វិស័យការបរទេស

លោក ត្រាំផ្អាកទណ្ឌកម្មលើរុស្ស៊ី ខណៈលោក ពូទីនចង់ជួបជាមួយលោក ត្រាំ និងលោក ស៊ី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន


លោក ដូណាល់ ត្រាំការពារការសម្រេចចិត្តផ្អាកទណ្ឌកម្មមួយចំនួនលើរុស្ស៊ី ដោយអះអាងថាចង់រក្សាឱកាសចរចាសន្តិភាព។ ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍ថា លោក វ្ល៉ាឌីមៀ ពូទីនបានស្នើជំនួបកំពូលត្រីភាគីជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។
តើអនាគតអ៊ុយក្រែនអាចសម្រេចដោយគ្មានអ៊ុយក្រែន
ដោយ

ខណៈភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវកំពុងឡើងកម្ដៅ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយការពារការសម្រេចចិត្តផ្អាកទណ្ឌកម្មមួយចំនួនលើរុស្ស៊ី ដោយអះអាងថា លោកចង់រក្សាឱកាសបន្តការចរចាសន្តិភាព។ ទន្ទឹមនេះ មានសេចក្តីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានជំនួបកំពូលត្រីភាគីជាមួយលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីលទ្ធភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអាចធ្វើឡើងដោយគ្មានវត្តមានចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី។ នេះបើយោងតាមសារព័ត៌មាន BBC និង CNBC។ តើអនាគតរបស់អ៊ុយក្រែនអាចត្រូវបានពិភាក្សា និងសម្រេចដោយគ្មានអ៊ុយក្រែននៅតុចរចាឬយ៉ាងណា?

លោក ដូណាល់ ត្រាំបានអះអាងថា លោកមិនចង់ធ្វើអ្វីដែលអាចរុញរុស្ស៊ីឱ្យដកខ្លួនចេញពីតុចរចានោះទេ ហើយថា ការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មមួយចំនួនដែលពាក់ព័ន្ធនឹងការនាំចេញប្រេង និងម៉ាស៊ូតរបស់រុស្ស៊ី គឺត្រូវការពេលវេលាដើម្បីវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានព្រមានថា ការបន្ធូរបន្ថយសម្ពាធលើទីក្រុងមូស្គូគឺជាការសម្រេចចិត្តខុស ព្រោះរុស្ស៊ីមិនបានបង្ហាញសកម្មភាពស្របគ្នា ដើម្បីជំរុញសន្តិភាពនោះឡើយ។ លោកក៏បានលើកឡើងពីការព្រួយបារម្ភថា ការសម្រេចចិត្តរបស់អាម៉េរិកអាចបង្កើនសម្ពាធឱ្យអ៊ុយក្រែនទទួលយកលក្ខខណ្ឌដែលមិនអំណោយផល។ ផ្ទុយទៅវិញ លោក ត្រាំបានចោទប្រកាន់លោក ហ្សេឡិនស្គីថា មិនចង់បញ្ចប់សង្គ្រាម។

ដោយឡែក កាសែត The Wall Street Journal បានចុះផ្សាយថា លោក ពូទីនបានលើកសំណើរៀបចំជំនួបកំពូលត្រីភាគីអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំកាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ។ ជំនួបនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការទេ ប៉ុន្តែអាចនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន នៅខែវិច្ឆិកាខាងមុខ។

សេចក្តីរាយការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីតួនាទីរបស់អ៊ុយក្រែន ប្រសិនបើជំនួបនេះពិតជាកើតឡើងដោយគ្មានវត្តមានលោក ហ្សេឡិនស្គីចូលរួម ខណៈរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តវាយប្រហារគ្នា ហើយភាពតានតឹងរវាងទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោនកាន់តែឡើងកម្ដៅ។ គិតត្រឹមពេលនេះ ជំនួបកំពូលត្រីភាគីដែលបានស្នើឡើង និងកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕




អត្ថបទបន្ទាប់


ថៃបង្កើនការបង្ក្រាបលើជនបរទេសទិញដីខុសច្បាប់ និងរឹតបន្តឹងការទិញលក់ដីធ្លីថ្មីៗ

អាជ្ញាធរថៃកំពុងបង្កើនការបង្ក្រាបលើការកាន់កាប់ដីធ្លីខុសច្បាប់ដោយជនបរទេស និងការប្រើប្រាស់ឈ្មោះពលរដ្ឋថៃជាអ្នកតំណាង។ រដ្ឋាភិបាលក៏បានដាក់ចេញវ…

វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអឺរ៉ុបចំនួន៤ ដើម្បីពង្រីកទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមានសមាជិក៤ប្រទេស គឺស្វីស ន័រវែស អ៊ីស្លង់ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ