ចិន​នៅ​កម្ពុជា

ដឹងទេ​ថា ចិន​មក​ខេត្ត​ព្រះសីហនុ កំពុង​រកស៊ី​អ្វី​ខ្លះ?


តម្លៃ​ដី​ផ្ទះ​ជួល​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ការ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​នោះ​ទេ ខណៈ​ដែល​អាជីវកម្ម​ខ្នាត​តូច​ព្រោង​ព្រាត ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​ថៅកែ​ជា​ជនជាតិ​ចិន។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​កាន់តែ​មាន​ក្ដី​បារម្ភ​ខ្លាំង​ឡើងៗ ដោយសារ​តែ​មិន​អាច​រកស៊ី​ប្រកួត​ប្រជែង​ជាមួយ​ថៅកែ​បរទេស​ទាំង​នោះ​បាន។
គម្រោង​សំណង់​អគារ​ចិន ដែល​កំពុង​សាងសង់​នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។
ដោយ

ក្រោយ​ពី​ចេញ​របាយការណ៍​​ពី​អាជ្ញាធរ​មូលដ្ឋាន​បង្ហាញ​ពី​ភាព​រំជើប​រំជួល​នៃ​កំណើន​នៃ​ការ​ស្នាក់នៅ​និង​រកស៊ី​របស់​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ​រួច​មក រាជ​រដ្ឋាភិបាល​ក៏​មិន​នៅ​ស្ងៀម​ដែរ និង​ទើប​តែ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ស្វែងរក​ដំណោះ​ស្រាយ។  

ខេត្ត​ព្រះសីហនុ នៅ​រយៈពេល​ចុង​ក្រោយ​នេះ ទទួល​បាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​យ៉ាង​គំហុក ពិសេស គឺ​ពី​ប្រទេស​ចិន​តែ​ម្ដង។ ជាក់​ស្ដែង នៅ​ឆ្នាំ​២០១៧​មុន​នេះ វិស័យ​សណ្ឋាគារ និង​កាស៊ីណូ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​កំណើន​វិនិយោគ​យ៉ាង​ពេញ​និយម​បំផុត ខណៈ​ដែល​ជន​បរទេស​ដែល​មក​កម្សាន្ដ ស្នាក់នៅ និង​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ នេះ​បើ​តាម​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ព្រះសីហនុ។

ជនជាតិ​ចិន​ប្រកប​​អាជីវកម្ម​​​នៅ​ខេត្ត​ព្រះសីហនុ ពោល​គឺ​មាន​រហូត​ដល់​ជាង ៤​ពាន់​នាក់ ឬ​ស្មើ​នឹង ៧០% នៃ​ជន​បរទេស​សរុប​ជាង ៦​ពាន់​នាក់ ដែល​មាន ៦១​សញ្ជាតិ។

ក្រៅពី​ការ​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​ធំៗ ដូចជា ខុនដូ សណ្ឋាគារ និង​កាស៊ីណូ ក្នុង​ចំណោម​ជន​ជាតិ​ចិន​ទាំង​នោះ មាន​ភាគ​ច្រើន​ក៏​ប្រកប​អាជីវកម្ម​ខ្នាត​តូច​ផង​ដែរ ដូចជា កាត់​សក់ ម៉ាស្សា ខារ៉ាអូខេ លក់​គ្រឿង​ទេស លក់​គ្រឿង​សំណង់ ម្ហូប​អាហារ បន្លែ និង​ផ្លែ​ឈើ ប្តូរ​ប្រាក់ និង​អាហារដ្ឋាន និង​មាន​ខ្លះ​ទៀត មក​ធ្វើ​ការងារ​ជា​ជាង​សំណង់ និង​បុគ្គលិក​បម្រើការ​នៅ​តាម​កាស៊ីណូ​ជាដើម ដែល​ទាំង​អស់​នេះ បាន​បង្ក​ជា​ក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ប្រកប​មុខ​របរ​ដូច​គ្នា​នេះ។

ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ស្ដី​អំពី​បញ្ហា​ការ​ដណ្ដើម​ទីផ្សារ​ខ្នាត​តូច ដោយ​ជន​បរទេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ផង​ដែរ ដោយ​ក្នុង​នោះ កិច្ច​ប្រជុំ​ក៏​បាន​ឯកភាព​លើ​ដំណោះស្រាយ​បឋម​មួយ​ចំនួន ដូចជា បង្កើន​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​លិខិត​បទដ្ឋាន​ច្បាប់ យក​ចិត្ត​ទុកដាក់​តាមដាន​ស្ថានការណ៍​ជា​ប្រចាំ បង្កើត​ឲ្យ​មាន​មន្ត្រី​បង្គោល​សម្រប​សម្រួល​អន្តរ​ក្រសួង​-ស្ថាប័ន បង្កើន​ការ​ចែក​រំលែក​ព័ត៌មាន និង​ផ្សព្វ​ផ្សាយ​ច្បាប់​ពាក់ព័ន្ធ​ដល់​មន្ត្រី​មូលដ្ឋាន ព្រមទាំង​ពិនិត្យ​លទ្ធភាព​កំណត់ ឬ​បង្កើត​បទប្បញ្ញត្តិ​ថ្មី​លើ​ការ​កំណត់​មុខ​របរ​តូច​តាច ស្តង់ដារ​សម្រាប់​ការ​ស្នាក់នៅ ការ​គ្រប់គ្រង​ចលនា​ចេញ​-ចូល​នៃ​ជន​បរទេស ជាដើម។

កាស៊ីណូ​របស់​វិនិយោគិន​ចិន នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​លើក​ឡើង​ថា ការ​ហូរ​ចូល​នៃ​កំណើន​វិនិយោគ​របស់​ជន​ជាតិ​ចិន​មក​កាន់​កម្ពុជា បើ​គិត​ក្នុង​ន័យ​សេដ្ឋកិច្ច គឺ​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្ដែ សម្រាប់​អារម្មណ៍​ប្រជាជន គឺ​នៅ​មិន​ទាន់​មាន​ភាព​ស្រណុក​ចិត្ត​នៅ​ឡើយ។ មិន​ស្រណុក​ចិត្ត គឺ​ដោយសារ​តែ​ពីមុន​ពួកគាត់​រកស៊ី​បាន​ស្រួល តែ​ពេល​នេះ កំពុងតែ​ត្រូវ​ប្រឈម​នឹង​ការ​ប្រជែង​ខ្ពស់​ពី​ថៅកែ​បរទេស​ដែល​មាន​ដើមទុន​ក្រាស​ក្រែល ហ៊ាន​ចាយ​លុយ​ធំ​ក្នុង​ការ​ជួល​ទីតាំង​សំខាន់ៗ។ 

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​គិតគូរ​ពី​ផល​ប៉ះពាល់​សតិ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​នេះ​ផង​ដែរ ពោល​គឺ​គួរតែ​មាន​វិធានការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​លំហូរ​វិនិយោគ​បរទេស​នេះ​មាន​ច្រើន​កំហុគ​លឿន​ពេក និង​ត្រូវ​មាន​ការ​ផ្សព្វ​ផ្សាយ​អំពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ ឲ្យ​បាន​ទូលំ​ទូលាយ ដើម្បី​ជៀសវាង​ការ​មន្ទិល​សង្ស័យ​នានា​ពី​សាធារណជន។ 

តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន ៥​លាន ៦​សែន​នាក់ កើន​ឡើង​ជាង ១១% ក្នុង​នោះ ទេសចរ​ចិន​ស្ថិត​លំដាប់​ទី១ មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ កើនឡើង ៤៦% ខណៈដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៥ ក្រុមហ៊ុន ដែល​បាន​ភ្ជាប់​ជើង​ហោះហើរ​រវាង​កម្ពុជា​-ចិន។ ក្នុង​នោះ ក្រុមហ៊ុន​ក្នុង​ស្រុក​មាន ៣ ក្រុមហ៊ុន និង​ចិន មាន ១២​ក្រុមហ៊ុន ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ទៀងទាត់ (Scheduled Flights) ភ្ជាប់​រវាង​កម្ពុជា​-ចិន មានចំនួន ១៥៥ ជើង ក្នុង​មួយ​សប្ដាហ៍ និង​ជើង​ហោះហើរ​ពិសេស Charter Flight មាន​ប្រមាណ ៥០ ជើង​ទៀត ក្នុង​មួយ​សប្តាហ៍៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឃីម សុខហេង៖ អ្នក​ជំនួញ​មាន​៣​ប្រភេទ តើ​​អ្វី​ខ្លះ?

ព័ត៌មាន
លោក ឃីម សុខហេង គ្រូ​ជំនាញ​ទន់ ដែល​មាន​វោហាសាស្រ្ត​ដ៏​ល្បី​ល្បាញ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា សហគ្រិន ឬ​អ្នក​ជំនួញ មាន​៣​ប្រភេទ គឺ​ក្រុម​ម…

ចៅហ្វាយខេត្ត​ព្រះសីហនុ​រាយការណ៍​ពី​ភាព​អវិជ្ជមាន​របស់​ជនជាតិ​ចិន​ទៅ​ឧបនាយករដ្ឋមន្ត្រី!

ព័ត៌មាន
កំណើន​នៃ​លំហូរ​វិនិយោគ​ចិន ទេសចរ​ចិន និង​អ្នក​រកស៊ី​ចិន​ ដែលមក​ទស្សនា​ ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ជាពិសេស នៅ​ខេត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ