តម្លៃទីផ្សារដំឡូងមី

តម្លៃទីផ្សារដំឡូងមីមានការប្រែប្រួលយ៉ាងណាខ្លះ នៅដើមឆ្នាំ២០២២?


ទីផ្សារដំឡូងមីនៅដើមឆ្នាំ២០២២ ហាក់មិនសូវមានការប្រែប្រួលខ្លាំងជាងឆ្នាំមុនប៉ុន្មាននោះទេ ខណៈដែលផ្ទៃដីដាំដុះក៏មានការកើនឡើតតិចតួចប៉ុណ្ណោះ។ តម្លៃដំឡូងមីសម្រាប់ខេត្តមណ្ឌលគិរីនៅដើមឆ្នាំ២០២២នេះ សម្រាប់ដំឡូងមីស្រស់ មានតម្លៃចន្លោះពី ៣២០រៀល ទៅ ៣៨០រៀល ក្នុងមួយគីឡូក្រាម រីឯដំឡូងមីក្រៀមវិញ មានតម្លៃ ៧៥០រៀលក្នុងមួយគីឡូក្រាម។ ក្នុងនោះ ប្រទេសវៀតណាម នៅតែជាទីផ្សារគោលដៅចម្បងសម្រាប់ការនាំចេញដំឡូងមីរបស់កម្ពុជា ខណៈដែលរោងចក្រកែច្នៃដំឡូងមីក្នុងស្រុកនៅមានចំនួនតិចតួចនៅឡើយ។
ការប្រមូលផលដំឡូងមីរបស់កសិករ
ដោយ

លោក សែ​ម រឿ​ន ប្រធាន​ការិយាល័យ​សេដ្ឋសាស្ត្រ​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ថា​ទីផ្សារ​ដំឡូង​មី​នៅ​ឆ្នាំ​នេះ ហាក់​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ដែល​ជា​មធ្យម​តម្លៃ ដំឡូង​មី​ស្រស់​មាន​តម្លៃ​ចន្លោះ​ពី ៣២០ ទៅ ៣៨០ រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែកឯ​ដំឡូង​មី​ក្រៀម​វិញ​អាច​លក់​បាន​ទៅ​ដល់​ប្រមាណ ៧៥០ រៀល​ក្នុង​មួយ​គីឡូក្រាម តម្លៃ​នេះ គឺ​អាស្រ័យ​ទៅ​លើ​គុណភាព​ដំឡូង​មី  និង​ទីតាំង​របស់​ប្រជា​កសិករ​។

លោក សែ​ម រឿ​ន បាន​បន្ថែម​ទៀត​ថា ចំពោះ​ផ្ទៃដី​ដាំដំឡូង​មី​របស់​ប្រជា​កសិករ​ក្នុង​ខេត្តមណ្ឌលគិរី​ឆ្នាំ​នេះ មានការ​កើនឡើង​តិចតួច​ប៉ុណ្ណោះ ដោយសារ​តែ​ប្រជា​កសិករ​មួយ​ចំនួន​បាន​ដាំដំឡូង​មី​ផង រួម​ទាំង​ដាំ​ស្វាយចន្ទី​ផង ដោយសារ​តែ​ដំណាំ​ដំឡូង​មីនេះ ជា​ដំណាំ​ដែល​ខ្ចី​ដី​ដាំ មាន​ន័យ​ថា​ពួក​គាត់​មើល​លើ​ទីផ្សារ​ថា តម្លៃ​មួយ​ណា​ខ្ពស់​ជាង​មួយ​ណា ប្រជា​កសិករ​នឹង​ដាំ​ដំណាំ​នោះ​ច្រើន​ជាង​។

លោក ឈឺ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង តម្លៃ​ទីផ្សារ​ដំឡូង​មី​ក្នុងឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំ​មុន សម្រាប់​ដំឡូង​មី​ស្រស់​មានការ​កើនឡើង ៣០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែកឯ​ដំឡូង​មី​ក្រៀម​វិញ​កើនឡើង ៥០ ទៅ ៧០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​នាំ​ឲ្យ​តម្លៃ​ជា​មធ្យម​ដំឡូង​មី​ស្រស់​មាន​តម្លៃ ២៤២ រៀល​មួយ​គីឡូក្រាម និង ៧២៦ រៀល​មួយ​គីឡូក្រាម សម្រាប់​ដំឡូង​មី​ក្រៀម​។ គោលដៅ​នាំ​ចេញ​ដំឡូង​មី​នៅ​ខេត្តបាត់ដំបង ប្រមាណ​៧០% ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​ប្រមាណ ៣០% ទៀត​គឺ​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។ 

លោក ប៊ិ​ន មក​រា ជា​កសិករ​ដាំ​ដំណាំ​ដំឡូង​មី ស្ថិត​នៅ​ភូមិ​មួយ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី បាន​បញ្ជាក់​ដែរ​ថា តម្លៃ​ដំឡូង​មី​ក្រៀម​ក្នុងឆ្នាំនេះ  លោក​លក់​បាន​ក្នុង​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច ចំពោះ​តម្លៃ​នេះ​ដែរ អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ប្រជា​កសិករ​នីមួយ​ៗ ហើយ​ចំពោះ​ការ​ប្រមូល​ផលរប​ស់លោក​នៅ​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​តិច​ជាង​ឆ្នាំ​មុន​ផង​ដែរ​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាល​បង្ហាញ​ថា ការ​នាំ​ចេញ​ដំឡូង​មី និង​ផលិតផល​ដំឡូង​មី ក្នុង​ឆ្នាំ ២០២១ សម្រេច​បាន​ជិត​២​លាន​៨​សែន​តោន​។ ក្នុង​នោះ​ចំណិត​ដំឡូង​មី​ក្រៀម មាន​ជាង​១​លាន​៦​សែន​តោន កើន​ជាង ៨%​។ ដំឡូង​មី​ស្រស់ នាំ​ចេញ​បាន ជាង​១​លាន​តោន កើន​ជាង ៥២%៕

អត្ថបទ សោម ស្រី​ពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ភាគហ៊ុនអេស៊ីលីដា នឹងកើនខ្ពស់លើសតម្លៃ IPO ឡើងវិញឬលើសពីនេះនៅពេលដ៏ខ្លីខាងមុខនេះ

ព័ត៌មាន
យើងសង្កេតឃើញថា តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដារបានកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅ២ថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីក្រុមហ៊ុនអេស៊ីលីដា ហ្វាយណាន…

អ្នកប្រើប្រាស់កោតសរសើរដល់គុណភាពរបស់ផលិតផលដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក

ព័ត៌មាន
ក្រុមហ៊ុនផលិតរបស់កម្ពុជា និងអ្នកប្រើប្រាស់បានបង្ហាញក្តីសង្ឃឹម សេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនទាំងនេះប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ