វិស័យកសិកម្ម

ថៃអាចនឹងហាមឃាត់ការនាំចូលផ្លែពោតពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឆ្នាំក្រោយ


រដ្ឋាភិបាលថៃ អាចនឹងហាមឃាត់ការនាំចូលពោតពីប្រទេសជិតខាងចំនួន៣ រួមទាំងកម្ពុជា ដើម្បីដោះស្រាយការបំពុលបរិយាកាសនៅភាគខាងជើងប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្ដីថៃ លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទៅកាន់ទីក្រុងឈៀងម៉ៃ ដើម្បីតាមដានវិធានការបង្ការ និងវឌ្ឍនភាពនៃរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋអំពីការការពារភ្លើងព្រៃ និងផ្សែងភ្លើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យកសិកម្ម
ដោយ

លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា ថៃបានពិភាក្សាពីបញ្ហាការបំពុលបរិយាកាសដែលបង្កឡើងការដុតព្រៃ ជាមួយនឹងក្រសួងនានារបស់កម្ពុជា និងឡាវ ក៏ដូចជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់​ម៉ា ផងដែរ។ លោកបានបន្ថែមថា ថៃមិនអាចជ្រៀតជ្រែកដែនអធិបតេយ្យរបស់ប្រទេសដទៃបានទេ ប៉ុន្តែវាមានកង្វល់គួរឱ្យព្រួយបារម្ភមួយចំនួនថា តើថៃអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់អ្នកជិតខាងរបស់ខ្លួនកុំឱ្យបន្តដុតព្រៃតទៅទៀត?

នាយករដ្ឋមន្ត្រីថៃ រូបនេះ ជឿជាក់ថា បញ្ហានេះនឹងមិនអាចដោះស្រាយបាននោះទេ ប្រសិនបើការនាំចូលពោតពីប្រទេសជិតខាងទាំងនេះមិនត្រូវបានហាមឃាត់នៅក្នុងរដូវកាលមានតម្រូវការកើនខ្ពស់នោះ។ ជាមួយគ្នានេះ ថៃ ក៏គ្រោងដំឡើងពន្ធលើការនាំចូលពោតពីប្រទេសជិតខាងរួមទាំងកម្ពុជាផងដែរ ហើយបើគ្មានការប្រែប្រួលទេ ថៃគ្រោងហាមឃាត់ការនាំចូលពោតពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឆ្នាំក្រោយចន្លោះពីខែមករា ដល់ខែមេសា។

លោក សេដ្ឋា បានបន្ថែមថា វាមិនអាចប្រកែកបានឡើយ ដែលថាបញ្ហាផ្សែងធូលីនេះ គឺបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច ព្រោះកសិករបានប្រើមធ្យោបាយដុតកាកសំណល់កសិកម្ម ដើម្បីយកដីសម្រាប់ដាំដុះឡើងវិញ ហើយអ្នកភូមិជនបទខ្លះទៀតបានដុតព្រៃ ដើម្បីស្វែងរកសត្វព្រៃ។ ដូច្នេះហើយ វាចាំបាច់ត្រូវស្វែងរកការច្នៃប្រឌិតថ្មី និងធ្វើការជាមួយនឹងយោធា ដើម្បីជួយដឹកយកកាកសំណល់កសិកម្មចេញពីចម្ការរបស់កសិករ បើមិនដូច្នេះទេ កសិករនឹងដុតវាចោលជាក់ជាមិនខាន។

បើយោងតាមទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់ IQ Air បានឱ្យដឹងថា ទីក្រុងឈៀងម៉ៃ បានជាប់ជាទីក្រុងកំពូលទាំង១០របស់ពិភពលោក ដែលមានកម្រិតបំពុលខ្យល់ខ្ពស់បំផុតបន្ទាប់មកគឺទីក្រុងឡាហ័រ (Lahore) នៅប្រទេសប៉ាគីស្ថាន ទីក្រុងប៉េកាំងរបស់ប្រទេសចិន ទីក្រុងញូដេលីរបស់ប្រទេសឥណ្ឌា និងទីក្រុងដាកា​ ប្រទេសបង់ក្លាដែស៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកជំនាញជំរុញឱ្យអាស៊ី ត្រូវជំរុញពាណិជ្ជកម្មសេរី ក្រោយការបោះឆ្នោតអាម៉េរិករួច?

ព័ត៌មាន
អ្នកជំនាញកិច្ចការអន្តរជាតិ បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុងតូក្យូ នៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុនថា អាស៊ីត្រូវតែរក្សាសម្ទុះពាណិជ្ជកម្មសេរ…

កម្មករនិយោជិតជាង២ពាន់នាក់កំពុងប្រឈមនឹងបញ្ហាការងារ ក្រោយរោងចក្រត្រូវបានភ្លើងឆេះ ខណៈក្រសួងការងារ និងភាគីពាក់ព័ន្ធកំពុងរកដំណោះស្រាយ

ព័ត៌មាន
រោងចក្រផលិតស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលត្រូវបានអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ