
បើគ្មានការប្រែប្រួលទេមេយោធភូមិភាគ៥ របស់កម្ពុជា និងមេយោធភូមិភាគ១របស់ថៃនឹងជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដាន និងតម្លៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលសម្រេចបានកាលពីថ្ងៃទី១០ ខែកញ្ញា ទាក់ទងនឹងការបង្ក្រាបអ្នកបោកប្រាស់តាមអនឡាញ ការបោសសម្អាតមីន និងការគ្រប់គ្រងព្រំដែន។
ពាក់ព័ន្ធបញ្ហានេះលោក ឡេន វ៉ូរ៉ាយ៉ូស លួងស៊ូវ៉ាន (Len Worayos Luangsuwan) មេបញ្ជាការភូមិភាគ១ថៃ បានព្រលយសម្តីកាលពីពេលថ្មីៗថា ប្រសិនបើរបៀបវារៈនៃកិច្ចប្រជុំ RBC មិនរួមបញ្ចូលការពិភាក្សាអំពីផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យទេ កិច្ចប្រជុំនេះ គួរតែពន្យារពេលរហូតដល់កម្ពុជា លើកបញ្ហានេះមកពិភាក្សា។ ភ្លាមៗនេះភាគីកម្ពុជា មិនទាន់មានការឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃនេះនៅឡើយទេ។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៣០ ខែកញ្ញា ថា គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងជួបប្រជុំគ្នានៅចម្លោះពីថ្ងៃទី៤-១២ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះកិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៣របស់កម្ពុជា និងទីបញ្ជាការការពារព្រំដែនចាន់ថាបុរី-ត្រាតរបស់ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី៤-៦ ខែតុលានៅខេត្តកោះកុង។
ចំណែកកិច្ចប្រជុំរវាងយោធភូមិភាគទី៤ របស់កម្ពុជា និងមេបញ្ជាការភូមិភាគ២របស់ថៃ គ្រោងធ្វើចម្លោះពីថ្ងៃទី៧-៩ ខែតុលា នៅខេត្តឧត្តរមានជ័យ បន្ទាប់ពីបានលើកពេលប្រជុំ ដែលគ្រោងធ្វើឡើងចន្លោះពី២៨-៣០ ខែកញ្ញា។ ចំណែកកិច្ចប្រជុំរវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃ នៅថ្ងៃទី១០-១២ខែតុលា នៅខេត្តបន្ទាយមានជ័យ ក្រោយពីបានលើកពេលកាលពីថ្ងៃទី២៧ ខែកញ្ញ ដោយសារការផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពថៃ៕
ដោយ៖ សុខ មង្គល