មូលបត្របំណុលរបស់រដ្ឋ និងបណ្ណបំណុលឯកជន

តើមូលបត្របំណុលរបស់រដ្ឋ និងបណ្ណបំណុលឯកជនខុសគ្នាដូចម្តេច?


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុលរដ្ឋដែលមានតម្លៃ១,២ទ្រីលានរៀល ឬប្រមាណ៣០០ដុល្លារអាមេរិកនៅអំឡុងខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្កើតប្រភពហិរញ្ញប្បទានក្នុងការកៀរគរចំណូលរបស់រដ្ឋ។ ការបោះផ្សាយលក់មូលបត្របំណុលរដ្ឋនេះ វានឹងក្លាយជាឧបករណ៍ជួញដូរថ្មីមួយទៀតសម្រាប់វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា។
ផ្សារមូលបត្រកម្ពុជា

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា អតិថិជនដែលត្រូវបានគេរំពឹងថា នឹងចូលរួមវិនិយោគទិញមូលបត្របំណុលរបស់រដ្ឋាភិបាលនេះ រួមមានវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ, វិស័យធានារ៉ាប់រង និងបេឡារបបសន្តិសុខសង្គមជាដើម ខណៈដែលការលក់ឲ្យបុគ្គលដែលជាពលរដ្ឋម្នាក់ៗវិញ ទំនងជាមិនទាន់អាចធ្វើទៅបាននៅឡើយទេ។ តើមូលបត្របំណុលរបស់រដ្ឋ និងមូលបត្របំណុលឯកជន មានភាពខុសគ្នាដូចម្តេច? ហើយមួយណាមានហានិភ័យខ្ពស់ជាង?

ផ្សារមូលបត្រកម្ពុជានឹងទទួលបានឧបករណ៍ជួញដូរភាគហ៊ុនថ្មីមួយបន្ថែមទៀត ក្រោយរាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិកនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។ ប៉ុន្តែ មកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់បានកំណត់ពីពេលវេលាជាក់លាក់ក្នុងការបោះផ្សាយលក់បណ្ណបំណុលនេះនៅឡើយទេ។ ទោះយ៉ាងណាកាលពីថ្ងៃទី៣១ ឧសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមកពីវិស័យធានារ៉ាប់រង និងវិស័យហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជន ដើម្បីសិក្សា និងស្ទាបស្ទង់ពីសន្ទុះទីផ្សារនៃការចូលរួមវិនិយោគក្នុងមូលបត្របំណុលរបស់រដ្ឋនេះរួចហើយដែរ។ តើមូលបត្របំណុលដែលបោះផ្សាយដោយរដ្ឋ និងមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនឯកជនមានលក្ខខណៈខុសគ្នាដូចម្តេច?

ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា មូលបត្របំណុលរបស់រដ្ឋជាទូទៅមានការបោះផ្សាយនៅក្នុងទំហំទឹកប្រាក់ច្រើន ហើយអ្នកវិនិយោគសក្ដានុពលដែលជាអ្នកទិញមូលបត្របំណុលរដ្ឋ គឺជាក្រុមហ៊ុន និងស្ថាប័នធំៗ មិនសូវមានការបោះផ្សាយលក់សម្រាប់ពលរដ្ឋទូទៅម្នាក់ៗនោះទេ ដោយសារតែវាលំបាកក្នុងការគ្រប់គ្រង។ ដោយឡែក មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជនវិញ បោះផ្សាយក្នុងទំហំទឹកប្រាក់តិចជាងមូលមូលបត្របំណុលរដ្ឋ ហើយមូលបត្របំណុលឯកជន អាចលក់ទៅឲ្យក្រុមហ៊ុន ស្ថាប័ននានា និងអាចលក់ទៅឲ្យបុគ្គលម្នាក់ៗផងដែរ។ បើនិយាយពីកម្រិតហានិភ័យវិញ មូលបត្របំណុលឯកជនមានហានិភ័យខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋ ព្រោះក្រុមហ៊ុនឯកជនអាចប្រឈមនឹងការក្ស័យធន ប៉ុន្ដែរដ្ឋមិនងាយនោះទេ ពោលគឺការក្ស័យធនមានកម្រិតតិចតួចបំផុត។ ប៉ុន្ដែ ឯកឧត្តម ហុង សុហួរ អះអាងថា អ្នកវិនិយោគអាចមានជម្រើសវិនិយោគលើមូលបត្របំណុលឯកជន ដ្បិតថា ការប្រាក់ ឬកូប៉ុងនៃមូលបត្របំណុលនោះ គឺមានខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋ។

ឯកឧត្តម ហុង សុហួរ បានវាយតម្លៃថា អតិថិជនគោលដៅដែលនឹងចូលរួមវិនិយោគទិញមូលបត្របំណុលរបស់រដ្ឋភាគច្រើនអាចជាវិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យធានារ៉ាប់រង និងបេឡាជាតិរបបសន្តិសុខសង្គម ព្រោះស្ថាប័នទាំងនេះមានទុនបម្រុងច្រើន។ ជាពិសេស ពួកគេចង់ប្រើប្រាស់ថវិកា ដែលនៅសល់ទាំងនោះឲ្យមានប្រយោជន៍ ជាជាងទុកចោល។

សូមបញ្ជាក់ថា មូលបត្របំណុលរបស់រដ្ឋដែលគ្រោងបោះផ្សាយលក់ក្នុងទំហំ ៣០០លានដុល្លារ នៅក្នុងខែមិថុនានេះ គឺមានតម្លៃក្នុងមួយបណ្ណ ១លានរៀលជាមួយអត្រាគូប៉ុងថេរ ដោយការគិតគូប៉ុង ឬការប្រាក់ធ្វើឡើងរៀងរាល់៦ខែម្តង។ ប៉ុន្ដែ នៅមិនទាន់បានកំណត់ថា តម្លៃកូប៉ុង ឬការប្រាក់នោះ មានអត្រាប៉ុន្មាននៅឡើយទេ។ ចំណែការទូទាត់ប្រាក់ដើមធ្វើឡើងនៅចុងឥណប្រតិទាន ដែលមានរយៈពេល៣ឆ្នាំ។ គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះផ្សាយលក់មូលបត្របំណុលនេះ គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីកំពុងស្វែងរកវិធីសាស្ត្រទប់ទល់ ខណៈម៉ាឡេស៊ីចាប់ផ្ដើមផ្អាកការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី០១មិថុនានេះតទៅ

ព័ត៌មាន
ក្រុមអាជីវកម្ម និងអ្នកប្រើប្រាស់នៅប្រទេសសិង្ហបុរីកំពុងប្រញាប់ប្រញាល់រកវិធីសាស្ត្រ ដើម្បីទប់ទល់នឹងការផ្អាកការនាំចេញមាន់មួយចំនួនរបស់ប្រទេសម៉…

ចិនអះអាងថា ខ្លួនពិតជាបានធ្វើសកម្មភាពយោធាល្បាតត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់មែន

ព័ត៌មាន
យោធាចិនបាននិយាយកាលពីថ្ងៃពុធនេះថា ខ្លួនពិតបានធ្វើសកម្មភាពយោធាចុះល្បាតក្នុងលក្ខណៈត្រៀមប្រយុទ្ធ នៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ