វិស័យសេដ្ឋកិច្ច

ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងប្រកបអាជីវកម្មនៅភ្នំពេញនៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបាន


អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមកត់សម្គាក់ឃើញថា ការរំលោភយកចិញ្ចើមផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញពីសំណាក់ប្រជាពលរដ្ឋ និងអាជីករមួយចំនួនសម្រាប់ធ្វើជាទីតាំងលក់ដូរ និងប្រកបអាជីវកម្មផ្សេងៗ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបាន បើទោះបីជាអាជ្ញាធរពាក់ព័ន្ធបានបង្ហាញពីការប្តេជ្ញាក្នុងការដោះស្រាយម្តងហើយម្តងទៀតយ៉ាងណាក្តី។
វិស័យសេដ្ឋកិច្ច
ដោយ

បញ្ហានេះបានធ្វើឱ្យមានការចោទជាសំណួរថា ហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានបណ្តែតបណ្តោយឱ្យពលរដ្ឋ និងអាជីវករបន្តរំលោភយកចិញ្ចើមផ្លូវធ្វើជាទីតាំងប្រកបអាជីវកម្មយ៉ាងដូច្នេះ? ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗ បានជំរុញអភិបាលខណ្ឌទាំងអស់យកចិត្តទុកដាក់ដោះស្រាយបញ្ហាការរំលោភដីចិញ្ចើមផ្លូវ ក៏ដូចជាបញ្ហាសំរាម និងបញ្ហាសំណង់អនាធិបតេយ្យ ដែលសាងសង់រំលោភលើប្រឡាយ និងប្រព័ន្ធលូ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានចាត់ទុកការរំលោភយកចិញ្ចើមផ្លូវមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួននៅរាជធានីភ្នំពេញសម្រាប់ប្រកបអាជីវកម្មផ្សេងៗ ជាជំងឺដ៏រ៉ាំរ៉ៃនៅក្នុងសង្គមកម្ពុជាដែលពិបាកព្យាបាល។ អ្នកជំនាញរូបនេះបានវាយតម្លៃថា កត្តាដែលជំរុញឱ្យបញ្ហាដ៏ដ៏រ៉ាំរ៉ៃនេះនៅតែបន្តកើតមាន ក៏ដោយសារភាពធូរលុងរបស់អ្នកអនុវត្តច្បាប់ ដែលមិនព្រមចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយបណ្តោយឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សោភ័ណ្ឌភាពនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បញ្ហការរំលោភចិញ្ចើមផ្លូវ ដែលបង្ករឱ្យមានការកកស្ទះចរាចរណ៍នៅរាជធានាភ្នំពេញ និងតាមទីប្រជុំជនមួយចំនួននោះ គឺមិនមែនជាបញ្ហាថ្មីនោះទេសម្រាប់កម្ពុជា ក៏ប៉ុន្តែបញ្ហានេះនៅតែមិនអាចដោះស្រាយបាននៅឡើយ។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ បញ្ហាការរំលោភចិញ្ចើមផ្លូវនេះ មិនត្រឹមកើតមានតែនៅក្នុងតំបន់ទីក្រុងចាស់ដែលមិនអាចដោះស្រាយចេញនោះទេ តែសូម្បីតែតំបន់ដែលទើបបង្កើតឡើងថ្មីៗ ក៏មិនមានការគិតគូរអំពីបញ្ហារំលោភចិញ្ចើមផ្លូវនេះដែរ ដោយណ្តាយឱ្យបញ្ហានេះកើតមានឡើងដដែលៗ។ សម្រាប់លោកបណ្ឌិត យង់ ពៅ ប្រសិនចង់ឱ្យវិធានការរំដោះចិញ្ចើមផ្លូវទទួលបានជោគជ័យតម្រូវឱ្យមានចំណាត់ការដោះស្រាយឱ្យច្បាស់លាស់ពិតប្រាកដ និងមានតម្លាភាព។

ជុំវិញបញ្ហាសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់ត្រូវមានភាពច្នៃប្រឌិត និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាការរំលោភដីចិញ្ចើមផ្លូវ បញ្ហាសំរាម និងសំណង់អនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅតាមដងផ្លូវឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា វិធានការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរតាមបណ្តាខណ្ឌនីមួយៗបានចាត់វិធានការអនុវត្តយូរឆ្នាំណាស់មកហើយ។ ប៉ុន្តែក្រោយអាជ្ញាធរចេញផុត ការដាក់លក់ឥវ៉ាន់ និងទំនិញនានា រួមទាំងការចតយានយន្តលើចិញ្ចើម និងចំណែកផ្លូវបានកើតមានដដែល៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច បានរៀបចំយុទ្ធនាការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខេត្តចំនួន៩

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការជំរុញការធ្វើ ប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យ…

និយ័តករមូលបត្ររំពឹងការស្រូបទាញទុនពីទីផ្សារភាគហ៊ុនកើនលើស៧០០លានដុល្លារនៅដើមឆ្នាំ២០២៦

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ក្នុងនោះ១១ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១៤ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ