លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ផែនការកាត់បន្ថយការនាំចេញស្ករសរបស់ប្រទេសឥណ្ឌាទៅកាន់ទីផ្សារពិភពលោកនាពេលខាងមុខ អាចពាក់ព័ន្ធនឹងការរក្សាសន្តិសុខស្បៀង និងទប់អតិផរណា ខណៈបាតុភូត អែលនីណូ នឹងអាចធ្វើឱ្យទិន្នផលកសិកម្មមានការធ្លាក់ចុះ។ អ្នកជំនាញរូបនេះជឿជាក់ថា ផលប៉ះពាល់ពីបាតុភូត អែលនីណូ នឹងធ្វើឱ្យតម្លៃស្ករសពិភពលោកមានការឡើងថ្លៃនាពេលខាងមុខ។
បើតាមលោកបណ្ឌិត ជ័យ តិច មកទល់ពេលនេះ ផលិតកម្មស្ករសរបស់កម្ពុជានៅពុំទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃបាននៅឡើយទេ ដោយកម្ពុជាបាននាំចូលស្ករសពីបណ្ដាប្រទេសនានាយ៉ាងច្រើនក្នុង១ឆ្នាំៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើដល់រដ្ឋាភិបាលឱ្យមានការគិតគូរក្នុងការពិពិធកម្មក្នុងការនាំចូលស្ករសមកស្តុកទុក និងបង្កើនការផលិតក្នុងស្រុក ដើម្បីត្រៀមទប់ទល់នឹងសម្ពាធពីអន្តរជាតិ។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កម្ពុជា គួរតែគិតគូរក្នុងការបង្កើនផលិតកម្មស្ករសឡើងវិញ ខណៈបរិមាណផលិតក្នុងស្រុកពុំទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយទេ។ បើតាមអ្នកជំនាញរូបនេះ ធុរជនកម្ពុជា គួរយកឱកាសនេះបង្កើនផលិតកម្មស្ករសក្នុងស្រុក ព្រោះវាមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលនោះទេ ថែមទាំងជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅផងដែរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើដល់រដ្ឋាភិបាលឱ្យរៀបចំគោលនយោបាយពិសេសណាមួយដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគក្នុងវិស័យនេះ។
សូមបញ្ជាក់ថា កម្ពុជា មានរោងចក្រស្ករសនៅក្នុងខេត្តកំពង់ស្ពឺ, កោះកុង, ក្រចេះ និងខេត្តព្រះវិហារ តែរោងចក្រខ្លះបានផ្អាកសកម្មភាព ហើយមានរោងចក្រខ្លះបានដំណើរការតែពេលរដូវប្រមូលផលអំពៅប៉ុណ្ណោះ ដោយសារឧស្សាហកម្មស្ករនៅកម្ពុជាបានជួបនូវបញ្ហាកង្វះអំពៅ និងការប្រកួតប្រជែងជាមួយស្ករនាំចូល។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានចំណាយថវិការអស់ប្រមាណជាង៤៦លានដុល្លារលើការនាំចូលស្ករសមានការកើនឡើងប្រមាណ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ បូ ដូឡា