ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កត់សម្គាល់ឃើញថា បិទព្រំដែនកម្ពុជា-ថៃ បាននិងកំពុងផ្ដល់ឱកាសរីកចម្រើនច្រើនជាង បញ្ហាប្រឈម សម្រាប់អ្នកផលិតក្នុងស្រុក ប៉ុន្ដែ ដើម្បីអាចក្ដោបក្ដាប់ចំណែកទីផ្សារ និងអាចប្រកួតបានក្នុងរយៈពេលវែង ឧកញ៉ា តែ តាំងប៉ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវខិតខំពង្រឹងសមត្ថភាពក្នុងការផលិតផលិតផលឱ្យមានគុណភាព ការវេចខ្ចប់ស្របតាមស្តង់ដា និងមានតម្លៃសមរម្យដែលអាចប្រកួតប្រជែងបាន។
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការជំរុញឱ្យសហគ្រាសទាំងអស់ឱ្យផលិតបាននូវផលិតផលចេញជារូបរាង និងរក្សាបាននិរន្តរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ បើតាម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ត្រូវខិតខំប្រឹងក្នុងការផលិត ដើម្បីបំពេញតម្រូវការនៅលើទីផ្សារ និងបង្កើតនូវជំនឿចិត្តដល់អ្នកប្រើប្រាស់ នោះទើបអាចប្រគួតប្រជែងបានយូរអង្វែង ជាមួយផលិតផលបរទេស។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣ពាន់២រយលានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ ក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ ១១,៥% ស្របពេល ថៃ នាំចូលកម្ពុជាវិញមាន ២ពាន់៥រយលានដុល្លារ ថយចុះ៨,៨%៕
អត្ថបទ៖ បូ ដូឡា