វិស័យអាកាសចរណ៍

ព្រលានយន្តហោះឆាងអ៊ីរបស់សិង្ហបុរី ជ្រុះបាត់តំណែងជាព្រលានល្អបំផុតនៅក្នុងពិភពលោក


លទ្ធផលនៃការបោះឆ្នោតរៀបចំឡើងដោយក្រុមហ៊ុនអង់គ្លេស Skytrax ដែលជាអ្នកវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានក្នុងពិភពលោកបានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិ ហាម៉ាត់ នៅទីក្រុងដូហា នៅប្រទេសកាតា បានដណ្ដើមតំណែងពីអាកាសយានដ្ឋានឆាងអ៊ីរបស់សិង្ហបុរី ដើម្បីក្លាយជាព្រលានយន្តហោះដ៏ល្អជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុន ស្កាយត្រេក (Skytrax) បានស្ទង់មតិអ្នកដំណើរតាមព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោកដោយចាប់ធ្វើពីខែសីហា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្ដល់ពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៤។ ការស្ទង់មតិនេះតម្រូវឱ្យអ្នកដំណើរវាយតម្លៃពីសេវាកម្មអាកាសយានដ្ឋានអន្តរជាតិនីមួយៗលើចំណុចសំខាន់ៗមួយចំនួនដូចជាបទពិសោធន៍នៃការត្រួតពិនិត្យអីវ៉ាន់ និងការផ្ទេរជើងហោះហើរ ការពិនិត្យឯកសារអន្តោប្រវេសន៍ ការដើរទិញអីវ៉ាន់ និងការចេញដំណើរជាដើម។

ក្រុមហ៊ុន ស្កាយត្រេក បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនេះ កាលពីពេលថ្មីៗថា អាកាសយានដ្ឋានអន្តរជាតិ ហាម៉ាត់ នៅទីក្រុងដូហារបស់ប្រទេសកាតា បានទម្លាក់ព្រលានយន្តហោះឆាងអ៊ីរបស់សិង្ហបុរី ដើម្បីក្លាយជាព្រលានយន្តហោះដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៤ នេះ។ នេះគឺជាលើកទីបីហើយដែលអាកាសយានដ្ឋានអន្តរជាតិ ហាម៉ាត់ បានជាប់ឈ្មោះជាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក បន្ទាប់ពីអាកាសយានដ្ឋាននេះបានឈ្នះជើងឯកពីរលើកជាប់ៗគ្នាក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។

ជាមួយនឹងការរចនាបែបទំនើបដ៏អស្ចារ្យ អាកាសយានដ្ឋានអន្តរជាតិហាម៉ាត់ មានលក្ខណៈពិសេសមួយចំនួនដូចជាមានសណ្ឋាគារដ៏ប្រណិតដោយមានបន្ទប់ស្នាក់នៅជាង១០០បន្ទប់ និងមានសួនច្បារត្រូពិច និងផ្សារទំនើបផងដែរ។

អាកាសយានដ្ឋានអន្តរជាតិឆាងអ៊ី ដែលមានភាពល្បីល្បាញចំពោះទឹកធ្លាក់ខ្ពស់ជាងគេនៅក្នុងពិភពលោកនៅក្នុងព្រលានយន្តហោះនេះធ្លាប់បានជាប់ឈ្មោះជាព្រលានយន្តហោះល្អបំផុតរបស់ពិភពលោកចំនួន១២លើក ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ និងជាប់ម្តងទៀតនៅឆ្នាំ២០២៣។

លទ្ធផលនៃការស្ទង់មតិនេះ ក៏បានបង្ហាញដែរថា សម្រាប់ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិអ៊ីនឈាន់របស់កូរ៉េខាងត្បូង បានឡើងចំណាត់ថ្នាក់លេខ៣ ខណៈលេខ៤ បានទៅលើអាកាសយានដ្ឋានហាណេដា របស់ជប៉ុន និងលេខ៥ បានទៅលើអាកាសយានដ្ឋានអន្តរជាតិ ណារីតា របស់ជប៉ុនផងដែរ​។ ចំណែកអាកាសយានដ្ឋានណូយបៃ (Noi Bai) និងដាណាងរបស់ប្រទេសវៀតណាម បានស្ថិតនៅក្នុងលំដាប់អាកាសយានដ្ឋានកំពូលទាំង១០០នៅក្នុងពិភពលោក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើធនាគារចិន ដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មដោយកាត់ផ្តាច់ធនាគារចិនមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយក្រុមមន្ត្រីមហាអំណាចមួយនេះរំ…

មោទកភាពក្នុងនាមជាសហគ្រិនខ្មែរ ដែលបានផលិត និងនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់

ព័ត៌មាន
ជាជោគជ័យ មួយជំហានមួយទៀតហើយ របស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក្នុងការនាំយក ម៉ាកយីហោផលិតផលរបស់ខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ