ការរៀបចំឥណទានឡើងវិញ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ការរៀបចំឥណទានឡើងវិញកើនឡើង៧ដង ក្នុងខែមេសា


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា សន្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងយ៉ាងខ្លាំងកាលពីខែមេសា ដោយបានកើនឡើងប្រមាណពី ៦ទៅ៧ដងបើធៀបនឹងខែមីនា ហើយមកទល់នឹងពេលនេះទំហំទឹកប្រាក់កើនឡើងដល់ជិត ១.៥០០លានដុល្លារហើយ។ នៅក្នុងនោះដែរ គ្រាន់តែរយៈពេល១សប្តាហ៍នៃឧសភា អ្នកស្នើសុំឲ្យរៀបចំឥណទានឡើងវិញ មានប្រមាណ ៦.៥០០គណនី ហើយរំពឹងថា នឹងបន្តកើនឡើងទៀតនាពេលខាងមុខ។
រូបភាព (ហេង ភារម្យ)

លោក ផល វណ្ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ខេមបូណូមីសថា សមាជិករបស់​សមាគមមីក្រូហិរញ្ញកម្ពុជា កំពុងបន្តប្រឹងប្រែង ដើម្បីផ្តល់នូវការគាំទ្រក្នុងកម្រិតយល់យោគបំផុត ចំពោះអតិថិជន ដែលរងគ្រោះដោយជំងឺកូវីដ-១៩។ លោកបានបញ្ជាក់ថា ចំនួនពលរដ្ឋ ដែលស្នើរៀបចំ​ឥណទានឡើងវិញ​មានចំនួនកើនយ៉ាង​ខ្លាំងកាលពីខែមេសា ហើយលោករំពឹងថា នឹងបន្តឡើង​ថែមទៀត​នៅក្នុងខែឧសភានេះ។

លោក ផល វណ្ឌី បានបន្ថែមថា នៅក្នុងរយៈពេលជាង៤ខែ ដើមឆ្នាំ២០២១នេះ ចំនួន​ឥណទានដែលបាន​ស្នើសុំ​ឲ្យមានការរៀបចំ​ឥណទានឡើងវិញ មានប្រមាណជាង ៣០ម៉ឺនគណនី ដែលមានទំហំទឹកប្រាក់ប្រមាណជិត ១.៥០០​លានដុល្លារអាមេរិក ។

ជាមួយគ្នានេះដែរ ចំពោះការរៀបចំឥណទានឡើងវិញនេះដែរ ធនាគារអេស៊ីលីដា ដែលជាធនាគាឈានមុខគេមួយនៅកម្ពុជា ក៏បាននិងកំពុងស្វិតស្វាញ​ណាស់ដែរ នៅក្នុងអនុវត្តការងារនេះ ដោយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននា​យកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា សម្រាប់ធនាគារអេស៊ីលីដា​រហូតមកទល់​នឹងពេលនេះ មានការរៀបចំឥណទាន​ឡើងវិញ​ប្រមាណ ២.៨០០​គណនី​ ដែលមានទំហំ​ទឹកប្រាក់​ប្រមាណជា ៨៥លាន​ដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា កំណើន​នៃការរៀបចំ​ឥណទានឡើង​វិញនេះគឺ គ្រាន់តែរយៈពេល​៤ខែ ដំបូងឆ្នាំ២០២១ ជិតស្មើនឹងការរៀបចំឥណទានឡើងវិញ​ពេញមួយ​ឆ្នាំ២០២០​ទៅហើយ ។ 

គួរម្លឹកថា ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ជូន​ដំណឹង​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បន្ត​រៀបចំ​ឥណទាន​ឡើងវិញ​​ដល់​អតិថិជន​របស់ខ្លួ​ន​រហូតដល់​​ពាក់កណ្តាល​ឆ្នាំ​២០២១ ខាងមុខ​ ខណៈសមាគមមីក្រូហិរញ្ញវត្ថុ​អះអាងថា ការរៀបចំឥណទាន​ឡើងវិញនេះ អាចនឹងពន្យារ​ពេល​រហូតដល់ចុងឆ្នាំ២០២១​តែម្តង បើសិនជាមានតម្រូវបន្តទៀតពីអតិថិជន។

បើយោងតាមរបាយការណ៍ពី​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមចុងឆ្នាំ២០២០ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទាន សរុបជិត ៧ ​ពាន់​លាន​ដុល្លារ ​ស្មើ​នឹង​អតិថិជន​ជិត ២លានគ្រួសារ ខណៈ​ប្រាក់​បញ្ញើ​សរុប​​មាន​ចំនួន ៣.៥០០ ​លាន​ដុល្លារ ​ដោយ​មាន​អតិថិជន​​ដាក់​ប្រាក់​​បញ្ញើ​ចំនួន ២លាន៧សែន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីដេអូសិក្សាពីកម្មវិធី «Smart 1,000 Grade 12 Video Collection» បានបញ្ចូលទៅក្នុង E-learning App របស់ក្រសួងអប់រំ យុវជន និងកីឡា

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ - វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូ…

មៀនប៉ៃលិនកំពុងសង្ឃឹមខ្ពស់នឹងអាចនាំចេញទៅចិន ខណៈទិន្នផលមានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំ

ព័ត៌មាន
មៀនប៉ៃលិន ឬ តាង៉ែនត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា អាចនឹងក្លាយជាផ្លែឈើស្រស់ទី៣ របស់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ