វត្ថុបុរាណដែលត្រូវបានគេលួចទៅចំនួន ២៧ដុំ

សហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណដែលត្រូវបានគេលួចទៅចំនួន ២៧ដុំ បញ្ជូនត្រឡប់មកកម្ពុជាវិញ


វត្ថុបុរាណដែលត្រូវបានលួចចេញទៅពីកម្ពុជាចំនួន ២៧ដុំ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងពិធីមួយនៅសារមន្ទីរជាតិកម្ពុជា។ ការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនេះ ក្រោមការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក។
វត្ថុបុរាណដែលត្រូវបានគេលួចទៅចំនួន ២៧ដុំ រូបភាពដោយ : Voun Dara

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។ លោក Kritenbrink ថែមទាំងបានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧ ដុំនេះ។

លោក Kritenbrink បានមានប្រសាសន៍ថា៖ «ពិធីនៅថ្ងៃនេះគឺជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឲ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារសំខាន់ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា»។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌។ យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា ហើយនិងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង»។

ជាមួយគ្នានោះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានប្រកាសពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦ ០០០ដុល្លារ ដែលត្រូវបានផ្តល់រួចហើយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

លោក Murphy បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក»។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុងនោះ រួមមានជាង ៣,៥ លានដុល្លារសម្រាប់អភិរក្សនិងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង៕




អត្ថបទបន្ទាប់


ក្រសួងសាធារណការ ប្រាប់ក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឲ្យមកចុះបញ្ជីអាជីវកម្ម

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំដល់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជី…

ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងបង្កក្តីបារម្ភដល់ល្បែងពាណិជ្ជកម្មស្របច្បាប់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអេឡិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ