កិច្ចប្រជុំរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ

តើកិច្ចប្រជុំរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិនារដូវផ្ការីកនៅឆ្នាំនេះផ្តោតលើបញ្ហាអ្វី?


កិច្ចប្រជុំនិទាឃរដូវរួមគ្នារបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវធ្វើនៅសប្តាហ៍នេះ ហើយរបៀបវារៈសំខាន់នៃជំនួបរបស់ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកទាំងពីរ គឺគ្មានអ្វីក្រៅពីផ្តោតលើក្ដីបារម្ភអំពីបញ្ហាអតិផរណា ការកើនឡើងនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងបញ្ហាស្ថិរភាពហិរញ្ញវត្ថុនោះទេ។ កម្មវិធីកំណែទម្រង់និងការរៃអង្គាសមូលនិធិទំនងជាក្លាយជាបញ្ហាបន្ទាប់បន្សំសម្រាប់ វើលប៊ែង និង អាយអេមអេហ្វ ទៅវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន AFP។
តើកិច្ចប្រជុំរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិនារដូវផ្ការីកនៅឆ្នាំនេះផ្តោតលើបញ្ហាអ្វី?

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលនានាគួរតែបន្តប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ តាមរយៈការដំឡើងអត្រាការប្រាក់ បើទោះបីជាមានក្ដីព្រួយបារម្ភថា វាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារបន្ថែមទៀតក៏ដោយ។

នៅមុនកិច្ចប្រជុំនិទាឃរដូវ, អាយអេមអេហ្វនិងធនាគារពិភពលោក បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ជួយបំពេញចន្លោះប្រហោងថវិកា ១,៦ ពាន់លានដុល្លារ តាមរយៈការផ្តល់កម្ចីសម្បទានសម្រាប់ប្រទេសចំណូលទាបដែលកំពុងតែត្រូវការយ៉ាងខ្លាំង។ ទំហំថវិកាប៉ុណ្ណោះត្រូវបានប្រទេសចំណូលទាបចំណាយជាចាំបាច់អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលប្រទេសទាំងនោះជាច្រើនកំពុងប្រឈមមុខនឹងបន្ទុកបំណុលកាន់តែច្រើន។ កំណើនបន្ទុកបំណុលនេះគឺមួយផ្នែកបណ្ដាលមកពីអត្រាការប្រាក់ខ្ពស់ដែលនាំឱ្យមានរំហូរមូលធនចេញពីភាគច្រើននៃប្រទេសដែលត្រូវការការវិនិយោគទុនជាខ្លាំង។

ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉លផាស (David Malpass) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ធនាគារពិភពលោក ដែលបានព្រមានឱ្យដឹងអំពីសេដ្ឋកិច្ចអាប់អួរខ្លាំងជាង អាយអេមអេហ្វ កាលដើមឆ្នាំ ឥឡូវនេះកំពុងកែតម្រូវការព្យាកររបស់ខ្លួនបន្តិច ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ ២០២៣ ដោយប្ដូរពីកំណើនក្នុងអត្រា ១,៧ ភាគរយ ទៅ ២ ភាគរយវិញ ដោយសារការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។

ចំពោះប្រធានធនាគារពិភពលោករូបនេះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនហាក់ដូចជាស្ថិតក្នុងដំណាក់កាលទុនដាំក្បាលចុះ ជាជាងដំណាក់កាលបោះទុនបន្ថែមដើម្បីសង្រ្គោះសេដ្ឋកិច្ច។

ទាក់ទងនឹងស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោក នាយិកាគ្រប់គ្រង អាយអេមអែហ្វ បានថ្លែងថា ទោះបីជាពលរដ្ឋអាមេរិកនិងពលរដ្ឋអឺរ៉ុបនៅតែបន្តចំណាយច្រើនលើទំនិញប្រើប្រាស់ចាំបាច់ ហើយទោះបីជាមានកំណើនដែលជំរុញដោយការបើកប្រទេសចិនឡើងវិញក៏ដោយ ក៏កំណើនសេដ្ឋកិច្ចសាកលលោកនៅឆ្នាំ២០២៣ នៅតែទាបជាង ៣ ភាគរយដែរ។

លោក ម៉លផាស និងលោកស្រី ចចជីវ៉ា នឹងប្រើប្រាស់កិច្ចប្រជុំនិទាឃរដូវឆ្នាំនេះ ដើម្បីសាកល្បង និងធ្វើឱ្យមានវឌ្ឍនភាពលើកំណែទម្រង់រចនាសម្ព័ន្ធបំណុលដែលជាប់គាំង។

ក៏នឹងមានផងដែរ កិច្ចប្រជុំមួយនៅថ្ងៃពុធ ដើម្បីដោះស្រាយតម្រូវការស្តារនិងកសាងប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមឡើងវិញ។ ធនាគារពិភពលោកប៉ាន់ប្រមាណថាប្រទេសនេះត្រូវការថវិកាបន្ថែមចំនួន ១១ ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ។

កិច្ចប្រជុំនារដូវផ្ការីកឆ្នាំនេះក៏ជាឱកាសមួយ ដើម្បីធ្វើវឌ្ឍនភាពលើរបៀបវារៈប្រកបដោយមហិច្ឆតាគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការធ្វើកំណែទម្រង់ធនាគារពិភពលោក ដើម្បីឱ្យស្ថាប័ននេះអាចត្រៀមខ្លួនកាន់តែប្រសើរឡើង ចំពោះមុខបញ្ហារយៈពេលវែង ដូចជាការប្រែប្រួលអាកាសធាតុជាដើម៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលកូរ៉េខាងត្បូងបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរជាលើកទី ២ ខណៈដែលក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកើនឡើង

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង (BOK) បានសម្រេចបន្តរក្សាអត្រាការប្រាក់គន្លឹះរបស់ខ្លួនឱ្យនៅថេរជាលើកទី២នៅថ្ងៃអង្គារនេះ ខណៈដែលអតិផរណាហាក…

ថៃមានគម្រោងជំរុញការប្រមូលទិញនិងលក់ផ្លែឈើឱ្យបាន ១ សែនតោននៅក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបាននិងកំពុងសហការជាមួយក្រុមហ៊ុនផ្សារទំនើបធំៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីប្រមូលទិញនិងលក់ផ្លែឈើក្នុងរដូវប្រមូលផលឆ្នាំ ២០២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ