
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រុមហ៊ុនវីរៈប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង៣ម៉ឺនតោនពីសហគមន៍កសិកម្មទំនើបចំនួន៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី៩៥០រៀល ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ដែលនេះ គឺជាការតភ្ជាប់ទីផ្សារទុកជាមុន នៃអត្ថប្រយោជន៍ដ៏សំខាន់មួយក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើប។ ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ជំរុញឱ្យកសិករដែលចង់ទទួលបានការធានាតម្លៃស្រូវក្នុងកម្រិតល្អប្រសើរបែបនេះក្នុងរដូវប្រមូលផល កសិករគួរចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដ្បិតថាវាជាជម្រើសដែលក្រុមហ៊ុនបញ្ជាទិញត្រូវការ ហើយការធ្វើបែបនេះគឺផ្តល់ភាពច្បាស់លាស់ដល់កសិករជាសមាជិក។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនខ្លួនសហការជាមួយក្រសួងកសិកម្មក្នុងការចុះកិច្ចសន្យាប្រមូលទិញស្រូវពីកសិករក្នុងសហគមន៍កសិកម្មទំនើបខាងលើនេះ ក៏ដោយសារតែមានការធានាច្បាស់លាស់ក្នុងការផ្គត់ផ្គង់ ពោលគឺក្រុមហ៊ុននឹងប្រមូលទិញស្រូវពីកសិករក្នុងសហគមន៍កសិកម្មទំនើបប៉ុណ្ណោះ។ តាមរយៈបរិមាណស្រូវជាង៣ម៉ឺនតោន ដែលបានចុះកិច្ចសន្យាទិញពីកសិករនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងផលិតជាអង្ករ ដើម្បីដាក់លក់នៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅឆ្នាំ២០២៦ ខណៈក្រុមហ៊ុនខ្លួន ក៏កំពុងសម្លឹងមើលការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប អូស្រ្តាលី និងអាម៉េរិក នាពេលខាងមុខផងដែរ។
គួរជម្រាបថា ការចងក្រងជាសហគមន៍កសិកម្មទំនើប មិនត្រឹមជួយការពារហានិភ័យទីផ្សារដល់ប្រជាកសិករនោះទេ ហើយពួកគេនឹងទទួលបានផលចំណេញខ្ពស់តាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេស និងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបជាដើម៕
អត្ថបទ សោម ស្រីពេជ្រ