
ប៉ុន្តែទន្ទឹមនេះ ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ឬរឹបអូសដោយសហរដ្ឋអាម៉េរិក និងបណ្ដាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក មានទំហំមហាសាលមិនក្រោម៣០០ពាន់លានដុល្លារនោះឡើយ ដែលជាការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានបញ្ឆេះសង្គ្រាមចូលឈ្លានពានអុយក្រែន។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលរុស្ស៊ី រឹបអូសទ្រព្យសកម្មពីបណ្ដាក្រុមហ៊ុនលោកខាងលិចបានរហូតដល់ទៅប្រមាណ៥០ពាន់លានដុល្លារ ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។ ការផ្លាស់ប្ដូរដ៏សំខាន់ឆ្ពោះទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯងនេះ កើតមានឡើង ក្រោយបណ្ដាក្រុមហ៊ុនលោកខាងលិចបានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយចាកចេញពីប្រទេសរុស្ស៊ី ដែលធ្វើឱ្យទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុនទាំងនោះត្រូវបានរឹបអូសដោយរដ្ឋាភិបាលរុស្ស៊ី។
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យមានការរឹបអូសទ្រព្យសកម្មរបស់លោកខាងលិច ហើយក្រុមហ៊ុនដែលរងផលរងគ្រោះមានដូចជាក្រុមហ៊ុន Uniper របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Carlsberg របស់ដាណឺម៉ាកជាដើម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី ក៏ត្រូវបានរឹបអូសទ្រព្យសកម្មរបស់ក្រុមហ៊ុនឯកជនរុស្ស៊ី មួយចំនួនផងដែរ ក្រោមហេតុផលដើម្បីតម្កល់ផលប្រយោជន៍ជាតិ ប្រឆាំងអំពើពុករលួយ ឬការគ្រប់គ្រងមិនបានល្អជាដើម។
ដោយឡែក សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកបានបង្កក ឬរឹបអូសទ្រព្យសកម្មរបស់រុស្ស៊ី ដែលរក្សាទុកនៅបរទេសភ្លាមៗក្នុងទំហំមហាសាលមិនក្រោម៣០០ពាន់លានដុល្លារនោះឡើយ នៅពេលដែលរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ទន្ទឹមនេះ យោងតាមការចុះផ្សាយរបស់គេទំព័រ BROOKINGS បានឱ្យដឹងថា ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយសហរដ្ឋអាម៉េរិក និងបណ្ដាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក មានទំហំមហាសាលចន្លោះពី៣០០ពាន់លានដុល្លារទៅ៣៣០ពាន់លានដុល្លារ៕
ដោយ: តែម សុខុម