កូរ៉េខាងជើងអាចសាកល្បងអាវុធនុយន្លេអ៊ែរបានគ្រប់ពេល

តំណាងប្រេសិតពិសេសអាមេរិកថា កូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនគ្រប់ពេលវេលា


បញ្ហាឧបទ្វីបកូរ៉េ បាននិងកំពុងតានតឹងកាន់តែខ្លាំងមែនទែនហើយ ខណៈដែលតំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយនៅថ្ងៃទី ៧មិថុនាថា ប្រទេសកូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន "នៅពេលណាក៏បាន" ដោយសារការចរចាកន្លងមក មិនបានបង្ហាញពីផលប្រយោជន៍ត្រឡប់មកឲ្យខ្លួនវិញនោះទេ។
តំណាងប្រេសិតពិសេសអាមេរិកថា កូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនគ្រប់ពេលវេលា

យ៉ាងណាមិញ ការសាកល្បងអាវុធមីស៊ីលជាច្រើនលើក ច្រើនសាររបស់ទីក្រុងព្យុងយ៉ាងនៅប៉ុន្មានខែចុងក្រោយនេះ ក៏បានដុតកម្ដៅឲ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺអាមេរិក មិនអាចឱបដៃឈរមើលឡើយ ដោយថ្មីៗនេះសម្ព័ន្ធមិត្តទាំងពីរ ក៏បានរួមគ្នាបាញ់បង្ហោះមីស៊ីល ដើម្បីសម្ញែងឫទ្ធ ឆ្លើយតបទៅកាន់កូរ៉េខាងជើងវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោក សុន គីម (Sung Kim) តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយមន្ត្រីទីក្រុងព្យុងយ៉ាងមួយចំនួនក៏បានប្រើវោហាសាស្ត្រ ដែលបង្ហាញពីផែនការ អាចស្នើឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលណាមួយរបស់ខ្លួនផងដែរ។

លោក សុន គីម បានរំលឹកឡើងវិញថា តាមការវាយតម្លៃរបស់សហរដ្ឋអាមេរិក កូរ៉េខាងជើងកំពុងរៀបចំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិករូបនេះ បានកត់សម្គាល់ថា កាលពីថ្ងៃទី ៥ ខែមិថុនា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៨ គ្រាប់ចេញពីផ្នែកផ្សេងៗនៃប្រទេសរបស់ខ្លួន ដែលជាការបាញ់បង្ហោះច្រើនបំផុតមិនធ្លាប់មានពីមុនមក។

លោកបានគូសបញ្ជាក់ទៀតថា "គិតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងសរុបចំនួន ៣១ គ្រាប់ក្នុងឆ្នាំ ២០២២ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន បើធៀបនឹងឆ្នាំ ២០១៩ ដែលមានត្រឹម ២៥ គ្រាប់ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា លោក សុន គីម បានបញ្ជាក់ជាថ្មីពីឆន្ទៈនិងគោលជំហររបស់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានានា ដែលក្រុងព្យុងយ៉ាងកំពុងជួបប្រទះ។ លោកបានបន្ថែមថា ផ្ទុយទៅវិញ ទីក្រុងព្យុងយ៉ាងហាក់មិនបានបង្ហាញពីជំហរក្នុងការចូលរួមជាមួយអាមេរិកនោះទេ ជាអាទិ៍ដូចជា ការផ្ដល់ជំនួយពីអាមេរិក ដើម្បីដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងនាពេលថ្មីៗនេះជាដើម។

គួររំលឹកថា កាលពីថ្ងៃទី ៧មិថុនា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នាមួយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វេនដី ស៊ើរមែន (Wendy Sherman) មកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតប "យ៉ាងរហ័ស និងកំញើញផងដែរ" ប្រសិនបើកូរ៉េខាងជើង ហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរមែននោះ។ កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ក៏បានរួមគ្នាទទូចឲ្យកូរ៉េខាងជើងវិលមករកតុចរចាគ្នាឡើងវិញ និងជំរុញឲ្យមានការទទួលយកជំនួយកូវីដ១៩ សម្រាប់សង្គ្រោះពលរដ្ឋកូរ៉េខាងជើង ដែលកំពុងប្រឈមនឹងការរាតត្បាតកូវីដ១៩ខ្លាំងក្លាផងដែរ។

យ៉ាងណាមិញ តំណាងប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានថ្លែងថា វាជារឿងគួរឲ្យសោកស្តាយណាស់ដែលចិន និងរុស្ស៊ីបានវេតូចំពោះការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ។

ប្រេសិតពិសេសអាមេរិករូបនេះ សង្កត់ធ្ងន់ថា "កង្វល់មួយរបស់លោកគឺថា នៅពេលដែលកូរ៉េខាងជើង មើលឃើញថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មិនអាចឆ្លើយតបរួមគ្នា ចំពោះទង្វើរបស់ខ្លួនបាន នោះជាការពិត វានឹងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងនៅតែបន្តសកម្មភាពបង្កហេតុបន្ថែមទៀត ចំពោះកម្សោយនៃអង្គការអន្តរជាតិមួយនេះ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមមន្ត្រីចិនព្រួយបារម្ភខ្លាចថា ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើងឆ្លងចូលប្រទេសខ្លួន

ព័ត៌មាន
ក្រុមមន្ត្រីមួយចំនួននៅក្នុងទីក្រុងមួយនៃប្រទេសចិន ដែលជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា ពួកគេមិនអាចកំណត់ដឹងច្បាស់ទេថា តើការឆ្…

អ្នកជំនាញ៖ បញ្ហាកង្វះខាតស្បៀងអាហារ នឹងអាចបង្កជាវិបត្តិធ្ងន់ធ្ងរសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកសុខភាព និងចំណីអាហារបានព្រមានថា ការកើនឡើងនៃកង្វះខាតស្បៀងអាហារ អាចនឹងក្លាយជាឱ្យការគំរាមកំហែងលើវិស័យសុខាភិបាលថ្មីមួយទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ