និយ័តករមូលបត្រ

និយ័តករមូលបត្ររំពឹងការស្រូបទាញទុនពីទីផ្សារភាគហ៊ុនកើនលើស៧០០លានដុល្លារនៅដើមឆ្នាំ២០២៦


បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ក្នុងនោះ១១ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១៤ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលដោយក្រុមហ៊ុនទាំងនេះអាចកៀរគរទុនបានប្រមាណ៥៥០លានដុល្លារពីទីផ្សារគិតមកដល់ពេលនេះ។ ជាមួយគ្នានេះថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជារំពឹងថា ការស្រូបទាញទុនពីផ្សារភាគហ៊ុននឹងកើនឡើងលើស់៧០០លានដុល្លារនៅដើមឆ្នាំ២០២៦ ខាងមុខ ខណៈនៅថ្ងៃទី៨ ខែតុលា នេះធនាគារ អេស៊ីលីដា នឹងបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំចំនួន១០០លានដុល្លារបន្ថែមទៀត។
និយ័តករមូលបត្រ
ដោយ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជារំពឹងក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាប័ណ្ណ ឬមូលបត្របំណុលអាចកៀរគរទុនពីផ្សារមូលបត្រកម្ពុជាលើស៧០០លានដុល្លារនៅដើមឆ្នាំ២០២៦ ខណៈមកទល់ពេលនេះក្រុមហ៊ុនទាំងនេះអាចស្រូបទាញទុនបានប្រមាណ៥៥០លានដុល្លារអាម៉េរិក។ ការរំពឹងបែបនេះធ្វើឡើងក្រោយធនាគារ អេស៊ីលីដា នឹងចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល១០០លានដុល្លារអាម៉េរិកបន្ថែមទៀតនៅថ្ងៃទី៨ ខែតុលា នេះ។ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទសវត្សរ៍ចុងក្រោយ តែហាក់មានកំណើនយឺតបើធៀបនឹងប្រទេសនៅក្នុងតំបន់។

ពាក់ព័ន្ធបញ្ហាប្រឈមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យនិយ័តករមូលបត្រកម្ពុជា ត្រូវអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ហើយនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែលមានស្រាប់ ដោយត្រូវពង្រឹង ធ្វើទំនើបកម្ម និងអាចឈានទៅដល់ការកែទម្រង់ចាំបាច់នានា។

នាសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្ត, បរិយាបន្ន និងភាពធន់» នាថ្ងៃទី៧ ខែតុលា ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែលប្រមាណ២,៧៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។


អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងប្រកបអាជីវកម្មនៅភ្នំពេញនៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបាន

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមកត់សម្គាក់ឃើញថា ការរំលោភយកចិញ្ចើមផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញពីសំណាក់ប្រជាពលរដ្ឋ និងអាជីករម…

ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលបិទការនាំចូលសាច់បង្កកទាំងស្រុងពីប្រទេសថៃ

គេសង្កេតឃើញថា សាច់បង្កកត្រូវបានឈ្មួញនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃយកមកលក់ចែកចាយនៅលើទីផ្សារកម្ពុជាជាបន្តបន្ទាប់ ហើយក៏ត្រូវបានសមត្ថកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ