សមាជិកសភាថៃ ដាស់តឿនលោក អានុទីន

សមាជិកសភាថៃ ដាស់តឿនលោក អានុទីន ឱ្យផ្តោតលើការដោះស្រាយទុក្ខវេទនារបស់ពលរដ្ឋ ជាជាងឆ្លើយតប ឌឺដងឥតប្រយោជន៍


លោក វ៉ារ៉ុង ដេតចៈគិតវិក្រុម (Warong Dechgitvigrom) សមាជិកសភា និងជាប្រធានគណបក្សថៃ ផាក់ឌី បានចេញមុខដាស់តឿនរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល ឱ្យឈប់ចំណាយពេលឥតប្រយោជន៍លើការឆ្លើយឆ្លង ឌឺដង និងសងសឹកពាក្យសម្តីជាមួយក្រុមប្រឆាំង ហើយត្រូវប្រញាប់ងាកមកដោះស្រាយវិបត្តិសេដ្ឋកិច្ច និងឆ្នាំងបាយរបស់ប្រជាពលរដ្ឋជាអាទិភាព។ លោកបានសង្កត់ធ្ងន់ថា ពេលវេលារបស់នាយករដ្ឋមន្ត្រី មានតម្លៃណាស់មិនមែនទុកសម្រាប់ជជែកដេញដោលយកចាញ់ឈ្នះលើសមរភូមិពាក្យសម្តីនោះឡើយ។
សមាជិកសភាថៃ ដាស់តឿនលោក អានុទីន
ដោយ

កាសែត ថៃរ៉ាត់ បានចុះផ្សាយដោយដកស្រង់សម្តីរិះគន់ចំៗរបស់លោក វ៉ារ៉ុង ដេតចៈគិតវិក្រុម សមាជិកសភាថៃ ជុំវិញទិដ្ឋភាពនយោបាយថៃនាពេលបច្ចុប្បន្ន ដោយលោកបានលាតត្រដាងថា នៅមួយរយៈចុងក្រោយនេះទាំងនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលថៃហាក់កំពុងមមាញឹកជាមួយការឆ្លើយតបឌឺដង ផ្លែផ្កា និងវាយប្រហារគ្នាតាមទំព័រកាសែតជាមួយគណបក្សប្រឆាំងរហូតភ្លេចបេសកកម្មស្នូល គឺការដោះស្រាយទុក្ខវេទនារបស់រាស្ត្រ ដែលកំពុងរងគ្រោះដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច។ លោកបានក្រើនរំលឹកថា តួនាទីដើមរបស់គណបក្សប្រឆាំង គឺការតាមដាន រិះគន់ និងជែកដេញដោល ហើយរដ្ឋាភិបាលមិនចាំបាច់ត្រូវរាំតាមចង្វាក់ ឬប្រតិកម្មតបតការរិះគន់គ្រប់រឿងនោះទេ។ ការឈ្លោះប្រកែកគ្នាតាមបែបនយោបាយនេះ មិនបានជួយឱ្យអតិផរណាធ្លាក់ចុះ ឬធ្វើឱ្យប្រជាជនមានបាយហូបនោះឡើយ។
ប្រធានគណបក្ស ថៃផាក់ឌី រូបនេះ បានទាមទារឱ្យលោក អានុទីន បង្ហាញភាពជាអ្នកដឹកនាំប្រកបដោយប្រជាភិថុតិពិតប្រាកដ ដោយទាញយកថាមពល និងពេលវេលាដ៏មានតម្លៃរបស់នាយករដ្ឋមន្ត្រី មកជំរុញគោលនយោបាយសេដ្ឋកិច្ចជាក់ស្តែងវិញ។ លោកលើកឡើងក្នុងន័យផ្លែផ្កាថា បច្ចុប្បន្នមានប្រជាពលរដ្ឋងាយរងគ្រោះ និងមានប្រាក់ចំណូលទាបជាង៥លាននាក់កំពុងរង់ចាំកញ្ចប់ជំនួយពីរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលបែរជាចំណាយពេលទៅឈ្លោះប្រកែករឿងនយោបាយទៅវិញ។
ទន្ទឹមនឹងនេះ លោក បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់លោក អានុទីន និងរដ្ឋាភិបាលថៃថា ចៅក្រមដែលកាត់ក្តីលើជោគវាសនារបស់រដ្ឋាភិបាលមិនមែនជាអ្នកនយោបាយប្រឆាំងឡើយ គឺប្រជាពលរដ្ឋទូទៅហ្នឹងឯង។ ប្រសិនបើក្រពះរបស់ពួកគេនៅតែទទេស្អាត ហើយទុក្ខលំបាកនៅតែត្រូវគេមើលរំលង នោះម្ចាស់ឆ្នោតនឹងក្លាយជាអ្នកផ្ដន្ទាទោស និងទម្លាក់រដ្ឋាភិបាលចេញពីអំណាចដោយផ្ទាល់ដៃជាក់ជាមិនខាន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកជំនាញក្រើនរំលឹកសិស្សប្រឡងបាក់ឌុបឆ្នាំនេះឱ្យប្រុងប្រយ័ត្នមុនជ្រើសរើសមុខជំនាញ និងស្ថាប័នសិក្សា ដើម្បីចៀសវាងខាតថវិកា និងពេលវេលា

ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សត្រូវបានអ្នកជំនាញក្នុងវិស័យអប់រំ និងអ្នកតាមដានសង្គមក្រើនរំលឹកឱ្យត្រៀមខ្លួនឱ្យបានហ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ