កីឡាស៊ីហ្គេម

សម្ដេច ហ៊ុន សែន៖ ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនអាចជួយឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ


បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធានារ៉ាប់រងថ្លៃចំណាយរបស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ស្រាប់តែមានមតិរិះគន់ជាបន្តបន្ទាប់ពីសាធារណៈជនមួយចំនួននៅក្រៅប្រទេសថា កម្ពុជាមិនចេះឆ្លៀតឱកាសសម្រាប់ទទួលយកនូវផលចំណេញពីការធ្វើជាម្ចាស់ផ្ទះ។ ឆ្លើយតបទៅនឹងការរិះគន់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការមិនយកលុយពីប្រតិភូកីឡាមកពីប្រទេសផ្សេងៗនេះ គឺកម្ពុជាចង់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។
សម្ដេច ហ៊ុន សែន៖ ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនអាចជួយឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ
ដោយ

សម្តេចតេជោសង្កត់ធ្ងន់ថា ការយកលុយពីគណៈប្រកួតស៊ីហ្គេម ក៏មិនអាចជួយធ្វើឲ្យកម្ពុជាក្លាយជាអ្នកមាននោះដែរ។

នាពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់នៃវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ពីជំហរជាថ្មីរបស់កម្ពុជា ចំពោះការមិនយកថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡា ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ សម្ដេចតេជោកត់សម្គាល់ឃើញថា ក្រោយសម្ដេចប្រកាសមិនយកថ្លៃចំណាយពីគណៈប្រតិភូកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម មានមតិរិះគន់ និងសើចចំអកពីអ្នករស់នៅក្រៅប្រទេសមួយចំនួនមកលើប្រទេសកម្ពុជា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការយកថ្លៃចំណាយពីគណៈប្រតិភូកីឡាមកពីប្រទេសផ្សេងៗ ដែលមកចូលរួមស៊ីហ្គេមនៅកម្ពុជា គឺមិនអាចធ្វើឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ។

បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ គោលបំណងនៃការមិនយកថ្លៃចំណាយពីប្រតិភូកីឡាមកពីប្រទេសនានានេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយឲ្យពិភពលោកឲ្យស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត។ សម្ដេច ហ៊ុន សែន មានគំនិតសុទិដ្ឋិនិយមថា ប្រទេសក្នុងតំបន់អាស៊ាននឹងផ្តល់ការតបស្នងតាមរយៈលើកលែងការយកថ្លៃចំណាយរបស់ប្រតិភូកីឡាកម្ពុជា ដូចអ្វីដែលកម្ពុជាបានធ្វើដាក់ពួកគេ ពេលពួកគេធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅពេលក្រោយ។

បើតាមសម្ដេច ហ៊ុន សែន ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ និងជួយសម្រួលដល់ការថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ រដ្ឋបានចំណាយថវិកាបន្ថែម៧លានដុល្លារ។ ខណៈកន្លងមក កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថវិកាបន្ថែម ៧លានដុល្លារនេះ ដើម្បីទ្រទ្រង់ការចំណាយរបស់កីឡាករ កីឡាការិនីបរទេស ដែលជាទូទៅពួកគេត្រូវចំណាយ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃ ក៏ប៉ុន្តែសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះមិនតម្រូវឲ្យអ្នកចូលរួមបង់ថ្លៃនោះទេ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះនៅសល់តែ ១០ថ្ងៃ ទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ពោលចាប់ផ្តើមពី ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ខណៈអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពី ថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


កម្ពុជានឹងមានសេវាដឹកជញ្ជូនសាធារណៈនៅតាមខេត្ត ក្រោយក្រុមហ៊ុនកូរ៉េមួយផ្តល់រថយន្តក្រុង១ពាន់គ្រឿង

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រធានក្រុមហ៊ុនកូរ៉េធំមួយ គឺក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រកាសផ្តល់រថយន្តក្រ…

ក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យចិញ្ចឹមគោពូជ ស្របពេល i7 ចាប់ដៃជាមួយ CCEC ពង្រីកការបង្កាត់គោពូជ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឲ្យពលរដ្ឋងាកមកចិញ្ចឹមគោពូជ ដ្បិតវាហុចផលឲ្យល្អនឹងមានទីផ្សារខ្ពស់។ ការជំរុញបែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ