រដ្ឋាភិបាលអាម៉េរិក

ទីបំផុតរដ្ឋាភិបាលអាម៉េរិក ត្រូវបានបិទដំណើរការ ក្រោយបរាជ័យក្នុងការអនុម័តកញ្ចប់ថវិកា


រដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន ក្រោយការចរចាកញ្ចប់ថវិកាមិនអាចឈានដល់ការអនុម័តកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា។ នេះការបិទដំណើរការជាលើកទីពីរក្រោមការដឹកនាំរបស់លោក ត្រាំ បន្ទាប់ពីលោកបានដឹកនាំរដ្ឋាភិបាលឱ្យបិទទ្វារម្តងកាលពីអាណត្តិទី១។ តាមពិតគណបក្សសាធារណរដ្ឋបានដឹកនាំសភាអាម៉េរិកទាំងពីរថ្នាក់ ពោលគឺទាំងសភាជាន់ខ្ពស់ និងសភាជាន់ទាប ប៉ុន្តែតាមច្បាប់អាម៉េរិក គណបក្សប្រជាធិបតេយ្យនៅតែមានសិទ្ធិរាំងខ្ទប់ក្នុងការអនុម័តកញ្ចប់ថវិកា។
រដ្ឋាភិបាលអាម៉េរិក
ដោយ

​« ទីបំផុតរដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀតនៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីសភា និងសេតវិមានបានបរាជ័យក្នុងការឈានដល់ការអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានគ្រប់គ្រងទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់ ប៉ុន្តែការអនុម័តកញ្ចប់ថវិកាជាតិ ចាំបាច់ទាមទារឱ្យមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ ដែលតាមច្បាប់តម្រូវឲ្យមានការគាំទ្រពីព្រឹទ្ធសមាជិកយ៉ាងហោចណាស់៦០សំឡេង។ មូលហេតុចម្បង ដែលធ្វើឲ្យការអនុម័តកញ្ចប់ថវិកានេះត្រូវបានជាប់គាំង គឺដោយសារគណបក្សប្រជាធិបតេយ្យ ចង់បានកិច្ចព្រមព្រៀងមួយជាមួយគណបក្សសាធារណរដ្ឋ ដើម្បីលើកកម្ពស់លើការថែទាំសុខភាព ប៉ុន្តែគណបក្សសាធារណរដ្ឋបដិសេធ។

នេះជាការបិទដំណើរការរដ្ឋាភិបាលបណ្តោះអាសន្នលើកទីពីរហើយក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានដឹកនាំរដ្ឋាភិបាលឱ្យបិទដំណើរការម្តងក្នុងអាណត្តិទី១របស់លោកកាលពីចុងឆ្នាំ២០១៨ ដោយកាលនោះរដ្ឋាភិបាលបានបិទដំណើរការអស់រយៈពេល៣៤ថ្ងៃ ហើយលើកនេះគេនៅមិនទាន់ដឹងទេថា រដ្ឋាភិបាលអាម៉េរិកនឹងត្រូវបិទដំណើរការអស់រយៈពេលប៉ុន្មាននោះទេ។

ការបិទដំណើរការរដ្ឋាភិបាលបណ្តោះអាសន្ននេះអាចធ្វើឱ្យប៉ះពាល់បុគ្គលិកសហព័ន្ធប្រមាណ៧៥ម៉ឺននាក់ ខណៈដែលលោក ត្រាំ និងសមាជិកសភា និងព្រឹទ្ធសភានៅតែទទួលប្រាក់បៀវត្សរ៍ធម្មតា ហើយក្រៅពីនេះ បុគ្គលិកផ្នែកភ្នាក់ងាររដ្ឋបាល សន្តិសុខ ដឹកជញ្ជូន អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស មន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងយោធានឹងត្រូវបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួល។

ពាក់ព័ន្ធការបិទដំណើរការរដ្ឋាភិបាលសហព័ន្ធបណ្តោះអាសន្ននេះ ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ក៏មានការរអាក់រអួលសេវាកម្មមួយចំនួនផងដែរ ដោយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា បានប្រកាសពីការផ្អាកធ្វើបច្ចុប្បន្នភាពគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស ពង្រីកខ្លួននៅអាស៊ីតាមរយៈការទិញយក ស៊ីជេ ជេលជីដាង ហ្វីដ

រ៉ូយ៉ាល់ ឌឹហឺស្ស នៅថ្ងៃទី១ តុលា ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន ១០០% នៃប្រតិបត្តិការអាជីវកម្មរបស់ ស៊ីជេ ជេលជីដាង ហ្វីដ ន…

ធនាគារ មេយប៊ែង ប្រារព្ធទិវាទំនួលខុសត្រូវសង្គមជាសកលលើកទី១៣ ដែលជួយដល់ប្រជាជនជាង២ម៉ឺននាក់ទូទាំងពិភពលោក

និយោជិតធនាគារ មេយប៊ែងជាង១៨០០០នាក់ នៅទូទាំងពិភពលោកបានមករួមគ្នាប្រារព្ធកម្មវិធីលើកទី១៣ នៃទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ព្ធធនាគារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ