MoU ឆ្នាំ២០០០

តើថៃអាចប្រឈមនឹងទណ្ឌកម្មអ្វីខ្លះ ប្រសិនបើលុប MoU ឆ្នាំ២០០០ ជាមួយកម្ពុជា?


រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរៈគុល គ្រោងធ្វើប្រជាមតិ ដើម្បីលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MoU 2000 ដែលប្រទេសនេះបានចុះហត្ថលេខារួមគ្នាជាមួយកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមការអះអាងរបស់មន្ត្រី និងអ្នកជំនាញ MoU នេះ ត្រូវមានសុពលភាពរហូតដល់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃត្រូវបានធ្វើចប់សព្វគ្រប់។
MoU ឆ្នាំ២០០០
ដោយ

ដូច្នេះសំណួរសួរថា តើថៃអាចលុប MoU នេះដោយឯកតោភាគីបានដែរ ឬទេ? ហើយប្រសិនបើថៃនៅមានះចង់លុប តើអាចប្រឈមនឹងទណ្ឌកម្មអ្វីខ្លះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា នៅក្នុងខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ គ្មានលក្ខខណ្ឌណាមួយដែលអាចឱ្យរដ្ឋភាគី ដែលជាហត្ថលេខីអាចលុបចោល MoU នេះ ជាឯកតោភាគីដោយគ្មានការឯកភាពពីភាគីម្ខាងទៀតនោះទេ។ ម្យ៉ាងទៀត MoU នេះត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ និងបានក្លាយជាសន្ធិសញ្ញាអន្តរជាតិ ដូច្នេះថៃមិនអាចលុប MoU នេះជាឯកតោភាគីបានឡើយ ហើយប្រសិនបើថៃនៅតែបន្តចចេសលុបចោល នោះថៃអាចនឹងត្រូវបានចាត់ទុកថា ជាប្រទេសរំលោភច្បាប់អន្តរជាតិ ហើយកម្ពុជាក៏អាចប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិបានផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយបានសរសេរនៅទំព័រហ្វេសប៊ុកថា ទោះបីជា MoU មិនត្រូវបានចាត់ទុកថាជាសន្ធិសញ្ញាក្តី ប៉ុន្តែនៅពេលដែលរដ្ឋអធិបតេយ្យពីរបានចុះហត្ថលេខា និងអនុវត្តតាម MoU វាត្រូវបានគេចាត់ទុកថា មានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ តាមអនុសញ្ញាទីក្រុងវីយ៉ែន រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយ លុះត្រាតែកិច្ចព្រមព្រៀង ឬ MoU នោះ មានចែងអំពីលក្ខខណ្ឌបញ្ចប់សុពលភាព។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ អាចប្រកាសជាឯកតោភាគីមិនទទួលស្គាល់ MoU នេះបាន។ ប៉ុន្តែតាមច្បាប់អន្តរជាតិការប្រកាសបែបនេះមិនអាចបដិសេធកាតព្វកិច្ចរបស់ថៃចំពោះកម្ពុជាបានឡើយ ប្រសិនបើភាគីកម្ពុជាទាមទារអនុវត្តបន្តទៅទៀត។

បើតាមលោកបណ្ឌិត ឥន សុផល ប្រសិនបើភាគីថៃដកខ្លួនចេញពី MoU ជាឯកតោភាគី ដូច្នេះភាគីកម្ពុជាអាចប្តឹងតវ៉ាតាមការទូត និងដាក់បញ្ចូលទៅកាន់ UN ឬ ASEAN ឬដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាន។ តាមការវាយតម្លៃរបស់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ ភាគីថៃមិនអាចលុបចោល MoU ឆ្នាំ២០០០ ជាឯកតោភាគីបានទេ លុះត្រាមានការយល់ព្រមពីភាគីកម្ពុជា។ ហើយទោះបីភាគីថៃ ធ្វើប្រជាមតិ ឬសភាថៃបោះឆ្នោតលុបចោលក៏ដោយ បើពុំមានការយល់ព្រមពីភាគីកម្ពុជាទេ ថៃក៏មិនអាចគេចផុតពីកាតព្វកិច្ចអន្តរជាតិបាននោះដែរ។

ពាក់ព័ន្ធបញ្ហានេះដែរលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានគូសបញ្ជាក់ថា ការឈប់គោរព ឬបំពានកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេសវាជាការបំពានច្បាប់អន្តរជាតិ ព្រោះកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងប្រទេសពីរយ៉ាងតិច វាជាច្បាប់អន្តរជាតិ។ ចុះបើថៃបំពានច្បាប់អន្តរជាតិតើមានយន្តការអនុវត្តច្បាប់ដែរឬទេ? ពាក់ព័ន្ធសំណួរនេះ មេធាវីរូបនេះ បានបកស្រាយថា ជាធម្មតានៅលើពិភពលោកមានអង្គការសហប្រជាជាតិ និងមានក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ហើយបើជម្លោះរវាងប្រទេស និងប្រទេស គឺមានតុលាការអន្តរជាតិ និងមានតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលទើបបង្កើតនៅឆ្នាំ២០១៥។ ហើយក្នុងករណីភាគីណាមួយបំពានកិច្ចព្រមព្រៀងអន្តរជាតិ ភាគីនោះអាចរងទណ្ឌកម្មការទូត និងទណ្ឌកម្មសេដ្ឋកិច្ច។

នៅពេលសួរថា តើថៃអាចលុប MoU ឆ្នាំ២០០០ ដោយឯកតោភាគីបានដែរឬទេ? មេធាវី សុខ សំអឿន បានបញ្ជាក់ថា ការបំពានកិច្ចព្រមព្រៀង គឺអ្នកបំពានអាចនឹងធ្វើបាន ប៉ុន្តែអាចប្រឈឈមនឹងផលវិបាក ដោយអាចនឹងត្រូវសហគមន៍អន្តរជាតិថ្កោលទោស រងទណ្ឌកម្មការទូត និងទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែប្រសិនបើប្រទេសដែលបំពានមានអំណាចខ្លាំង ពោលគឺមានសេដ្ឋកិច្ចខ្លាំង ជាប្រទេសអ្នកមាន មានកម្លាំងទ័ពខ្លាំង នោះប្រទេសតូចៗទំនងជាមិនហ៊ានដាក់ទណ្ឌកម្មលើនោះទេ។ ដូច្នេះប្រសិនបើថៃគេហ៊ានលុបកិច្ចព្រមព្រៀងនេះ មេធាវីរូបនេះបានចោទជាសំណួរថា តើប្រទេសថៃហ៊ានធានាថាប្រទេសផ្សេងៗមិនដាក់សម្ពាធការទូត និង សម្ពាធសេដ្ឋកិច្ចលើខ្លួនដែរទេ? ប្រសិនបើមានការចោមរោមដាក់សម្ពាធមែន តើខ្លួនអាចមានលទ្ធភាពទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួនដែរទេ?

មួយវិញទៀត កម្ពុជាអាចងាកទៅប្រើយន្តការតុលាការអន្តរជាតិប្រសិនបើថៃពិតហ៊ានលុបចោលកិច្ចព្រមព្រៀងនេះមែន។ តែទន្ទឹមនឹងនេះ កម្ពុជា ក៏មិនត្រូវភ្លេចពង្រឹងកម្លាំងទ័ពរបស់ខ្លួនដែរ ព្រោះប្រសិនបើករណីនេះកើតឡើងអាចនឹងមានសង្រ្គាមផ្ទុះរវាងថៃនិងកម្ពុជា។

ដោយឡែកឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ MoU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ គឺជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ហើយត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ និងផ្សព្វផ្សាយជាផ្លូវការដោយអង្គការនេះ។ ទន្ទឹមនេះ MoU ឆ្នាំ២០០០ ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MoU ឆ្នាំ ២០០០ ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ៕

អត្ថបទ៖ បូ ដូឡារូបភាព ឯកសារ




អត្ថបទបន្ទាប់


មេដឹកនាំប្រទេសកំពុងអភិវឌ្ឍន៍រិះគន់ក្រុមប្រទេសអ្នកមានឥតសំចៃមាត់ក្នុងកិច្ចប្រជុំ UN ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ

ក្រុមមេដឹកនាំប្រទេសកំពុងអភិវឌ្ឈន៍ បានរិះគន់ក្រុមប្រទេសអ្នកមានឥតសំចៃមាត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ២០២៥ ពាក់ព័ន្ធបញ្ហាប…

កម្មវិធី វិថីហិរញ្ញវត្ថុរដូវកាលទី៣ វិលត្រឡប់មកជាថ្មី ដើម្បីរួមចំណែកអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ

ការផ្ដល់នូវការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋទូទៅ នៅតែជាបេសកកម្មមួយដ៏សំខាន់ ដែលវិស័យរដ្ឋ និងឯកជនត្រូវបន្ដចូលរួមធ្វើ ដើម្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ