ឃ្លាំងអាវុធនុយក្លេអ៊ែរសាកលកើនឡើងជាលើកដំបូង

ក្រុមអ្នកស្រាវជ្រាវនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោកបានពង្រីកខ្លួនជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក


ក្រុមអ្នកស្រាវជ្រាវនិងឃ្លាំមើលបញ្ហាអាវុធសាកលលោក បាននិយាយនៅថ្ងៃចន្ទនេះថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដែលវាជាការកើនឡើងលើកដំបូងហើយ រាប់ចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ខណៈដែលហានិភ័យនៃការប្រើប្រាស់អាវុធនេះក៏កំពុងតែកើនកម្តៅកាន់តែខ្លាំងដែរ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោកបានពង្រីកខ្លួនជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហ៊ូ​ម (SIPRI) បាន​លើក​ឡើង​នៅ​ក្នុង​ទិន្នន័យ​ស្រាវជ្រាវ​របស់​ខ្លួន​ថ្មី​មួយ​ថា ការ​ឈ្លានពាន​របស់​ប្រទេស​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន និង​ការ​គាំទ្រ​របស់​លោក​ខាង​លិចទៅ​ដល់ទី​ក្រុង​កៀវ បាន​បង្កើន​ភាព​តានតឹង​ខ្លាំង​ឡើង​ៗ ក្នុង​ចំណោម​ប្រទេស ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដៃ​ចំនួន​ប្រាំបួន​ប្រទេស​ក្នុង​ពិភពលោក ជា​ពិសេស​វិមាន​ក្រឹម​ឡាំង​តែ​ម្តង​។

វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ទោះបី​ចំនួន​អាវុធ​នុយក្លេអ៊ែរ​បាន​ធ្លាក់​ចុះ​បន្តិច​ក្តី​នៅ​ចន្លោះ​ខែមករា​ឆ្នាំ ២០២១ និង​ខែមករា​ឆ្នាំ ២០២២ ក៏​ដោយ ប៉ុន្ដែ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ពិភពលោក​អាច​នឹង​ចាប់ផ្តើម​កើនឡើង​សា​ជា​ថ្មី​ម្តងទៀត ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ បើ​មិន​មាន​សកម្មភាព​សម្របសម្រួល​ណាមួយ ពី​សំណាក់​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទេ​នោះ​។

មួយវិញទៀត លោក វាល​ហ្វ្រេ​ដ វ៉ា​ន់ (Wilfred Wan) នាយក​កម្មវិធី​ឃ្លាំមើល​អាវុធ​ប្រល័យ​លោក​របស់ វិទ្យាស្ថាន​ស្រាវជ្រាវ​ស្តុក​ហ៊ូ​ម​ដដែល​នេះ បាន​និយាយ​ថា "​ប្រទេស​ដែល​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​កំពុង​បង្កើន ឬ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឃ្លាំង​អាវុធ​របស់​ខ្លួន ហើយ​រដ្ឋ​ខ្លះ​កំពុង​ប្រើ​វោហា​សាស្ត្រ ដើម្បី​កំញើញ​ពី​អនុភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​និង​ភាព​ចាំបាច់​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​យុទ្ធសាស្ត្រ​យោធា​របស់​ពួក​គេ​ផង​ដែរ​"​។ ប៉ុន្ដែ លោក វាល​ហ្វ្រេ​ដ វ៉ា​ន់ ថា "​នេះ​ជា​និន្នាការ​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ណាស់​"​។

គួរ​រំលឹក​ថា បី​ថ្ងៃ​បន្ទាប់​ពី​ការ​ចូលលុក​លុយ​របស់​ទីក្រុង​មូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន ដែល​វិមាន​ក្រឹម​ឡាំង​ហៅ​ថា ជា "​ប្រតិបត្តិការ​យោធា​ពិសេស​"​នោះ ប្រធានាធិបតី​រុ​ស្សី លោក ពូ​ទី​ន បាន​ប្រើ​ឲ្យ​យោធា​របស់​ខ្លួន​ដាក់អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ភាព​អាសន្ន​កម្រិត​ខ្ពស់ ដើម្បី​ប្រុង​ជើងការ​ពេល​មាន​ស្ថានការណ៍​ចាំបាច់​។

ហើយ​លោក ពូ​ទី​ន ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល "​មនុស្សជាតិ​មិន​ធ្លាប់​ឃើញ​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​" បើ​មាន​ប្រទេស​ណាមួយ​ហ៊ាន​ឈរ​ពាំងរ​ផ្លូវ​រុ​ស្ស៊ី ក្នុង​រឿង​អ៊ុយ​ក្រែ​ន​មែន​នោះ​។

សូម​បញ្ជាក់​ថា បើ​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្តុក​ហ៊ូ​ម​នេះ ប្រទេស​រុ​ស្ស៊ី​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក ជាមួយនឹង​ក្បាល​គ្រាប់​សរុប​ចំនួន​ជិត​៦​ពាន់​គ្រាប់​ច្រើន​ជាង​សហរដ្ឋអាមេរិក ប្រហែល ៥៥០​គ្រាប់​។ មហាអំណាច​អា​មេ​រិ​ក និង​រុ​ស្ស៊ី សរុប​ចូល​គ្នា​មាន​ក្បាល​គ្រាប់​ជាង ៩០% នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សរុប​របស់​ពិភពលោក ខណៈ​ប្រទេស​ចិន​កំពុង​តាម​ពីក្រោយ​ប្រទេស​ទាំង​ពីរ​នេះ ក្នុង​ការ​ពង្រីក​ក្បាល​គ្រាប់​របស់​ខ្លួន ដែល​គេ​ប៉ាន់​ប្រមាណ​ថា ចិន​ទើប​ពង្រីក​បន្ថែម​ជាង ៣០០ គ្រាប់​ទៀត​។

យ៉ាងណាមិញ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហ៊ូ​ម (SIPRI) និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត​ផង​នោះ លោក ស្ទេ​ហ្វេ​ន លូ​វេន (Stefan Lofven) បាន​និយាយ​ថា "​ទំនាក់ទំនង​រវាង​ពួក​ប្រទេស​មហាអំណាច​ពិភពលោក​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ៗ ចំ​ពេល​ដែល​ពេល​មនុស្សជាតិ និង​ភព​ផែនដី កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ចាក់ស្រេះ​នានា ក៏​ដូច​ជា​បញ្ហា​ទូទៅ​ផង​ដែរ ដែល​ការណ៍​នេះ​អាច​ដោះស្រាយ​បាន លុះត្រាតែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ជាស​កល​តែ​ប៉ុណ្ណោះ ពិសេស​ពី​ប្រទេស​មហាអំណាច​ពិភពលោក​"៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិក ចំពេលកំពុងប្រឈមវិបត្តិសកល

ព័ត៌មាន
ប្រមុខដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មជាង ១០០ប្រទេស នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងចាប់ព…

ក្រុមហ៊ុនអន្តរជាតិធំៗ ដែលដកខ្លួនចេញពីទីផ្សាររុស្ស៊ី ខាតបង់ប្រហែល៦០ពាន់លានដុល្លារ ខណៈទណ្ឌកម្មនៅតែបន្ត

ព័ត៌មាន
ក្រុមហ៊ុន អាជីវកម្មអន្តរជាតិធំៗដែលមានប្រតិបត្តិការនៅប្រទេសរុស្សី ត្រូវបានរាយការណ៍ថា មានរងការខាតបង់ប្រហែល៦០ពាន់លានដុល្លារហើយ ក្រោយពីក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ