ធនធានរ៉ែអ៊ុយរ៉ាញ៉ូម

តើប្រទេសទាំង៣ណាខ្លះ ដែលមានធនធានរហូតដល់ទៅ៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោក?


សារធាតុរ៉ែ អ៊ុយរ៉ាញ៉ូម ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា ជាសមាសធាតុដ៏សំខាន់មូយមិនអាចខ្វះបានសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែរ ដូច្នេះហើយទើបបានជាប្រទេសដែលមានមហិច្ឆតាចង់ផលិតអាវុធមហាប្រល័យនេះ ត្រូវការរ៉ែអ៊ុយរ៉ាញ៉ូមជាខ្លាំង។ តើប្រទេសទាំង៣ណាខ្លះ ដែលបានក្តោបចំណែកធនធានរ៉ែរហូតដល់ទៅ៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមរបស់ពិភពលោក?
ធនធានរ៉ែអ៊ុយរ៉ាញ៉ូម
ដោយ

យោងតាមតួលេខពីសមាគមនុយក្លេអ៊ែរពិភពលោក ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែសីហា ឆ្នាំ២០២៣ បង្ហាញថា ប្រទេសអូស្ត្រាលី ប្រទេសកាហ្សាក់ស្ថាន ដែលស្ថិតនៅអាស៊ីកណ្ដាល និងប្រទេសកាណាដា មានចំណែកគ្របដណ្ដប់ដល់ទៅជាង៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោកទាំងមូល។ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ អូស្ត្រាលី គឺជាប្រទេសលេចធ្លោជាងគេ ដោយរ៉ែអ៊ុយរ៉ាញ៉ូមដែលត្រូវបានរកឃើញមានជាង១លាន៧សែនតោន ដែលស្មើនឹ២៨% នៃធនធានរ៉ែអុយរ៉ាញ៉ូមសរុបរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

ហើយជាការកត់សម្គាល់ អណ្តូងរ៉ែ Olympic Dam របស់អូស្ត្រាលី ដែលស្ថិតនៅចម្ងាយប្រមាណ៦០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងអេឌីឡេត (Adelaide) គឺជាអណ្ដូងរ៉ែដែលមានធនធានរ៉ែអ៊ុយរ៉ាញ៉ូមធំបំផុតក្នុងពិភពលោក ហើយវាក៏មានផ្ទុកធនធានរ៉ែស្ពាន់ធំបំផុតទី៤ផងដែរ។ ទោះបីជាបែបនេះក្តី ក៏អូស្ត្រាលីគ្រាន់តែជាប្រទេសផលិតរ៉ែអ៊ុយរ៉ាញ៉ូមធំបំផុតទី៤ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ក្រៅពីប្រទេសកំពូលទាំង៣ខាងលើ ប្រទេសរុស្ស៊ី និងប្រទេសណាមីប៊ី (Namibia) ដែលស្ថិតនៅអាហ្វ្រិកសុទ្ធតែមានធនធានរ៉ែអុយរ៉ាញ៉ូមស្មើៗគ្នា គឺម្នាក់មានប្រមាណ៨% ឬស្មើនឹងប្រមាណ៤៧ម៉ឺនតោន។ ទន្ទឹមនេះប្រទេសអាហ្រ្វិកខាងត្បូង ប្រទេសប្រេស៊ីល និងប្រទេសនីហ្សេរីយ៉ា មានម្នាក់ប្រមាណ៥% ហើយប្រទេសចិនមាន៣% ឬស្មើនឹងប្រមាណ២២ម៉ឺន៤ពាន់តោន។

ទោះជាយ៉ាងណា ទិន្នន័យបច្ចុប្បន្ននេះ គឺផ្អែកលើធនធានអ៊ុយរ៉ាញ៉ូម ដែលគេដឹងថា មានសមត្ថភាពអាចយកមកចម្រាញ់ធ្វើអាជីវកម្មបានតែប៉ុណ្ណោះ ចំណែកឯចំនួនសរុបនៃធនធានអ៊ុយរ៉ាញ៉ូមរបស់ពិភពលោកមិនត្រូវបានគេដឹងច្បាស់លាស់នោះទេ ខណៈធនធានរ៉ែអ៊ុយរ៉ាញ៉ូមថ្មីៗត្រូវបានរកឃើញគ្រប់ពេល។ ជាការពិតណាស់ ធនធានរ៉ែអ៊ុយរ៉ាញ៉ូម ដែលគេដឹងរបស់ពិភពលោកបានកើនឡើងប្រមាណ២៥% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងរុករករ៉ែប្រភេទនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអចលនទ្រព្យវៀតណាម ត្រូវបានរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅឆ្នាំនេះ

ព័ត៌មាន
ទីផ្សារអចលនទ្រព្យជាពិសេសលំនៅឋាននៅក្នុងប្រទេសវៀតណាម ត្រូវបានគេព្យាករណថា នឹងមានការប្រកួតប្រជែងដ៏សកម្មនៅក្នុងឆ្នាំ២០២៤នេះ ខណៈកាលពីឆ្នាំ២០២៣ …

យន្តហោះផលិតក្នុងស្រុកដំបូងរបស់ចិន បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងនៅសិង្ហបុរី

ព័ត៌មាន
យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដំបូងគេដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់ប្រទេសចិន (COMAC) ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនយន្តហោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ