 
      ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ខេមបូណូមីសតាមតេឡក្រាមថា នៅក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ មានកប៉ាល់ប្រមាណជិត ៤០០គ្រឿងឯណោះ ដែលបានកកស្ទះនៅជិតតំបន់ព្រែកជីកស៊ុយអេនោះ ហើយថ្វីត្បិតតែកម្ពុជា មិនមានកប៉ាល់ដឹកជញ្ជូនទៅអឺរ៉ុបដោយផ្ទាល់មែន តែទំនិញដែលកម្ពុជាដាក់បន្តនៅកប៉ាល់នៅប្រទេសសិង្ហបុរី ហុងកុង និងថៃជាដើម ដើម្បីអាចដឹកបន្តទៅកាន់តំបន់អឺរ៉ុប គឺអាចនឹងត្រូវយឺតយ៉ាវ ឬពន្យារពេលជិតកន្លះខែទៀត ទើបទៅដល់តំបន់អឺរ៉ុប ខណៈដែលមានកប៉ាល់ខ្លះត្រូវលុបជើងចេញដំណើរ ដោយលើកទៅពេលក្រោយវិញក៏មាន។
បែបនេះក្តី ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា ការកកស្ទះទំនិញរបស់កម្ពុជា ដែលដឹកទៅអឺរ៉ុបនោះមានចំនួនមិនច្រើននោះទេ ដោយសារតែដើមឆ្នាំនេះ ការនាំចេញទៅអាមេរិកមានច្រើនជាងទៅអឺរ៉ុប។
ប៉ុន្ដែ បញ្ហាធំសម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជានាពេលនេះ មិនមែនរឿងកប៉ាល់ជាប់កឿងនៅព្រែកជីកនៃប្រទេសអេហ្ស៊ីបនោះទេ ផ្ទុយទៅវិញ វាទាក់ទងនឹងតម្លៃនៃការដឹកជញ្ជូនដែលកំពុងឡើងថ្លៃខ្លាំង ហើយមិនមានការថមថយទាល់តែសោះ បូករួមទាំងកង្វះខាតទូកុងទីន័រសម្រាប់ផ្ទុកទំនិញថែមទៀត បានធ្វើឲ្យវិស័យដឹកជញ្ជូន ជួបវិបត្តិកាន់តែខ្លាំងឡើងៗ។
សូមជម្រាបថា នាវាយក្សបានជាប់កឿងនៅព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីបនោះមានឈ្មោះថា Ever Given មានប្រវែងជាង ៤០០ម៉ែត្រ ជាប់គាំងអស់រយៈពេលជិតមួយសប្តាហ៍ ដោយសារព្យុះខ្សាច់មួយ ក្រោយមកក៏រលត់ម៉ាស៊ីន ហើយក៏ត្រូវមកកឿងទទឹងផ្លូវទឹកតែម្ដង។ ក្រោយពីជាប់កឿងរយៈពេល៦ថ្ងៃ កប៉ាល់យក្សមួយនេះ ត្រូវបានរំដោះចេញបានហើយ នៅថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              