វ៉ាក់សាំងឥណ្ឌា Covaxin

វ៉ាក់សាំងឥណ្ឌា Covaxin ត្រូវបាន WHO អនុម័តឲ្យប្រើប្រាស់បន្ទាន់


អង្គការសុខភាពពិភពលោក WHO បានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិតក្នុងប្រទេសឥណ្ឌា មានឈ្មោះថា កូវ៉ាក់ស៊ីន (Covaxin)។ ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ឲ្យកាន់តែច្រើនដល់ប្រទេសក្រីក្រ ក្នុងនាមឥណ្ឌាជាដៃគូដ៏សំខាន់មួយរបស់យន្តការ Covax នៃអង្គការសុខភាពពិភពលោក ទទួលបន្ទុកបែងចែកវ៉ាក់សាំងដោយស្មើភាព។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
វ៉ាក់សាំងឥណ្ឌា Covaxin

វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ កូ​វ៉ា​ក់​ស៊ី​ន (Covaxin) ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ​ថា បា​រ៉ាត់ បាយ​អូ​ថិ​ច (Bharat Biotech) ជាមួយនឹង​ប្រសិទ្ធភាព​ពេញ​របស់​វា ៧៨% បន្ទាប់​ពី​ចាក់​បាន​ទាំង​ពីរ​ដូ​ស​។

វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​ចាក់​ពីរ​ដូ​ស ក្នុង​គម្លាត ពី​ដូ​ស​ទី​១ មក​ដូ​ស​ទី​២ រយៈពេល​ជាង​១​ខែ​។ វ៉ាក់សាំង Covaxin មិន​ទាមទារ​លក្ខខណ្ឌ​រក្សា​ទុក​ខ្ពស់ ដូច​វ៉ាក់សាំង​របស់​អឺរ៉ុប​នោះ​ទេ គឺ​គេ​អាច​រក្សា​ទុក​វា​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី ២ ទៅ​៨ អង្សារ ដែល​វា​សាក​សម​នឹង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង មធ្យម ក្នុង​ការ​ស្តុក​ទុក និង​ចាក់​ជូន​ដល់​ពលរដ្ឋ​ខ្លួន​។

គួរ​ជម្រាប​ថា វ៉ាក់សាំង Covaxin ជា​វ៉ាក់សាំង​ទី​១ របស់​ឥណ្ឌា​ដែល​ផលិត​ដោយ​ខ្លួនឯង ហើយ​ទទួល​បានការ​ទទួលស្គាល់ និង អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវការ ពី WHO ថែម​ទៀត​។ 

វ៉ាក់សាំង​របស់​ឥណ្ឌា កូ​វ៉ា​ក់​ស៊ី​ន គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​វ៉ាក់សាំង​ប្រភេទ mRNA ដែល​ផលិត​ដោយ Pfizer និង Moderna របស់​អា​មេ​រិ​ក ដោយសារ​តែ​ថ្នាំ​បង្ការ Covaxin ផលិត​ឡើង​តាម​ក្បួន​បុរាណ ដែល​គេ​និយម​ប្រើប្រាស់​ផលិត​វ៉ាក់សាំង​កាលពី​រាប់​សិប​ឆ្នាំ​មុន ដោយ​យក​មេរោគ​មក​សម្លាប់ ឬ​ធ្វើ​ឲ្យ​វា​អសកម្ម ទើប​យក​មក​ចាក់​ក្នុង​ខ្លួន​មនុស្ស​ឲ្យ​ប្រព័ន្ធ​ការពារ មាន​ភាពស៊ាំ និង ស្គាល់​មេរោគ​នោះ​។

រដ្ឋាភិបាល​ឥណ្ឌា​បាន​អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Covaxin នេះ​តាំងពី​ខែ មក​រា ដើមឆ្នាំ​២០២១ តាំងពី​មុន ពេល WHO ប្រកាស​ទទួលស្គាល់​ទៅ​ទៀត​។ គិត​មក​ទល់​ពេល​នេះ ឥណ្ឌា​បាន​ប្រើប្រាស់​វ៉ាក់សាំង កូ​វ៉ា​ក់​ស៊ី​ន​នេះ ចាក់​ជូន​ពលរដ្ឋ​ខ្លួន​បាន ជាង​១២០​លាន​ដូ​ស​ហើយ ស្មើនឹង ១១% នៃ​ពលរដ្ឋ​ឥណ្ឌា​សរុប​។

គិត​មក​ទល់​ពេល​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​សរុប​ចំនួន​៨ រួម​មាន វ៉ាក់សាំង​របស់​អា​មេ​រិ​ក Pfizer/BioNtech, Moderna  Johnson&Johnson AstraZeneca របស់​អង់គ្លេស និង Sinopharm និង Sinovac របស់​ចិន ហើយ​ចុង​ក្រោយ​គឺ កូ​វ៉ា​ក់​ស៊ី​ន Covaxin​របស់​ឥណ្ឌា​នេះឯង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ RCEP នឹងជួយកម្ពុជាពង្រីកការនាំចេញបន្ថែម ៧% និងការវិនិយោគ ២៣%

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីកិច្ចព្រ…

អាមេរិកអះអាងថាចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរកើនដល់៧០០គ្រាប់នៅឆ្នាំ២០២៧

ព័ត៌មាន
ក្រសួងការពារជាតិអាមេរិកនៅថ្ងៃពុធទី០៣ខែវិច្ឆិកា បានបង្កើនការប៉ាន់ស្មានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រទេសចិនមាន នៅប៉ុន្មានឆ្នាំខាងមុខនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ