ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំរៀបចំការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងសហគ្រាសសាធារណៈ


នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងសហគ្រាសសាធារណៈ ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយ

សិក្ខាសាលាពិគ្រោះយោបល់នេះ បានធ្វើឡើងនៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្ដម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃរដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ, ឯកឧត្ដម លោកជំទាវ ជា​រដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ ដែលជាតំណាងក្រសួងអាណាព្យាបាលបច្ចេកទេស, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្ដម លោកជំទាវ​ ជាអគ្គនាយក និងអគ្គនាយករង នៃសហគ្រាសសាធារណៈទាំង ២៧ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលតំណាងម្ចាស់ភាគហ៊ុន, មន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និង​អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ដែល​មានសហគ្រាសសាធារណៈកំពុងប្រតិបត្តិការអាជីវកម្ម ព្រមទាំងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា សរុបមានអ្នកចូលរួមប្រមាណ ២៣០ រូប ។

សិក្ខា​សាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យពិភាក្សា និងពិគ្រោះយោបល់ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ ដើម្បីធានាឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះគ្រប់ជ្រុងជ្រោយ និងឆ្លើយតបតាមការវិវត្តន៍នៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជា ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីស្តីពី​ការគ្រប់គ្រងសហគ្រាសសាធារណៈនេះ ត្រូវបានរៀបចំឡើង ដើម្បីជំនួសឱ្យច្បាប់ចាស់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈឆ្នាំ១៩៩៦ ដែលមានអាយុកាលជាង ៣០ ឆ្នាំមកហើយ ។ ក្នុងន័យនេះ, សេចក្តីព្រាងច្បាប់ថ្មី នឹងបញ្ចូលលក្ខខណ្ឌចាំបាច់មួយចំនួន និងខ្លឹមសារដែលត្រូវបំពេញបន្ថែមនូវភាពខ្វះចន្លោះ ដើម្បីជួយពង្រឹងសហគ្រាសសាធារណៈ ឱ្យមានអភិបាលកិច្ចរឹងមាំ គណនេយ្យភាព និងតម្លាភាព ក្នុងការដឹកនាំ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅរួមចំណែកជាអតិបរមាដល់ការជំរុញសម្ទុះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងឆ្លើយតបនឹងគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ដោយសម្លឹងឃើញអំពីតួនាទីកាន់តែសំខាន់ឡើងរបស់សហគ្រាសសាធារណៈ និងភាពចាំបាច់កាន់តែខ្លាំង ក្នុងការកែទម្រង់សហគ្រាសសាធារណៈរបស់កម្ពុជា, ទាំងការកែទម្រង់លើយន្តការស្ថាប័ន​គ្រប់គ្រង និងទាំង​ការកែសម្រួលឱ្យមានប្រសិទ្ធភាពថែមទៀត លើរបៀបរបបនៃការគ្រប់គ្រងសហគ្រាស​​សាធារណៈ ដើម្បីសម្របខ្លួនជាមួយកាលៈទេសៈថ្មីនៃការអភិវឌ្ឍរបស់កម្ពុជា, រាជរដ្ឋាភិបាសបានកំណត់ការកែទម្រង់សហគ្រាសសាធារណៈជាអាទិភាព ដើម្បីច្បាមយកកាលានុវត្តភាព និងពង្រីកឱ្យកាន់តែធំនូវវិសាលភាព នៃផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលសហគ្រាសសាធារណៈអាចរួមចំណែកដើរតួនាទីជាឃ្នាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើនផលិតភាព និងការជំរុញពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ, ក៏ដូចជាការពង្រឹងនិងពង្រីកការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងស្មារតីនេះ, «យុទ្ធសាស្ត្រ ស្ដីពី ការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥​-​២០៣០» ត្រូវបាន​អនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២៥ ។ យុទ្ធសាស្ត្រនេះបានកំណត់ជាទិសដៅកែទម្រង់ និងដាក់ចេញ​ជាវិធានការគន្លឹះ ដែលនឹងគាំទ្រដល់សហគ្រាសសាធារណៈ​កម្ពុជា ក្នុងការពង្រឹងអភិបាលកិច្ចសាជីវ​កម្ម ពិសេសរៀបចំផ្ដល់ស្វ័យភាពឱ្យបានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យ​សហ​គ្រាសសាធារណៈ អាចធ្វើអាជីវកម្មប្រកប​ដោយ​ភាពបត់បែនខ្ពស់តាមយន្តការទីផ្សារ, មានភាពម្ចាស់ការ និងរក្សាបាននូវស្វ័យភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ដើម្បីធានាឱ្យទទួលបានប្រាក់ចំណេញផង, រួមចំណែកបង់ចំណូលចូលថវិកាជាតិផង និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអនុវត្តគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង។

ឆ្លៀតក្នុងឱកាសនៃការពិគ្រោះយោបល់ខាងលើ, នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការគាំទ្រ​បច្ចេកទេសពីសហភាពអឺរ៉ុប ក្នុង​ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី «អភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងសមិទ្ធកម្មរបស់សហគ្រាសសាធារណៈ» ដើម្បីបង្កើតចំណេះដឹងជាបណ្ដើរៗ ជូនក្រសួងអាណាព្យាបាល, ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសហគ្រាសសាធារណៈ ។ ការបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពក្នុងការចូលរួមអនុវត្តការកែទម្រង់សហគ្រាសសាធារណៈ និងជាមូលដ្ឋាន ដើម្បី​ឈានទៅពង្រឹងការគ្រប់គ្រងសហគ្រាសសាធារណៈ ដោយផ្អែកលើសមិទ្ធកម្ម ។




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជំទាស់នឹងការផ្លាស់ប្ដូរច្បាប់ការស្នងរាជ្យបល័ង្កបន្ត ដែលកំណត់ចំពោះតែបុរស

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានថ្លែងទៅកាន់សភា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ថាលោកស្រីជំទាស់នឹងការផ្លាស់…

អ្នកជំនាញព្រមានថា ថៃ អាចនឹងរកលេសគេចវេស មិនព្រមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ទោះបីកម្ពុជា ទទួលបានឯកសារផ្លូវច្បាប់ពីបារាំង ក៏ដោយ

ក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ការសន្យាផ្តល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា ពីប្រទេសបារាំង គឺជាឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ