ធនាគារសម្រាប់ SME?

អ្នកជំនាញ៖ រដ្ឋ​គួរ​កែលម្អ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ប្រើ​សម្រាប់ SME ជា​ជាង​ចាយ​ទុន​១០០​លាន​ដុល្លារ​បង្កើត​ធនាគារ​ថ្មី


ធនាគារថ្មី​មួយ​ដោយ​គ្រោង​បោះទុន ១០០​លាន​ដុល្លារ​​សម្រាប់​​ទ្រទ្រង់​ដល់​វិស័យ SME នៅ​កម្ពុជា ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នឹង​បង្កើត​ឡើង​ឲ្យ​ខាង​តែ​បាន ខណៈ​ដែល​បច្ចុប្បន្ន កម្ពុជា​ក៏​មាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​មួយ​រួច​ហើយ ដែល​ជា​របស់​រដ្ឋ​សម្រាប់​ទ្រទ្រង់​ដល់​វិស័យ​កសិកម្ម​កម្ពុជា។
ធនាគារ អភិវឌ្ឍន៍​ជនបទ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ។ ថ្មីៗ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​ប្រកាស​ពី​ផែនការ​បង្កើត​ធនាគារ​ថ្មី​មួយ​ទៀត សម្រាប់​ជួយ​ដល់ SME។
ដោយ

ជុំវិញការប្រកាសនេះ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលគួរតែកែលម្អ ប្រព័ន្ធប្រតិបត្តិការសម្រាប់អនុវត្តជួយវិស័យ SME តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដែលមានស្រាប់ជំនួសវិញ ដោយមិនចាំបាច់បង្កើតធនាគារថ្មីនោះទេ។

ធនាគារថ្មី ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនេះ ជាមួយនឹងការចំណាយថវិការហូតដល់១០០លានដុល្លារនេះ នឹងត្រូវបើកដំណើរការ ផ្ដល់ឥណទានការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋផងដែរជាច្រើនម៉ឺននាក់ផងដែរ។ 

ដ្បិត​តែ ធនាគារសម្រាប់ទ្រទ្រង់ដល់វិស័យ SME នេះ នៅមិនទាន់មានការសម្រេចជាផ្លូវការថា នឹងត្រូវបង្កើតឡើងពេលណានៅឡើយក៏ដោយក្ដី ប៉ុន្ដែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នឹងជំរុញឲ្យធនាគារនេះចេញជាផ្លែផ្កាឲ្យខាងតែបាន។ 

ជុំវិញការបង្កើតឡើងធនាគារសម្រាប់ជួយដល់វិស័យ SME នេះដែរ លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានលើកឡើងថា ការបង្កើតឲ្យមានជាធនាគាររដ្ឋសម្រាប់ការផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម គឺជារឿងមួយដ៏ប្រសើរបំផុត ខណៈដែលសហគ្រាសធុនតូច និងមធ្យមភាគច្រើន បាននិងកំពុងប្រឈមមុខនឹងការលំបាកក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីធ្វើការចាប់ផ្ដើម និងពង្រីកអាជីវកម្មរបស់ខ្លួន។ 

យ៉ាង​ណា​ក៏​ដោយ លោក​ថា រាជ​រដ្ឋាភិបាល​គួរតែ​គិតគូរ​កែលំអ​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​មាន​ស្រាប់ ដើម្បី​ផ្ដល់​ឥណទាន​ដល់ SME វិញ ដោយ​មិន​ចាំបាច់​បង្កើត​ធនាគារ​ថ្មី ដែល​ត្រូវ​ចំណាយ​ទុន និង​ពេល​វេលា​ច្រើ​ននោះ​ទេ។ ម្យ៉ាង​ទៀត ការ​បង្កើត​ធនាគារ​ថ្មី​នេះ ក៏​មិន​ប្រាកដ​ថា អាច​នឹង​ល្អ​ដូច​នឹង​ការកែ​លំអ​នូវ​អ្វី​ដែល​យើង​មាន​ស្រាប់​នោះ​ដែរ។ 

លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលអាចផ្ដល់នូវ​លក្ខខណ្ឌ​ងាយស្រួល​សម្រាប់ SME ទទួលបានកម្ចី ជាមួយនឹងការចំណាយ​ថ្លៃដើម​តិច និង​ការ​ប្រាក់ទាប នោះ​វា​​នឹង​ជួយ​ច្រើន​ដល់​វិស័យ SME ក្នុង​ការ​ពង្រីក​សមត្ថភាព​លើ​ទីផ្សារ។

ឧកញ៉ា កែវ មុំ  ជាអគ្គនាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លីលី និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ដ្រីកម្ពុជា ធ្លាប់បានលើកឡើងដែរថា សមត្ថភាពទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ឯកជន នៅតែ​កត្តាចោទ​ក្នុង​ការពង្រីក​សមត្ថភាព និងការលូតលាស់​របស់​វិស័យ SME ដោយសារ​តែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ ទាមទារ​ឲ្យលក្ខខណ្ឌច្រើន មុន​នឹង​ទទួល​បាន​ឥណទាន ដូចជា​តម្រូវ​ឲ្យមាន​អចលនទ្រព្យ​បញ្ចាំ និង​មាន​ការ​ប្រាក់​ខ្ពស់​ជាដើម។

ដូច្នេះ ប្រសិន​បើ​មាន​ធនាគារ​រដ្ឋ​ដែល​ផ្ដល់​ឥណទាន សម្រាប់ SME នោះ​វា​នឹង​ជួយ​ដល់​វិស័យ​នេះ កាន់តែ​ល្អ​ប្រសើរ​ឡើង។ សូម​ជម្រាប​ថា តាម​ប្រសាសន៍​របស់លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ថា សហគ្រាស​ធុនតូច និងមធ្យម នៅ​កម្ពុជា មាន​ប្រមាណ​៥៣​ម៉ឺន​សហគ្រាស​ហើយ ខណៈ​ដែល​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​មាន​ប្រមាណជិត ៤​ម៉ឺន​សហគ្រាស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


DJ NaNa និង Catherine ជា​ស្រ្តី​​លេច​ធ្លោ​និង​មាន​ឥទ្ធិពល​នៅ​លើ​​ហ្វេសប៊ុក

ព័ត៌មាន
កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ទេពកោសល្យ​ក្នុ…

កំណត់ត្រា​ថ្មី​ឆ្នាំ​២០១៧! ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​កម្ពុជា កើន​ឡើង​ដល់​៨​លាន​នាក់

ព័ត៌មាន
គិត​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ដែល​បាន​ឆ្លង​កាត់​អាកាសដ្ឋាន​ទាំង​បី​របស់​កម្ពុជា គឺ​អាកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ