ប្រតិបត្តិករក្នុងវិស័យទេសចរណ៍របស់ថៃ ស្នើឱ្យរដ្ឋាភិបាលថៃ បន្ធូរបន្ថយការអនុវត្តច្បាប់គ្រប់គ្រងភេសជ្ជមានជាតិអាល់កុលថ្មី ហើយបានព្រមានថា ការភាន់ច្រឡំ និងភាពតឹងរ៉ឹងនៃច្បាប់នេះអាចធ្វើឱ្យអ្នកទេសចរបរទេសកាន់តែរសាត់ចេញពីប្រទេសថៃ ដែលកំពុងជួបបញ្ហាធ្លាក់ចុះស្រាប់។
លោក សាង៉ា រួងវឌ្ឍនាគុល (Sa-nga Ruangwattanakul) ប្រធានសមាគមអាជីវកម្មទេសចរណ៍តាមផ្លូវ Khaosan បានអះអាងកាលពីចុងសប្តាហ៍មុនថា ប្រតិបត្តិករនៅទូទាំងឧស្សាហកម្មសេវាកម្ម និងកម្សាន្តពេលរាត្រីនៅប្រទេសថៃ កំពុងខិតខំយល់ពីវិសាលភាព និងទោសទណ្ឌនៃច្បាប់គ្រប់គ្រងគ្រឿងស្រវឹងថ្មីរបស់រដ្ឋាភិបាល។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ភ្ញៀវទេសចរបរទេសដែលមិនយល់ដឹងពីច្បាប់ថ្មីនេះអាចប្រឈមនឹងការពិន័យរហូតដល់ទៅ៣១០ដុល្លារ ស្របពេលស្ថានទូតបរទេសជាច្រើនដូចជាអូស្ត្រាលីជាដើមបានព្រមានពលរដ្ឋរបស់ពួកគេរួចហើយ។ ដូច្នេះប្រសិនបើថៃ មិនធ្វើសកម្មភាពឱ្យបានឆាប់រហ័សទេ នោះថៃ អាចនឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់គោលដៅប្រកួតប្រជែងផ្សេងៗ។
ដោយឡែក លោក ឆានីន រុនតាណាគៀត (Chanin Rungtanakiat) អគ្គលេខាធិការរងនៃគណបក្សប្រឆាំងមួយនៅក្នុងប្រទេសថៃ បានលើកឡើងថា វិស័យទេសចរណ៍ ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ថៃ ដូច្នេះរដ្ឋាភិបាលត្រូវចាត់វិធានការឱ្យបានឆាប់ ដើម្បីដោះសោរបាំងបទប្បញ្ញត្តិទាំងនេះ។ ហើយប្រសិនបើរដ្ឋាភិបាលចាត់វិធានការមិនបានទាន់ពេលវេលាទេ នោះសេដ្ឋកិច្ចថៃ អាចប្រឈមនឹងការធ្លាក់ចុះ៕
ដោយៈ សរ សុជាតិ