ប្រទេសថៃ

ប្រទេសថៃមានមហិច្ឆតានឹងបញ្ចប់ការចរចា FTA ជាមួយនឹងដៃគូចំនួន៣ នៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយ


ប្រទេសថៃ បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការឈានទៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូចំនួន ៣នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ តើដៃគូទាំង៣នោះជានរណាខ្លះ? ដៃគូពាណិជ្ជកម្មសំខាន់ៗទាំងនោះ រួមមាន សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Efta) ប្រទេសស្រីលង្ការ និងអេមីរ៉ាតអារ៉ាប់រួម។ តើដៃគូទាំងបីនេះ មានការរួមចំណែកសំខាន់ៗអ្វីខ្លះសម្រាប់ពាណិជ្ជកម្មរបស់ថៃ?
ប្រទេសថៃមានមហិច្ឆតានឹងបញ្ចប់ការចរចា FTA ជាមួយនឹងដៃគូចំនួន៣ នៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយ

យើងផ្ដើមនិយាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងស្រីលង្កាជាមុនសិន។ កិច្ចព្រមព្រៀងដែលកំពុងដំណើរការចរចានេះ ត្រូវបានលោកស្រី អូរ៉ាម៉ុន ស៊ុបថាវីថុម (Auramon Supthaweethum) អគ្គនាយិកា នៃនាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា គឺមានការហុចផលប្រយោជន៍ជាពិសេសក្នុងក្របខណ្ឌទីតាំងសម្រាប់ប្រទេសថៃ ដ្បិតថា ស្រីលង្កា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង ដែលមានទំនាក់ទំនងជាមួយនឹងឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ហើយប្រទេសនេះ ក៏មានកំណើនសេដ្ឋកិច្ចលូតលាស់ល្អផងដែរ។

ដោយឡែក សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបវិញ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសថៃ ក្នុងក្របខណ្ឌការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលសមាគមនេះ គឺរួមមានបញ្ចូលប្រទេសដូចជា អៀងឡង់ លីចតេនស្ទីន ន័រវេស និងប្រទេសស្វីសជាដើម។ ប្រទេសថៃ បានព្រមព្រៀងបើកកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបតាំងពីខែមិថុនាឆ្នាំ២០២២មកម្ល៉េះ។

នៅក្នុងឆ្នាំ២០២២ សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ១៤របស់ប្រទេសថៃ ហើយគិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាមធ្យម គឺមានប្រមាណជិត១០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

គួររំឭកបន្ដិចថា ក្រៅតែមានបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបហើយនោះ ប្រទេសថៃកាលពីខែមីនាឆ្នាំនេះ ក៏ទើបតែបានប្រកាសបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបឡើងវិញផងដែរ ក្រោយពីបានផ្អាកជិតឆ្នាំ១០ឆ្នាំមកនេះ។ បើតាមមន្ត្រីជាន់ខ្ពស់របស់ថៃ ការចរចាលើកិច្ចព្រមព្រៀងនេះ នឹងអាចចាប់ផ្ដើមជុំដំបូងនៅក្នុងខែកញ្ញាខាងមុខ នៅក្នុងទីក្រុងព្រុចសែល។

រីឯ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងអេមីរ៉ាតអារាប់រួមវិញ ត្រូវបានអ្នកស្រី អូរ៉ាម៉ុន អគ្គនានាយិកា នៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ អះអាងថា គឺជាកិច្ចព្រមព្រៀងលើកដំបូងមួយ ដែលប្រទេសថៃនឹងមានធ្វើជាមួយនឹងតំបន់មជ្ឈិមបូព៌ា។ ប្រទេសថៃ និងអេមីរ៉ាតអារ៉ាប់រួម នឹងបើការចរចាលើកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានគោលបំណងនឹងបញ្ចប់កិច្ចចរចាឲ្យបាននៅត្រឹមរយៈពេល៦ខែ។

អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦របស់ថៃ និងជាដៃគូពាណិជ្ជកម្មកំពូលមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសពីរនេះសម្រេចបានដល់ជិត២១ពាន់លានដុល្លារ កើនឡើងប្រហែល៧៤% ធៀបនឹងឆ្នាំ២០២១។ ប៉ុន្ដែ ថៃមានឱនភាពពាណិជ្ជកម្មជាមួយអេមីរ៉ាតអារ៉ាប់រួមដល់ទៅប្រមាណ ១៤ពាន់លានដុល្លារឯណោះ៕




អត្ថបទបន្ទាប់


ចំនួនភ្ញៀវទេសជនជាតិចិនមកកម្សាន្តនៅខេត្តព្រះសីហនុធ្លាក់ចុះ៧០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
តាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅត្រីមាសទី១ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបរទេសសរុបជាង៩ម៉ឺន៣ពាន…

ចិនចំណាយជិត២ពាន់លានដុល្លារកាលពីឆ្នាំមុន ជួយដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក ដើម្បីទប់ទល់នឹងទណ្ឌកម្មពីអាមេរិក

ព័ត៌មាន
ទិន្នន័យឧស្សាហកម្មរបស់ចិន បង្ហាញថា រដ្ឋាភិបាលចិនកាលពីឆ្នាំ២០២២ បានបញ្ចេញថវិកាប្រមាណជិត ២ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ