សេដ្ឋកិច្ច​អាមេរិក​ដាំក្បាលចុះខ្លាំង​

មហាអំណាចទី១ ក្នុងលោក មានសេដ្ឋកិច្ចដាំក្បាលចុះ​ខ្លាំង​ជាប្រវត្តិសាស្រ្ត ដល់ទៅ៣២,៩% នៅត្រីមាសទី២ ឆ្នាំ២០២០


ព្យុះភ្លៀង​នៃវិបត្តិ​កូវីដ-១៩ បាននិងកំពុង​បន្ដបោកបក់​​យ៉ាងខ្លាំង ទៅលើ​សេដ្ឋកិច្ច​ទូទាំងពិភពលោក។ ក្នុងនោះដែរ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា​ជាមហាអំណាច​សេដ្ឋកិច្ចទី១ ក្នុងលោកនោះ បាន​បង្ហាញ​ពី​​ការដាំក្បាល​ចុះ​សេដ្ឋកិច្ច​យ៉ាងគំហុកជាប្រវត្តិសាស្ត្រ រហូតដល់ទៅ ៣២,៩% នៅត្រីមាសទី២ ឆ្នាំ២០២០នេះ ដោយការធ្លាក់ចុះនេះ គឺមិនធ្លាប់មានឡើយតាំងពីឆ្នាំ១៩៤៧មកម្ល៉េះ។
អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក(រូបភាព Lima Charlie news)
ដោយ

សារព័ត៌មាន​អន្តរជាតិ​ធំៗ​បាន​រាយការណ៍ថា ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​របស់​អាមេរិក ត្រូវបាន​អះអាងថា បណ្ដាលមកពី​មេរោគ​ដ៏កាច​សាហាវ​កូវីដ-១៩ ដែលកំពុង​រាតត្បាត កាន់តែខ្លាំង​ក្លាបន្ថែមទៀត និងបាន​ធ្វើឲ្យក្តីរំពឹង​សេដ្ឋកិច្ច​នឹងងើប​ឡើងវិញនោះ គឺកាន់តែ​ឃ្លាតទៅ​ឆ្ងាយឡើងៗ។

បើទោះបីជា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា សេដ្ឋកិច្ចអាមេរិក នឹងងើបឡើង​វិញ​យ៉ាងគំហុក ក្នុងពេលឆាប់ៗ ជាក់ស្តែង ស្ថានការណ៍​នៃការឆ្លង​មេរោគ​កូវីដ-១៩ កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន និងបាន​បង្ខំឲ្យ​អាជ្ញាធរ​ជាច្រើន​សម្រេច​ដាក់ការ​រឹតបន្តឹង​ឡើងវិញ។

លើសពីនេះ​ទៅទៀត ចំនួនអត្រា​អ្នកគ្មាន​ការងារធ្វើ ចាប់ផ្តើម​ងើបឡើងវិញ យ៉ាងឆាប់រហ័ស ដែល​ទាមទារឲ្យ​សភាអាមេរិក ត្រូវបាន​អនុម័តលើ​គម្រោង​ថវិកាសង្គ្រោះ​បន្ទាន់ ដើម្បីគាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃសភាពាណិជ្ជកម្ម​អាមេរិក បានលើកឡើងថា ព័ត៌មាននៃ​ការធ្លាក់ចុះ​ GDP​ របស់អាមេរិក នៅក្នុងត្រី​មាសទី ២នេះ បានធ្វើឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង ហើយទិន្នន័យ​នេះ គួរតែបង្ខំដល់ សភា​អាមេរិក ឲ្យបញ្ចេញ​សកម្មភាព ឲ្យបាន​លឿនបំផុត ដើម្បីជួយដល់​ជនជាតិ​អាមេរិក​ដែលគ្មាន​ការងារធ្វើ ជួយដល់​និយោជក ស្ថាប័នរដ្ឋ និងរដ្ឋាភិបាល​ក្នុងស្រុក ជាពិសេស​ជួយដល់ អាជីវកម្ម​ដែលគោរព​តាម​វិធានណែនាំ​ផ្នែកសុខាភិបាល។

លោក Jerome Powell ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃធនាគារ​កណ្តាល​អាមេរិក បានគូស​បញ្ជាក់ថា ការកើន​ឡើងនូវ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ចាប់ពីពាក់​កណ្តាល​ខែមិថុនា​មក គឺបានដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ចជាតិ ហើយការងើប​ឡើងវិញ​នៃសេដ្ឋកិច្ច គឺអាស្រ័យ​ទៅលើ វិធានការ​ទប់ស្កាត់​មេរោគនេះ។

លោកបន្តថា ផ្លូវដើរទៅមុខ​នៃសេដ្ឋកិច្ច​ជាតិ គឺអាស្រ័យ​ទៅលើ​ស្ថានការណ៍​មេរោគឆ្លង​នេះ​ ថាតើ អាមេរិក អាច​ចាត់វិធានការ​បែបណាខ្លះ ឲ្យមាន​សុវត្ថិភាព ពោលគឺ​ការរក្សា​គម្លាតសង្គម និងការបើក​ដំណើរការ​អាជីវកម្ម ត្រូវតែ​ដើរព្រមៗគ្នា មិនមែន​ប្រឆំាង​នឹងគ្នាឡើយ។

យ៉ាងណាក៏ដោយ ការធ្លាក់ចុះ​នូវ GDP របស់អាមេរិក​ដល់ទៅ ៣២,៩% គឺដោយសារតែ ការចំណាយ​ប្រើប្រាស់ នៅក្នុងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អាមេរិក បានធ្លាក់ចុះ​ខ្លាំង ដល់ទៅ ៣៤% ក្នុងត្រីមាស​ទី២នេះ ហើយវាស្រដៀង​ទៅនឹង ការព្យាករ​របស់​សេដ្ឋកិច្ចវិទូ ដែលប៉ាន់​ប្រមាណថា សកម្មភាព​សេដ្ឋកិច្ច​អាមេរិក​នឹងថយចុះ ៣៥% ដោយសារតែ​ការផ្អាក​អាជីវកម្ម និងការធ្វើ​ដំណើរ​ទូទាំង​ប្រទេស ព្រមទាំងមាន​ការបំផ្លាញ​ការងារជាង ១០លានកន្លែង​ថែមទៀតផង។

លើសពីនេះ របាយការណ៍ពី នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានបង្ហាញថា ក្នុងត្រីមាសទី ២​នេះ ការនាំចេញ​ទំនិញ​របស់​អាមេរិក ធ្លាក់ចុះ​ដល់ទៅ ៦៤% ខណៈការ​នាំចូល​ទំនិញ​មកពី​ក្រៅប្រទេស ក៏ធ្លាក់​ចុះ​ដូចគ្នា ប្រមាណ ៥៣%។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃ​ទី ៣១ ខែវិច្ឆិកា នេះ ​ករណីឆ្លង​មេរោគ​កូវីដ-១៩ នៅសហរដ្ឋ​អាមេរិក បានកើន​ឡើងលើស​ ៤លាន ៤សែន​ករណី​ហើយ ខណៈអ្នកស្លាប់ កើនដល់ជាង ១៥ម៉ឺននាក់ ហើយអ្នក​ព្យាបាល​ជាសះស្បើយ​មានជាង​ ២លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៥ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច តើនឹងជួយដល់វិស័យ​អ្វីខ្លះ​ទៀត?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ៤ជុំរួចមកហើយ ក្នុងការស្ដារ និងជំរុញដល់សេដ្ឋកិច្ច ហើយ នៅថ្ងៃទី ៣១ កក្កដានេះ រាជរដ្ឋាភិបាលកម្ពុ…

វៀតណាមរកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការនាំចេញបង្គា​នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាការនាំចេញគ្រឿងសមុទ្រសរុបរបស់វៀតណាម មានការធ្លាក់ចុះបន្តិច នៅក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ក៏ដោយចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ