បុរសខ្លាំងលោកស៊ី ជីនពីងនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ

កាសែត The Guardian៖ លោកស៊ី ជីនពីង អាចនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ


ប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ ដោយទំនងជានឹងលើកយកបញ្ហាប្រេងមកពិភាក្សាជាប្រធានបទសំខាន់ នៃដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងទៅក្រៅប្រទេសរបស់លោក ចាប់តាំងពីមានការរាតត្បាតជំងឺកូវីត១៩ នៅក្នុងប្រទេសចិនមក។ នេះបើយោងតាមការចុះផ្សាយដោយកាសែតអង់គ្លេស The Guardian។
កាសែត The Guardian៖ លោកស៊ី ជីនពីង អាចនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ

របាយការណ៍បាននិយាយថា ដំណើរទស្សនកិច្ចរបស់បុរសខ្លាំងរដ្ឋចិនរូបនេះ នឹងបង្ហាញភាពអធិកអធមជាងប្រធានាធិបតីអាមេរិកលោកចូ បៃដិន ដែលបានទៅកាលពីខែមុននេះទៅទៀត ដែលវានឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងចិន និងអារ៉ាប៊ីសាអូឌីតកាន់តែមានភាពស្អិតល្មួតនាប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលទំនាក់ទំនងជាមួយអាមេរិកកាន់តែថមថយចុះទៅវិញ។

ក្នុងនោះដែរ គេសង្កេតឃើញថា ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង ទៅកាន់ប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោកនេះ កើតមានចំពេលមានភាពចលាចល និងអតិផរណាក្នុងទីផ្សារប្រេងពិភពលោកបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនជាងប្រាំខែមកនេះ។

ជាការពិត ទំនាក់ទំនងរវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត បាននឹងកំពុងវិវត្តទៅរកភាពស្អិតល្មួត និងស៊ីជម្រៅពិសេសក្រោយការឡើងកាន់អំណាចរបស់ព្រះអង្គម្ចាស់ម៉ូហាមេដ ប៊ីន សាលមែន (mohammed bin salman) នៅឆ្នាំ ២០១៦ កន្លងទៅ។

ក្នុងនោះដែរ គេក៏ឃើញទីក្រុងរីយ៉ាដ (Riyadh) នាពេលកន្លងមក បានចេញមុខពារការប្រព្រឹត្តរបស់ប្រទេសចិនចំពោះជនជាតិភាគតិច Uyghur មូស្លីមរបស់ខ្លួន និងការដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងរបស់ចិនលើទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិក និងអឺរ៉ុបធ្លាប់ថ្កោលទោសយ៉ាងខ្លាំងលើបញ្ហាទាំងអស់នោះ។

លោកម៉ូហាមេដ អាល់យ៉ាយ៉ា (Mohammed Alyahya) អ្នកជំនាញនៅវិទ្យាស្ថានមជ្ឈិមបូព៌ានៃមជ្ឈមណ្ឌល Harvard Belfer និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Hudson បាននិយាយ៖ «ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ហើយក៏ជាអ្នកទិញប្រេងដ៏ធំបំផុតរបស់ប្រទេសមួយនេះផងដែរ»។ លោកបន្ថែមថា «ប្រទេសចិនមានសារៈសំខាន់ណាស់ក្នុងយុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយទីក្រុងប៉េកាំងនឹងក្លាយជាដៃគូប្រកួតប្រជែងដ៏ចម្បងរបស់អាមេរិកនៅក្នុងតំបន់»។

មួយវិញទៀត ទីក្រុងប៉េកាំង និងទីក្រុងរីយ៉ាដ (Riyadh) បានរក្សាទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងគ្នា ដោយប្រទេសទាំងពីរថែមទាំងត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីការបង្កើតកិច្ចព្រមព្រៀងប្រេងជាប្រាក់យន់របស់ចិន ជំនួសឱ្យប្រាក់ដុល្លារកាលពីដើមឆ្នាំនេះថែមទៀតផង។

បន្ថែមពីនេះទៀត បើយោងតាមការរាយការណ៍ពីកាសែត Wall Street Journal លោក ស៊ី ជីនពីង ក៏គ្រោងនឹងជួបទល់មុខគ្នាជាមួយលោក Biden ក្នុងខែវិច្ឆិកា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍របស់ខ្លួនផងដែរ។

បើតាមកាសែតនេះកាលពីថ្ងៃសុក្រ ទី១២ សីហាបានរាយការណ៍ថា មន្ត្រីចិនកំពុងរៀបចំផែនការធ្វើដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង ទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកាខាងមុខ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ផងដែរ។

ទោះយាងណា មន្ត្រីរបស់លោក Biden ឯណោះវិញ និយាយថា អាមេរិកទន្ទឹងចាំឪកាសនេះហើយ តែមិនទាន់បានបញ្ជាក់ពីជំនួបផ្ទាល់រវាងមេដឹកនាំទាំងពីរនៅពេលច្បាស់លាស់នៅឡើយទេ ដើម្បីជជែកពិភាក្សាកាត់បន្ថយភាពតានតឹងដូចជាជម្លោះលើកោះតៃវ៉ាន់ សំណុំរឿងពាណិជ្ជកម្ម និងបញ្ហាជាច្រើនផ្សេងទៀត៕




អត្ថបទបន្ទាប់


ថៃគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបំពាក់បំប៉នយុវជនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនឯកជនធំមួយ ពីថៃបានបង្ហាញពីគោលបំណងចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលយុវជនបច្ចេកវិទ្យា…

ច្បាប់សំដៅកាត់បន្ថយអតិផរណារបស់អាមេរិក អាចមានឥទ្ធិពលតិចតួច ឬយ៉ាងណា?

ព័ត៌មាន
ជាមួយនឹងអតិផរណាកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ សភាអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ស្តីពីការកាត់បន្ថយអតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ