​ហិកតា មាន​ចំនួន ២២៩៧​ផ្ទះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ៕

សូម​អានលម្អិត​បន្ថែម នូវ​អត្ថបទ​ដូច​ខាងក្រោម ដើម្បី​បាន​ព័ត៌មាន​លម្អិត​ពី​ផ្ទះគំរូ តម្លៃ អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​៖ 

ផ្ទះ​គំរូ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ធ្វើ​រួច​រាល់​ហើយ!

ដំណឹង​សម្រាប់​អ្នក​ចង់​​ទិញ​​«លំនៅដ្ឋាន​សាធារណៈតម្លៃ​សមរម្យ»​...!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីត​សមាជិក​សភា​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
តុលាការ​ក្រុង​ហាណូយ​បាន​ផ្ដន្ទាទោស​អតីត​សមាជិក​រដ្ឋសភា​មួយ​រូប ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត ពី​បទ​​ឆបោក​លុយ​កាក់​រាប់​លាន​ដុល្…

លុយ​​ចិន​ក្នុង​គម្រោង​ខ្សែ​ក្រវាត់​មួយ-​ផ្លូវ​មួយ បាន​ទៅ​ដល់​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ដែល​ជា​ផែន​ការ​​មេ​របស់​ប្រទេស​ចិន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ