
វាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលទុនបម្រុងជាមាសរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកបានកើនឡើងលើស១ទ្រីលានដុល្លារជាលើកដំបូង ក្រោយហាងឆេងមាសហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់៤,៦៦៥ដុល្លារក្នុងមួយតម្លឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទោះជាបែបនេះក្តី ទុនបម្រុងជាមាសរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅតែត្រូវបានកត់ត្រាជាផ្លូវការត្រឹមតែ៥១ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយតម្លឹង ជាតម្លៃដែលបានកំណត់តាំងពីឆ្នាំ១៩៧៣ ដូច្នេះតួលេខផ្លូវការនៅក្នុងបញ្ជីរបស់រដ្ឋាភិបាលអាម៉េរិក គឺមានតម្លៃសរុបត្រឹមតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ។
ហាងឆេងមាសហក់ឡើងមិនធ្លាប់មានជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា បណ្ដាវិនិយោគិនសម្រុកទិញចូលមាសទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាព ស្របពេលពិភពលោកកំពុងផ្ទុះសង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីថវិកាជាតិរបស់សហរដ្ឋអាម៉េរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ទុនបម្រុងជាមាសរបស់សហរដ្ឋអាម៉េរិកភាគច្រើនត្រូវបានរក្សាទុកនៅឃ្លាំងស្តុកមាស Fort Knox ក្នុងរដ្ឋ Kentucky ហើយសល់ប៉ុន្មានរក្សាទុកនៅ West Point រដ្ឋ Denver និងទូដេកក្រោមដីរបស់ធនាគារកណ្ដាលអាម៉េរិកក្នុងទីក្រុងញូវយ៉ក៕
ដោយ: តែម សុខុម