សេដ្ឋកិច្ចចិន

តើមានកត្តារំខានអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចចិននៅត្រីមាសទី៣ឆ្នាំនេះថមថយកំណើនខ្លាំង?


សេដ្ឋកិច្ច ចិននៅត្រីមាសទី៣ឆ្នាំនេះ បានបង្ហាញពីកំណើនយឺតបំផុតមួយ ក្រោយរងផលប៉ះពាល់ដោយសារ វិបត្តិខ្វះខាតថាមពល ការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ និងការរង្គោះរង្គើដ៏ធំនៅក្នុងទីផ្សារអចលនទ្រព្យជាដើម។ ប្រការនេះបាននិងកំពុងបង្កើនសម្ពាធដល់ក្រុងប៉េកាំង ដើម្បីធ្វើការងារបន្ថែមទៀត ក្នុងការជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ពិភពលោកមួយនេះ និងដើម្បីដោះស្រាយបញ្ហាផ្ទួនៗដែលបាននិងកំពុងកើតមានឡើងនៅចំពោះមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សកម្មភាពនៃការធ្វើការងារ​ របស់ប្រជាជនចិន នៅអំឡូងពេលវិបត្តិកូវីដ១៩

បើ​តាម​ទិន្នន័យ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨ តុលា​បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប​ឬ GDP របស់​ចិន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ មាន​កំណើន ត្រឹម​៤,៩%​ប៉ុណ្ណោះ ដែល​ជា​កំណើន​មួយ​ទាប​បំផុត បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំទៅ​មិ​ញ​។ កំណើន​នេះ​ផង​ដែរ ជា​តួលេខ​ដែល​ផ្ទុយ​ពី​ការ​ព្យាករ​របស់​រដ្ឋាភិបាល​ចិន​កន្លង​មក​ដែល​ថា សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី​៣ នឹង​អាច​មាន​ដល់​ទៅ ៦%​។

អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ច័ន្ទ​ដដែល​ថា កំណើនសេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ចិន​នៅ​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយ​។

គួរ​ជម្រាប​ថា កត្តា​ដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត​ដូចនេះ គឺ​កើតឡើង​ដោយសារ​តែ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​កំពុង​ប្រឈម​មុខ​ដោះស្រាយ​នឹង​បញ្ហា​ដែល​បាន​កើតឡើង​ផ្ទួន​ៗ​ជា​ច្រើន​ដូច​ជា វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន Evergrande, បញ្ហា​ខ្វះខាត​ថាមពល ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង ផលិតកម្ម​ជាដើម​។

ជុំវិញ​បញ្ហា​កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការ​រំពឹង​ទុក​នេះ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​ចិន លោក​លី ឃឺ ឈាំ​ង ក៏​បាន​ចេញ​មុខ​មក​អះអាង​កាលពី​ស​ប្តា​ហ៍​មុន​ដែរ​ថា រដ្ឋអំណាច​ចិន​មាន​សមត្ថភាព និង​មាន​វិធីសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​វិបត្តិ​ទាំង​អស់នេះ​បាន​។

ដោយឡែក ប្រធាន​ធនាគារកណ្តាល​របស់​ចិន លោក យី ហ្គា​ង (Yi Gang) បាន​ចេញ​មក​ធ្វើការ​អះអាង​ម្តង​ហើយ​ម្តងទៀត​ដែរ​ថា អាជ្ញាធរ​ចិន​នឹង​អាច​ទប់ស្កាត់​បាន នូវ​ហានិភ័យ​សេដ្ឋកិច្ច ជា​ពិសេស​ទប់ស្កាត់​មិន​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បង្ក​ឡើង​ដោយ បញ្ហា​បំណុល​របស់​ក្រុមហ៊ុន Evergrande​នៅឡើយ​។

លោក យី បាន​ទទួលស្គាល់​ថា វិបត្តិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Evergrande ពិតជា​បង្ក​ការ​ព្រួយបារម្ភ​បន្តិច​មែន​សម្រាប់​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​សរុប​មក​អាជ្ញាធរ​អាច​ទប់ស្កាត់​វិបត្តិ​នេះ​បាន​។

សូម​ជម្រាប​ថា ទោះបី​សេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ភ្លៀង​ផ្ទួន​ៗ ដែល​ឈាន​ទៅ​បង្អាក់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាងណា​ក្តី ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF នៅ​តែ​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នាំ​២០២១ ក្នុង​កម្រិត​មួយ​ខ្ពស់​ដដែល ពោល​គឺ​អត្រា​៨% ធ្លាក់​ចុះ​ពី​ការ​ព្យាករ​កន្លង​មក​តែ ០,១%​ប៉ុណ្ណោះ​។ តួលេខ​នេះ ដូច​ទៅ​នឹង​ធនាគារកណ្តាល​ចិន​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​ចិន​នឹង​មាន​កំណើន​៨% នៅ​ពេញ​មួយ​ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផលការស្ទង់មតិ៖ ពលរដ្ឋថៃភាគច្រើននិយាយថា ការសម្រេចបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល គឺឆាប់ពេក

ព័ត៌មាន
ការស្ទង់មតិមួយដែលធ្វើឡើងនៅក្នុងប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋដែលត្រូវបានស្ទង់មតិភាគច្រើនបានបង្ហាញពីការមិនយល់ស្របទៅនឹងការសម្រេចបើកប្រទេសឡើ…

តួលេខកំណើនសេដ្ឋកិច្ចចិនថយចុះ ធ្វើឲ្យរង្គើដល់ផ្សារភាគហ៊ុនចិន និងហុងកុង

ព័ត៌មាន
ផ្សារភាគហ៊ុននៅចិនដីគោក និងហុងកុង បានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានការលេចឡើងនូវទន្នន័យអំពីការថមថយចុះនៃកំណើនសេដ្ឋកិច្ចរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ