តម្លៃមាស

តម្លៃមាសអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?


តម្លៃមាសត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់កំណត់ត្រាខ្ពស់បំផុត ពោលគឺអាចនឹងមានលើសពី២ពាន់ដុល្លារក្នុង១អោន ឬជាង៨ជីមាស នៅឆ្នាំ២០២៣នេះ ខណៈដែលសហរដ្ឋអាមេរិក នឹងបន្ថយល្បឿនដំឡើងអត្រាការប្រាក់គោល ហើយអាចនឹងបញ្ឈប់ការដំឡើងតែម្តងនៅពេលណាមួយក្នុងឆ្នាំនេះ ក្នុងគ្រាដែលសម្ពាធអតិផរណាបានបង្ហាញពីនិន្នាការធ្លាក់ចុះ។
តម្លៃមាសត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់បំផុតក្នុងឆ្នាំនេះ
ដោយ

ទន្ទឹមនឹងនេះ មាសដែលកំពុងឡើងថ្លៃចាប់ពីដើមខែមករាមកនេះ ក៏ដោយសារតែវាជារដូវកាលចូលឆ្នាំប្រពៃណីចិន ក៏ដូចជាការបើកប្រទេសចិនឡើងវិញ ដែលបានជំរុញសម្ទុះនៃតម្រូវការមាសកាន់តែកើនឡើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ ស្ថិតក្នុងតម្លៃលើសពី ១៩០០ដុល្លារក្នុង១អោនទៅហើយ ពោលគឺកើនឡើងប្រហែល១៨% គិតចាប់ពីដើមខែវិច្ឆិកាមក ខណៈសម្ពាធអតិផរណាបានស្រកចុះបន្តិច ដែលកំពុងបើកផ្លូវដល់ការផ្អាកដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក។ ជាក់ស្តែង អត្រាអតិផរណានៅអាមេរិក បានធ្លាក់ចុះពី ៧,១% មកនៅត្រឹម ៦,៥៥% នៅក្នុងខែធ្នូកន្លងទៅថ្មីៗនេះ។

កន្លងមក ការកើនឡើងយ៉ាងឆាប់រហ័សនូវអត្រាការប្រាក់គោល បានប៉ះពាល់ដល់តម្លៃមាសយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលបានធ្លាក់ចុះរហូតនៅសល់ត្រឹមជាង ១ពាន់៦រយដុល្លារក្នុង១អោនកាលពីខែកញ្ញា ដែលបានស្រុតចុះពីចំនួនខ្ពស់បំផុតជាង ២ពាន់ដុល្លារក្នុង១អោន កាលពីខែមីនាឆ្នាំ២០២២ ដែលមាសមួយអោន ស្មើនឹងជាង៨ជីនៃមាស។

ក្រុមអ្នកវិភាគនៅធនាគារអាមេរិក (Bank of America) បាននិយាយថា តម្លៃរូបិយបណ្ណដុល្លារអាមេរិក និងសញ្ញាបណ្ណ ដែលកំពុងធ្លាក់ចុះវិញ នឹងជួយជំរុញតម្លៃមាសឱ្យឡើងដល់ជាង២ពាន់ដុល្លារក្នុង១អោននៅប៉ុន្មានខែខាងមុខនេះ។

បើតាមក្រុមប្រឹក្សាមាសពិភពលោក(world gold council) បានឱ្យដឹងថា បណ្តាធនាគារកណ្តាលរបស់ប្រទេសនីមួយៗ នឹងបន្តបង្កើនចំនួនមាសក្នុងឃ្លាំង បន្ទាប់ពីការទិញមាសយ៉ាងច្រើនបំផុតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២កន្លងមក។

ដោយឡែក សម្រាប់សប្តាហ៍នេះ តម្លៃមាសត្រូវបានរំពឹងថា នឹងឈានដល់ ១៩៥០ដុល្លារក្នុង១អោន ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល៨ខែចុងក្រោយនេះ។ នេះបើតាមការព្យាកររបស់ក្រុមហ៊ុន Hua Seng Heng Gold Futures ដែលបានដកស្រង់មកចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនជួញដូរមាសដដែលនេះ បានឱ្យដឹងថា តម្លៃមាសបានកើនឡើងដល់ជាង ៥%ហើយ ចាប់តាំងពីដើមខែមករានេះមក ហើយវានឹងបន្តកើនឡើងតម្លៃថែមទៀត ប៉ុន្តែក៏មានការបារម្ភខ្លះដែរថាតម្លៃមាសនឹងធ្លាក់ចុះវិញក្រោយបុណ្យចូលឆ្នាំប្រពៃណីចិន។

គួរបញ្ជាក់ថា ការទិញមាសនៅក្នុងប្រទេសចិន មានសន្ទុះយ៉ាងខ្លាំងនៅអំឡុងពេលជិតចូលមកដល់ នូវពិធីបុណ្យចូលឆ្នាំចិន។ នេះក៏ដោយសារតែមាស មានជាប់ពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីរបស់ជនជាតិចិន ដ៏មានអត្ថន័យ។ ទន្ទឹមនឹងនេះ អ្នកវិនិយោគក៏មានក្តីសង្ឃឹមចំពោះសេដ្ឋកិច្ចងើបឡើងវិញរបស់ចិនផងដែរក្នុងរយៈពេលបីទៅបួនខែទៀត បន្ទាប់ពីការបើកប្រទេសឡើងវិញ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


សិង្ហបុរីសង្ឃឹមអាចជួយទាក់ទាញការវិនិយោគពីបរទេសបន្ថែម ក្រោយការឲ្យប្រើប្រាស់ទិដ្ឋាការថ្មី

ព័ត៌មាន
ប្រទេសដីកោះសិង្ហបុរីដែលមានប្រជាជនត្រឹមប្រមាណ៥,៦លាននាក់បាន ពឹងផ្អែកលើកម្លាំងរបស់អ្នកជំនាញពីក្រៅប្រទេសជាយូរមកហើយ ក្នុងការបំពេញបន្ថែមកម្លាំង…

ជប៉ុននិងឥណ្ឌា ចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូង បង្ហាញសាច់ដុំដាក់យោធាចិន

ព័ត៌មាន
ជប៉ុន និងឥណ្ឌាបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូងនៅក្នុងតំបន់មួយ ក្បែរទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ខែមករា ហើយប្រទេសយក្សទាំងពីរក៏បានបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ