ជម្លោះតំបន់មជ្ឈិមបូព៌ា

ក្រុមហ៊ូធី នៅយេម៉ែន វាយប្រហារកប៉ាល់ពាណិជ្ជកម្មបីគ្រឿងនៅសមុទ្រក្រហម ខណៈអ៊ីស្រាអែលបើកប្រតិបត្តិសឹកឡើងវិញ


យោងតាមយោធាអាម៉េរិក បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាពាណិជ្ជកម្មចំនួនបីគ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ ក្នុងសមុទ្រក្រហមភាគខាងត្បូង។ ខណៈពេលដែលនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៣គ្រឿងក្នុងការការពារខ្លួន ដែលការវាយប្រហារទាំងនេះត្រូវបានក្រុមហ៊ូធី នៅយេម៉ែនថា ជាស្នាដៃរបស់ខ្លួន ដោយលើកឡើងថា កប៉ាល់ទាំងនោះ គឺមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ជម្លោះតំបន់មជ្ឈិមបូព៌ា
ដោយ

ការវាយប្រហារចុងក្រោយនេះ ត្រូវបានចាត់ជាការបង្កហេតុកាន់តែខ្លាំងនៅដែនសមុទ្រក្នុងតំបន់មជ្ឈិមបូព៌ា ដែលក្រុមហ៊ូធី នៅយេម៉ែន បានប្រកាសគាំទ្រហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែលតាំងពីដើមដំបូង នៃជម្លោះ។

កាលពីថ្ងៃអាទិត្យ នៅវេលាម៉ោងប្រមាណ៩ព្រឹក ម៉ោងក្នុងស្រុកប្រទេសយេម៉ែន ក្រុមយោធាហ៊ូធី បាននិយាយថា កងទ័ពជើងទឹកខ្លួនបានវាយប្រហារកប៉ាល់អ៊ីស្រាអែល ចំនួនពីរគ្រឿងគឺ Unity Explorer និង (Number 9) ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលកងទ័ពជើងទឹក។ ក្រុមឧន្ទាមនេះបាននិយាយថា នាវាពីរគ្រឿងត្រូវបានកំណត់គោលដៅបន្ទាប់ពីពួកគេបដិសេធអំពីការព្រមាន​។

ទោះជាយ៉ាងណា យោធាអាម៉េរិក បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនបីគ្រឿងជាបន្តបន្ទាប់ ចំពេលដែលនាវាចម្បាំងអាម៉េរិក USS Carney បានស្ទាក់ដឹងអំពីមីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន។

ប្រហែល៣០នាទីក្រោយមក កប៉ាល់ពាណិជ្ជកម្ម Unity Explorer ត្រូវបានវាយប្រហារដោយមីស៊ីលតែម្តង ខណៈនាវាពាណិជ្ជកម្មពីរផ្សេងទៀត ដែលមួយមានទង់ជាតិប្រទេសប៉ាណាម៉ា ឈ្មោះ Number 9 និង Sophie II ត្រូវបានវាយប្រហារដោយមីស៊ីលផងដែរ។ កប៉ាល់ទាំងបីគ្រឿងត្រូវបានរាយការណ៍ថា បានខូចខាតតិចតួរប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ឡើយ។

ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក បាននិយាយថា ការវាយប្រហារនេះ គឺជាការគំរាមកំហែងដល់ពាណិជ្ជកម្មអន្តរជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ អាម៉េរិកជឿយ៉ាងច្បាស់ថា ការវាយប្រហារទាំងនេះ គឺជាក្រុម Houthis នៅក្នុងប្រទេសយេម៉ែនមែន ប៉ុន្តែវាត្រូវបានបើកភ្លើងខៀវយ៉ាងពេញលេញដោយអ៊ីរ៉ង់ ហើយអាម៉េរិក នឹងពិចារណាឆ្លើយតបឱ្យបានសមស្របតាមច្បាប់អន្តរជាតិ ចំពោះការគំរាមកំហែងសន្តិសុខផ្លូវទឹកអន្តរជាតិនេះ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា កប៉ាល់ទាំងពីរគ្រឿងនោះគ្មានទំនាក់ទំនងអ្វីជាមួយអ៊ីស្រាអែលទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះមិនមែនជាលើកទីមួយទេ ដោយកាលពីពេលមុនក្រុមហ៊ូធី​ ក៏ធ្លាប់បានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកទៅកាន់អ៊ីស្រាអែលដែរ ហើយបានប្តេជ្ញានឹងកំណត់គោលដៅលើនាវាអ៊ីស្រាអែលបន្ថែមទៀត និងកាលពីខែមុនក្រុមនេះ ក៏បានរឹបអូសកប៉ាល់ដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលមួយគ្រឿងថែមទៀតផង។

ដោយឡែក កាលពីថ្ងៃអាទិត្យ ទី៣ ធ្នូ អ៊ីស្រាអែលបានបើកប្រតិបត្តិសឹកទូទាំងតំបន់ហ្គាហ្សាឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលប្រាំពីរថ្ងៃ ដើម្បីដោះដូរចំណាប់ខ្មាំងជាមួយពួកហាម៉ាស។ យោធាអ៊ីស្រាអែល​បានបន្តអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនទៅតំបន់ភាគខាងត្បូង ខណៈដែលការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាចាប់ផ្តើមនៅកណ្តាលទីក្រុង Khan Younis និង Deir Al-Balah នៃតំបន់នេះ។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន នៅហ្គាហ្សា មានមនុស្សយ៉ាងហោចណាស់ជាង១ម៉ឺន៦ពាន់នាក់ហើយបានស្លាប់ និងរបួសជាង៤ម៉ឺននាក់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជិតពីរខែមកនេះ​។

គួរជម្រាបថា បទឈប់បាញ់បណ្តោះអាសន្នដែលបញ្ចប់ទៅកាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុញ្ញាតឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង១០៥នាក់ មកឱ្យអ៊ីស្រាអែលវិញ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ៣០០នាក់ ខណៈគេជឿថា បច្ចុប្បន្នក្នុងដៃហាម៉ាសនៅមានចំណាប់ខ្មាំងប្រមាណជាង១រយនាក់ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រោះរញ្ជួយដីដ៏ខ្លាំងនៅហ្វីលីពីនបង្កឱ្យមានការព្រមានអំពីលទ្ធភាពនៃរលកយក្សស៊ូណាមិ

ព័ត៌មាន
ការជម្លៀសប្រជាជនកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសនេះ កាលព…

រដ្ឋាភិបាលជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនផ្តល់ការងារដល់ជនមានពិការភាព

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជនមានពិការភាពជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ តួយ៉ាងការលើកកម្ពស់សហគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ