
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន សង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡកបាក់ឌុបចប់ភាគច្រើនហាក់មិនមានអ្នកជួយណែនាំតម្រង់ទិសដល់ពួកគេនោះទេ ដូចជាសិស្សច្បង និងសាច់ញាតិជាដើម ដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការស្វែងរកសាកលវិទ្យាល័យឱ្យត្រូវជាមួយមុខជំនាញដែលពួកគេចង់សិក្សា ជាពិសេសអាចធ្វើឱ្យពួកគេរើសចំសាលាដែលមិនមានទំនួលខុសត្រូវ និងមិនមានគុណភាព។ ដើម្បីឱ្យសិស្សដែលទើបប្រលងបាក់ឌុបចប់អាចទទួលបានសាលា ដែលមានគុណភាព អ្នកជំនាញរូបនេះលើកទឹកចិត្តដល់សិស្សត្រូវគិតគូរស្វែងយល់ឱ្យបានល្អិតល្អន់ ជាពិសេសត្រូវពិចារណាជ្រើសរើសសាកលវិទ្យាល័យដែលកេរ្តិ៍ឈ្មោះល្អ ហើយជៀសវាងជ្រើសរើសលាលាដែលមិនមានចុះបញ្ជីត្រឹមត្រូវ និងសាលាដែលមិនមានសញ្ញាប័ត្របញ្ជាក់ការសិក្សាជាដើម។
មិនខុសគ្នានោះទេ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប បានលើកឡើងថា ដើម្បីអាចឱ្យសិស្សានុសិស្សដែលទើបប្រលបបាក់ឌុបចប់ ជ្រើសរើសគ្រឹះស្ថានសម្រាប់សិក្សាបន្តទទួលបានគុណភាពល្អ ដំបូងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើនពីប្រភពនៃសាលា មើលទៅលើការចុះបញ្ជីជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ មើលលើប្រវត្តិនៃការដឹកនាំរបស់ថ្នាក់នាយក និងប្រវត្តិប្រតិបត្តិការរបស់សាលា ជាពិសេសត្រូវសាកសួរពីសិស្សនិស្សិតដែលកំពុងសិក្សាផ្ទាល់នៅថ្នាក់សាកលវិទ្យាល័យ ដើម្បីឱ្យពួកគេផ្ដល់ជាយោបល់ជាដើម។
ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មុនជ្រើសរើសសាលាសម្រាប់សិក្សាបន្តសិស្សានុស្សិស្សត្រូវសិក្សាស្វែងយល់ពីសាលាឱ្យបានច្រើន និងតាមដានព័ត៌មានឱ្យច្រើនពាក់ព័ន្ធនឹងវិស័យអប់រំ ថាតើសាលាណាខ្លះដែលមានប្រវត្តិល្អ និងសាលាណាខ្លះមានរឿងអាស្រូវមិនល្អ ដើម្បីអាចដឹកនាំខ្លួនឯងទៅរកសាលាដែលត្រឹមត្រូវ និងច្បាស់លាស់។ អ្នកជំនាញរូបនេះលើកទឹកចិត្តដល់សិស្សនុសិស្សមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការជ្រើសរើសសាលារៀន ដើម្បីជៀសវាងរៀនចំសាលាមិនល្អ និងមិនទទួលបានចំណេះជំនាញមួយច្បាស់លាស់។
យ៉ាងណាមិញឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តដល់សិស្សទាំងអស់ដែលមិនទទួលបានលទ្ធផលល្អក្នុងការប្រលងបាក់ឌុប កុំឱ្យកើតមានអារម្មណ៍បាក់ទឹកចិត្ត ហើយត្រូវសិក្សាបន្ត តាមរយៈការជ្រើសរើសទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ ឬរៀនជំនាញនៅវិទ្យាស្ថានបណ្តុះបណ្ដាល ដើម្បីមានឱកាសស្វែងយល់ឱ្យបានច្រើនពីសង្គម ឆាប់ទទួលបានការងារធ្វើ និងមានឱកាសឡើងប្រាក់ខែខ្ពស់ ដោយមិនចាំបាច់ចំណាយពេលរៀនថ្នាក់វិទ្យាល័យមួយឆ្នាំទៀតនោះទេ៕
អត្ថបទ៖ ជា ម៉ារ៉ា