បំណែកសាច់បង្កក

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ?


អ្នកជំនាញក្នុងវិស័យកសិកម្មរំពឹងការចូលជាធរមាននៃការហាមឃាត់ ការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងបណ្តោះអាសន្នចាប់ពីដើមសប្តាហ៍នេះ នឹងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វ ក៏ដូចជាតម្លៃសត្វរស់នៅកម្ពុជា មានភាពល្អប្រសើរមួយកម្រិតឡើងវិញ ក្រោយធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយមកនេះ។ តែយ៉ាងណាអ្នកជំនាញហាក់បារម្ភពីការលួចនាំចូលខុសច្បាប់ និងបានជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យវិធានការហាមឃាត់នេះទទួលបាននូវប្រសិទ្ធភាពខ្ពស់។
បំណែកសាច់បង្កក
ដោយ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកជំនួញកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានចាត់ទុកវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កករបស់រាជរដ្ឋាភិបាល គឺជាការគិតគូរដ៏សំខាន់ដល់កសិករជាអ្នកចិញ្ចឹមសត្វនៅកម្ពុជា។

មហាសេដ្ឋីកសិកម្មរូបនេះរំពឹងថា តាមរយៈវិធានការផ្អាកការនាំចូលជាបណ្ដោះអាសន្នបំណែកសាច់បង្កក និងគ្រឿងក្នុងសត្វរយៈពេល៦ខែ ដែលចាប់ពីថ្ងៃទី១២ ខែមីនា នេះ វានឹងជួយធ្វើឱ្យតម្លៃសត្វក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ យ៉ាងណាក៏ដោយ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ហាក់នៅមានការព្រួយបារម្ភពីការលួចនាំចូលសាច់បង្កកខុសច្បាប់ក្រោមរូបភាពផ្សេងៗ និងស្នើឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តន៍ការហាមឃាត់ឱ្យបានតឹងរ៉ឹងបំផុត។

​ពាក់ព័ន្ធបញ្ហានេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជឿជាក់ថា វិធានការហាមឃាត់ការនាំចូលនេះសាច់បង្កកជាប្រភេទគ្រឿងក្នុងដែលចាប់អនុវត្តពីដើមសប្តាហ៍នេះ នឹងក្លាយជាផ្នែកមួយជួយដល់កសិករចិញ្ចឹមសត្វអាចឱ្យទទួលបានផលចំណេញខ្លះមកវិញនាពេលខាងមុខ។

ទន្ទឹមនឹងបង្ហាញក្តីរំពឹងចំពោះវិធានការនេះ អ្នកជំនាញរូបនេះ ក៏បានបង្ហាញក្តីបារម្ភផងដែរ ចំពោះការលួចនាំចូលសាច់បង្កក និងគ្រឿងក្នុងបង្កកខុសច្បាប់ចូលមកទីផ្សារកម្ពុជា ដែលតែងតែកើតមានជារឿយៗនៅមួយរយៈចុងក្រោយនេះ។

ជាមួយគ្នានេះ លោក ស្នើអ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចូលរួមអនុវត្តន៍ឱ្យបានតឹងរ៉ឺងចំពោះវិធានការនេះ ដើម្បីរួមចំណែកជួយលើកកម្ពស់សុខភាពសាធារណៈ និងជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ បើតាមលោក ស្រ៊ុន ពៅ ការនាំចូលសាច់បង្កកតាមច្រកតែមួយ គឺជាវិធានការល្អបំផុតសម្រាប់ការត្រួតពិនិត្យលើគុណភាពឱ្យស្របតាមស្តង់ដា និងសុវត្ថិភាពចំណីអាហារ។

​ជាមួយគ្នានេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ដើម្បីចូលរួមអនុវត្តន៍តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចផ្អាកនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងជាបណ្តោះអាសន្នរយៈពេល៦ខែ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាពឃ្លាំពិនិត្យតាមបណ្តាឃ្លាំងស្តុក និងការចរាចរផលិតផលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនាំចូលឱ្យបានម៉ឺងម៉ាត់បំផុត ដោយរួមទាំងកិច្ចសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បានប្រកាសអន្តរក្រសួង បិទការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

វិធានការហាមឃាត់នេះ បានកើតឡើងក្រោយពេលទីផ្សារសាច់សត្វរស់របស់កសិករក្នុងស្រុក កំពុងប្រឈមបញ្ហាតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនបានបោះបង់ចោលការការចិញ្ចឹម ហើយនៅតាមកសិដ្ឋានមួយចំនួនទៀត ក៏ចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមសត្វដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយសម្តេចអះអាងថា ការធ្វើឌ…

តើអ្នកជំនាញយល់ឃើញបែបណាជុំវិញការចងក្រងជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម?

ព័ត៌មាន
ការចងក្រងជាសហគមន៍កសិកម្មទំនើប គឺជាគម្រោងមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកជួយបង្កើនប្រាក់ចំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ