Advertisement
ការនាំ​ចេញ-​តំបន់​សេដ្ឋកិច្ច​ពិសេស

ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​នៅ​កម្ពុជា កើន​ឡើង​១២%​ក្នុង​ឆ្នាំ​២០១៧


ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ទាំង​១១ របស់​កម្ពុជា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ឆ្នាំ​២០១៧​នេះ មាន​ទឹក​ប្រាក់​ជិត ១ពាន់ ២០០​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​តែ ១​ពាន់ ៦១​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួង​ពាណិជ្ជកម្ម។
តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge Logistics បើក​ដំណើរការ​ជា​ផ្លូវការ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ទីផ្សារ​សំខាន់​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​នេះ បាន​ធ្វើការ​​នាំចេញ រួម​មាន អាមេរិក អឺរ៉ុប អាហ្វ្រិក និង​ប្រទេស​មួយ​ចំនួន​ទៀត ក្នុង​តំបន់​អាស៊ី។ ហើយ​កំណើន​នៃ​ការ​​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ចទាំង​នេះ​​ ត្រូវ​បាន​តំណាង​វិស័យឯកជន អះអាង​ថា ដោយសារ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ល្អ​ប្រសើរ​ជាង​មុន ដែល​សម្រួល​ដល់​ការ​ផលិត​និង​ការ​នាំ​ចេញ។

ជុំវិញ​ការ​នាំ​ចេញ​នេះ​ដែរ លោក​ឧកញ៉ា វ៉ាន់ ស៊ូ អៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ នៅ​កម្ពុជា បាន​បញ្ជាក់​ថា រោងចក្រ​ភាគ​ច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ការ​រៀបចំ​ជា​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ល្អ  រួមមាន ផ្លូវ ទឹក អគ្គិសនី គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​សង្វាក់​ផលិតកម្ម។

ផលិតផល​សំខាន់ៗ​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១ បាន​នាំ​ចេញ រួម​មាន កង់​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប ​២៧៤​​លាន​ដុល្លារ, សម្លៀក​បំពាក់​មាន​ទំហំ​ទឹក​ប្រាក់ ២៩៧​លាន​ដុល្លារ និង​ស្បែក​ជើង​​មាន​ទំហំ​ទឹក​ប្រាក់ ៥២​លាន​ដុល្លា​រ និង​ផលិតផល​សំខាន់ៗ​ផ្សេងៗ​ទៀត។

លោក​​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន WorldBridge Group និង​​​ជា​ម្ចាស់​​គម្រោង​​អភិវឌ្ឍន៍​​តំបន់​​សេដ្ឋកិច្ច​​ពិសេស Kerry WorldBridge មាន​​ប្រសាសន៍​​ថា ការ​​បង្កើត​​តំបន់​​សេដ្ឋកិច្ច​​ពិសេស គឺ​ចាំបាច់​​ណាស់ ដើម្បី​​ក្លាយ​​ខ្លួន​​ជា​​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់ សម្រាប់​ត​ភ្ជាប់​សេដ្ឋកិច្ច និង​​ពាណិជ្ជកម្ម​​កម្ពុជា​​ក្នុង​​ក្របខ័ណ្ឌ​​សហគមន៍​សេដ្ឋកិច្ច​​អាស៊ាន។​

លោក​​ឧកញ៉ា​បន្ថែម​​ថា ការ​​អភិវឌ្ឍ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស នឹង​​ជួយ​​ជំរុញ​​ការ​​ពង្រីក​​ការ​​ធ្វើ​​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​​កាន់​តែ​​មាន​ភាព​មមាញឹក និង​ទាក់​ទាញ​ខ្លាំង​បំផុត​​សម្រាប់​​ការ​​វិនិយោគ។

ពិសេស​ជាង​នេះ​ទៅ​ទៀត តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ទី​តាំង​វិនិយោគ​ដែល​​បង្កើត​​ឡើង​​សម្រាប់​​ទាក់​ទាញ​​វិ​និយោគ​​ផ្ទាល់​​​ពី​បរ​ទេស ដែល​​ជា​ទូ​ទៅ​ រដ្ឋា​ភិ​បាល​បាន​ផ្តល់​លក្ខខណ្ឌ​​លើក​​ទឹក​​ចិត្ត​ផ្សេងៗ​ ដូច​ជា ការ​អនុ​គ្រោះ​ពន្ធ ការ​បម្រើ​ជូន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ ការ​សម្រួល​បែប​បទនាំ​ចេញ នាំ​ចូល​ទំ​និញ ការ​សម្រួល​បែប​បទ​​រដ្ឋបាល​នា​នា និង​លក្ខខណ្ឌ​​ផ្សេងៗ​​ទៀត​​ជា​ច្រើន ​ដើម្បី​​ជំ​រុញ​​​​សកម្ម​ភាព​វិនិយោគ។

យោង​​តាម​​របាយការណ៍​​ពី​​គណៈកម្មការ​​វិនិយោគ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​កម្ពុជា នៃ​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា ស៊ី ឌី ស៊ី បង្ហាញ​​ឲ្យ​​ឃើញ​​ថា ចាប់​​តាំង​​ពី​​ឆ្នាំ​​២០០៥ រហូត​មក​ដល់​ឆ្នាំ​២០១៧​នេះ ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទំាង ៤៤​​តំបន់ មាន​តែ​តំបន់​​សេដ្ឋកិច្ច​ពិសេស ១៤ ប៉ុណ្ណោះ បាន​និង​កំពុង​ប្រតិបត្តិការ​​អភិវឌ្ឍ និង​​មាន​​សកម្មភាព​​អាជីវកម្ម​​របស់​​ខ្លួន​​សកម្ម​ផុសផុល ដែល​​​សរុប​​ជា​ទឹក​ប្រាក់​នៃ​ការ​បោះទុន​វិនិយោគ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​​ពិសេស​​ទំាង​១៤ នេះ មាន​ទឹក​ប្រាក់​ជាង ២​ពាន់​លាន​​ដុល្លារ​​អាមេរិក និង​បាន​បង្កើត​​ការងារ​​ដល់​​ប្រជាជន​​ចំនួន​​ជាង ៨​ម៉ឺន​នាក់៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


"បើ​ចង់​មាន​ការងារ​ល្អ ត្រូវ​ប្រឹងប្រែង​រៀន​ជំនាញ​៥​យ៉ាង!" តើ​ជា​ជំនាញ​អ្វីខ្លះ?

ព័ត៌មាន
ការងារល្អ​និង​ប្រាក់​ចំណូល​ខ្ពស់ គឺ​ជា​បំណង​ប្រាថ្នា​របស់​យុវជន​គ្រប់​គ្នា ប៉ុន្តែ សំណួរ​ដែល​តែង​ចោទ​ឡើង​នោះ តើ​យុវជន​មាន​សមត្ថភាព​...

រូបថតទាំង​នេះ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ទន្លេ​មេគង្គ ដែល​អ្នក​គួរតែទស្សនា!

ព័ត៌មាន
រាត្រី​កាល​ចូល​មក​ដល់ ថាមពលអគ្គិសនី​ចាប់​ផ្តើម​បំភ្លឺ​ភូមិ​នេសាទ​ដ៏​ល្បីល្បាញ​មួយ​កន្លែង ដែល​បណ្តែត​ខ្លួន​ក្នុង​ទីងងឹត លើ​ផ្លូវ​ទឹក គ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ