តើធនាគារពិភពលោកមានការព្យាករបែបណាខ្លះ

តើធនាគារពិភពលោកមានការព្យាករបែបណាខ្លះ ចំពោះសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ និងឆ្នាំ២០២៤?


ការព្យាករថ្មីរបស់ធនាគារពិភពលោកកាលពីថ្ងៃអង្គារទី៦មិថុនាបង្ហាញថា កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងអត្រាក្នុងការព្យាករពីមុន ដោយសារតែសហរដ្ឋអាមេរិក ចិន និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត បានបង្ហាញភាពធន់ច្រើនជាងអ្វីដែលគេបានព្យាករទុកទៅទៀត។ក៏ប៉ុន្ដែ នៅឆ្នាំ២០២៤ ធនាគារពិភពលោកក៏ប្រមើលឃើញដែរថា អត្រាការប្រាក់ខ្ពស់ និងលក្ខខណ្ឌឥណទានដែលកាន់តែតឹងតែង នឹងទាញអត្រាកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ ឱ្យកាន់តែទាបជាងការព្យាករពីមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ធនាគារពិភពលោកមានការព្យាករចំពោះសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ និងឆ្នាំ២០២៤

ធនាគារពិភពលោកបាននិយាយក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចសកលចុងក្រោយបំផុតរបស់ខ្លួនថា អត្រាកំណើនពិតនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង ២,១% នៅឆ្នាំ២០២៣នេះ ពោលគឺកើនលើសពីការព្យាករកាលពីខែមករាដែលថាមានអត្រា ១,៧%។ ប៉ុន្ដែ វានៅតែជាកំណើនទាប បើធៀបនឹងកំណើនដែលធ្លាប់សម្រេចបាន ៣,១% កាលពីឆ្នាំ២០២២។ កំណើននៅក្នុងឆ្នាំនេះ គឺត្រូវបានរុញច្រាន ដោយសារសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀត បានបង្ហាញឱ្យឃើញភាពធន់ខ្លាំងជាងការព្យាករពីមុនទៅទៀត។

នៅក្នុងការព្យាករថ្មីដដែលនោះ ស្ថាប័នដែលផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍មួយនេះ បានកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ ឱ្យមកនៅត្រឹម ២,៤% វិញ ដោយបានបញ្ចុះអត្រាកំណើនពី ២,៧% នៅក្នុងការព្យាករកាលពីខែមករា។ ធនាគារពិភពលោកបានពន្យល់ថា ផលប៉ះពាល់អូសបន្លាយនៃការរឹតបន្តឹងវិធានការរូបិយវត្ថុរបស់ធនាគារកណ្តាល និងលក្ខខណ្ឌឥណទានដែលកាន់តែតឹងរ៉ឹងជាងមុន កំពុងកាត់បន្ថយធុរកិច្ចនិងការវិនិយោគលើវិស័យអចលនទ្រព្យ។ នេះជាមូលហេតុដែលនឹងអាចធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤ ប្រែជាទាបជាងអត្រាក្នុងការព្យាករកាលពីខែមករា។

ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ក្រៅពីប្រទេសចិន ក៏ត្រូវបានធនាគារពិភពលោកព្យាករថា នឹងមានត្រឹមតែ ២,៩% ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំមុនធ្លាប់មានកំណើន៤,១%។

ខណៈដែលកំណើនសេដ្ឋកិច្ចសកលបានថយចុះយ៉ាងខ្លាំង ហានិភ័យនៃភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) កាន់តែមានការកើនឡើងដែរ ចំពេលដែលអត្រាការប្រាក់សកលក៏នៅបន្ដកើនឡើងដូចគ្នា។

លោក អ៊ីនឌើមីត ជីល (Indermit Gill) ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកបាននិយាយថា ឆ្នាំ២០២៣នឹងនៅតែជាឆ្នាំដែលសេដ្ឋកិច្ចមានកំណើនដ៏យឺតបំផុតមួយសម្រាប់ប្រទេសជឿនលឿនមួយចំនួន បើគិតក្នុងរយៈពេល ៥ ទសវត្សរ៍ចុងក្រោយនេះ។

លោកបានបន្ថែមថា ចំនួន ២ ភាគ ៣ នៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន នឹងមានកំណើនទាបជាងឆ្នាំ២០២២ ព្រោះប្រទេសទាំងនោះត្រូវដោះស្រាយបញ្ហាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយសម័យជំងឺកូវីដ និងក្នុងការកាត់បន្ថយភាពក្រីក្រផង ត្រូវប្រឈមមុខនឹងសម្ពាធបំណុលជាតិដែលចេះតែកើនឡើងផង។

លោក ជីល បានប្រាប់អ្នកយកព័ត៌មានថា សូម្បីតែនៅចុងឆ្នាំ២០២៤ក៏ដោយ ក៏ ១ ភាគ ៣ នៃចំនួនប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចមានកម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ស្មើនឹងកម្រិតកាលពីចុងឆ្នាំ២០១៩ដែរ។ សេដ្ឋកិច្ចវិទូរូបនេះបញ្ជាក់ថា នោះគឺជាការខាតបង់រយៈពេល ៥ ឆ្នាំ សម្រាប់បណ្ដាប្រទេសជិត ១ ភាគ ៣ នៃប្រទេសទាំងអស់នៅក្នុងពិភពលោក។

ចំពោះឆ្នាំ២០២៥វិញ ធនាគារពិភពលោកបានព្យាករជាថ្មីថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងស្ថិតក្នុងអត្រា ៣%៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសគ្រោងនឹងធ្វើដំណើរទៅប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ទៀត

ព័ត៌មាន
មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃអង្គារ ទី ៦ មិថុនា ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូន…

ធនាគារនៅវៀតណាមត្អូញត្អែរថា រថយន្តទំនើបៗ និងភូមិគ្រឹះថ្លៃៗកំពុងពិបាកលក់ចេញ

ព័ត៌មាន
ធនាគារធំៗនៅក្នុងប្រទេសវៀតណាមនាពេលនេះ បានចាប់ផ្តើមត្អូញត្អែអំពីករណីឥណទានមិនដំណើរការលើកម្មវិធីឥណទានរថយន្តទំនើប និងផ្ទះវីឡាប្រណីតជាបណ្តើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ