ច្បាប់អន្តរជាតិ

អ្នកជំនាញថា ថៃ គ្មានសិទ្ធិប្រើច្បាប់ព្រៃរបស់ខ្លួនមកដេញ និងដាក់ទោសលើពលរដ្ឋខ្មែរនោះទេ


រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាប្រឆាំងយ៉ាងដាច់អហង្គការចំពោះការគំរាមប្រើច្បាប់ព្រៃរបស់ថៃ មកលើពលរដ្ឋខ្មែរស្លូតត្រង់រស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្នើឱ្យថៃ បញ្ឈប់ផែនការបណ្តេញប្រជាជនខ្មែរចេញពីផ្ទះសម្បែង និងដីធ្លី ដែលពួកគេបានរស់នៅ និងអាស្រ័យផលជាច្រើនទស្សវត្សរ៍កន្លងមកនេះ។
ច្បាប់អន្តរជាតិ
ដោយ

បើតាមអ្នកជំនាញ ថៃ គ្មានសិទ្ធិប្រើច្បាប់ព្រៃរបស់ខ្លួនមកដេញ ឬដាក់ទោសលើពលរដ្ឋខ្មែរនោះទេ ពោលគឺមានតែច្បាប់អន្តរជាតិ ប៉ុណ្ណោះ ទើបអាចអនុវត្ដទៅបាន។ ម្យ៉ាងទៀតទីតាំងទាំងនោះជាតំបន់ ដែលមិនទាន់ដាច់ស្រេច ដែលតម្រូវឱ្យគណកម្មការដោះស្រាយវិវាទព្រំដែនជាអ្នកដោះស្រាយលើបញ្ហានេះ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកការគំរាមរបស់ថៃ ក្នុងការប្រើច្បាប់ក្នុងស្រុកបណ្តេញ និងចាប់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់ ដាក់ពន្ធនាគារនេះ វាជារឿងខុសឆ្គង និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា​។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃ ចង់អនុវត្តច្បាប់ព្រៃរបស់ខ្លួនមកលើពលរដ្ឋខ្មែរ នោះកម្ពុជា ក៏មានសិទ្ធិប្ដឹងទៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជុំវិញថៃ បានប្រព្រឹត្តិខុសប្រាសចាកពីគោលការណ៍នីតិរដ្ឋរបស់ពិភពលោកផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ថៃ គ្មានសិទ្ធិប្រើច្បាប់ក្នុងប្រទេសថៃ មកអនុវត្តលើពលរដ្ឋខ្មែរបានឡើយ ហើយមានតែគោលការណ៍ច្បាប់អន្តរជាតិ ប៉ុណ្ណោះ ទើបអាចយកមកប្រើប្រាស់បាន ពីព្រោះគោលការណ៍ និងច្បាប់ទាំងនោះត្រូវបានទទួលស្គាល់ដោយទ្វេភាគី និងសហគមន៍អន្តរជាតិ។

​ជាមួយគ្នានេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យល់ឃើញថា ថៃ មិនអាចធ្វើសកម្មភាពណាមួយហួសដែនកំណត់របស់ខ្លួននោះទេ ព្រោះតំបន់នោះ​ស្ថិតក្នុងតំបន់ជម្លោះ ឬតំបន់សនៅឡើយ ដែលទាមទារត្រូវមានការការចចា​រកដំណោះស្រាយដោយគណកម្មការដោះស្រាយវិវាទព្រំដែនជាមុនសិន និងសម្រេចតាមលទ្ធផលការចរចានោះ។ បើតាមអ្នកជំនាញផ្នែកច្បាប់រូបនេះ ការគំរាមប្រើច្បាប់ព្រៃរបស់ថៃ មកលើពលរដ្ឋខ្មែរមិនសមស្របតាមច្បាប់នោះទេ ហើយទោះជាថ្ងៃក្រោយដីនោះត្រូវបានគណៈកម្មការព្រំដែនសម្រេចថា ជាទឹកដីរបស់ថៃ ក៏ដោយ ក៏ប្រជាជនខ្មែរដែលកំពុងរស់នៅ និងកាន់កាប់ដីទាំងនោះមិនអាចមានទោសទណ្ឌ ហើយពលរដ្ឋដែលបានរស់នៅទីនោះរាប់រយឆ្នាំ ក៏មានសិទ្ធិការពារទឹកដីរបស់ខ្លួនផងដែរ។

ពាក់ព័ន្ធការប្រើច្បាប់ព្រៃរបសថៃ នេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាប្រឆាំងយ៉ាងដាច់អហង្គការចំពោះការលើកបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃ លើប្រជាពលរដ្ឋកម្ពុជា រស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់អភិបាលខេត្តស្រះកែវរបស់ថៃ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកទង្វើរបស់ថៃនេះ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ និងអាស្រ័យផលក្នុងភូមិទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ ពោលគឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមានទៅទៀត។

ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗថា ថៃ មិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពិសេសនៅក្នុងអំឡុងពេលបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី សេដ្ឋកិច្ចឌីជីថលអាស៊ាន

ទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ប…

តើមកដល់ពេលនេះ មានពលករខ្មែរ ដែលចាកចេញពីថៃ ចំនួនប៉ុន្មាននាក់ ទទួលបានការងារធ្វើ?

ការវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើនវិញរបស់ពលរដ្ឋខ្មែរជិត១លាននាក់ បានធ្វើឱ្យកម្ពុជា សម្បូរទៅដោយកម្លាំងពលកម្ម ខណៈកន្លងមកមានសហគ្រាស និងគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ