
អង្គការពាណិជ្ជកម្មពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្កើនការព្យាករកំណើនពាណិជ្ជកម្មពិភពលោកពី០,៩% ដែលខ្លួនបានព្យាករកាលពីខែសីហា ឡើងដល់២,៤% នៅឆ្នាំ២០២៥ នេះ។ ប៉ុន្តែស្ថាប័នដោះស្រាយជម្លោះពាណិជ្ជកម្មសកលនេះបានទម្លាក់ការព្យាករកំណើនពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៦ ពី១,៨%មកនៅត្រឹងរង្វង់០,៥%ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេភី។
WTO បានវាយតម្លៃថា ការនាំចេញផលិតក្នុងវិស័យសេវាកម្មនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦%នៅឆ្នាំនេះ មុនធ្លាក់ចុះមកនៅត្រឹម៤,៤% នៅឆ្នាំក្រោយ។ ការបង្កើនការព្យាករកំណើននេះ ក្រោយ WTO មើលឃើញថា នៅក្នុងឆ្នាំ២០២៥ តម្រូវការនៃមុខទំនិញដែលទាក់ទងនឹង AI មានតម្រូវការខ្ពស់ ជាពិសេសគ្រឿងអេឡិចត្រូនិក ម៉ាស៊ីន និងឧបករណ៍ទូរគមនាគមន៍។
លោកស្រី ង៉ោហ្ស៊ី អូកុនហ្សូ អ៊ីវីឡា (Ngozi Okonjo-Iweala ) អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកបានទទួលស្គាល់ថា គំនាបពន្ធបដិការរបស់អាម៉េរិកពិតបានជាជះឥទ្ធិពលមកលើពាណិជ្ជកម្មសាកលប្រាកដមែន ប៉ុន្តែដោយសារតម្រូវការធ្វើទំនើបកម្មប្រទេស និងផលិតកម្ម បានជំរុញឱ្យតម្រូវការឧបករណ៍ពាក់ព័ន្ធនឹង AI ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមានកើនឡើង ដែលវាបានជួយសម្រួលដល់ការធ្លាក់ចុះពាណិជ្ជកម្មនៅឆ្នាំ២០២៥ នេះ។
លោកស្រីបានបន្តថា តម្រូវការមុខទំនិញពាក់ព័ន្ធនឹង AI នេះ បានធ្វើឲ្យវិស័យពាណិជ្ជកម្មមានភាពធន់នឹងវិបត្តិ។ ហើយសូម្បីតែសហរដ្ឋអាម៉េរិកខ្លួនឯង ក៏មានតម្រូវការលើឧបករណ៍ និងផលិតផលពាក់ព័ន្ធនឹង AI នេះផងដែរ។ លោកស្រីបានអះអាងថា ៤២%នៃទំនិញដែលជាមូលដ្ឋានទ្រទ្រង់កំណើនពាណិជ្ជកម្មសកល គឺជាផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។
ដោយឡែកការបន្ទាបការព្យាករកំណើនពាណិជ្ជកម្មនៅឆ្នាំក្រោយ ត្រូវបាន WTO គូសបញ្ជាក់ថា គឺដោយសារកត្តាមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ភាពស្ទាក់ស្ទើរ នៃស្ថានភាពនយោបាយសកល និងការអាចធ្លាក់ចុះនៃតម្រូវការផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ដែលមានកំណើនខ្ពស់នៅឆ្នាំនេះ៕
ដោយៈ សរ សុជាតិ