យោងតាមការរាយការណ៍របស់សារព័ត៌មាន CNN រហូតមកទល់ពេលនេះមានអ្នកស្លាប់ចំនួន៣នាក់ហើយដោយសារមេរោគ Hantavirus ចាប់តាំងពីនាវាទេសចរណ៍ MV Hondius បានចាកចេញពីប្រទេសអាហ្សង់ទីនកាលពីខែមុន។ ករណីសង្ស័យដំបូងគេដែលនាំឱ្យមានការភ្ញាក់ផ្អើល គឺបុរសជនជាតិហូឡង់វ័យ៧០ឆ្នាំម្នាក់ ដែលបានស្លាប់កាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីបង្ហាញរោគសញ្ញាគ្រុនក្តៅខ្លាំង ឈឺក្បាល និងរាគរូសភ្លាមៗនៅលើនាវា។
ក្រុមហ៊ុន Oceanwide Expeditions ដែលជាម្ចាស់សេវាកម្មនាវាទេសចរណ៍បានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកដំណើរសរុប ១៤៦នាក់មកពី២៣ប្រទេសកំពុងស្ថិតក្រោមវិធានការចត្តាឡីស័កយ៉ាងតឹងរ៉ឹងបំផុត។ កាលពីចុងខែមេសា អ្នកដំណើរប្រមាណ ៣០នាក់បានចុះពីនាវានៅកោះ Saint Helena ខណៈអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានជម្លៀសតាមផ្លូវអាកាសទៅកាន់ទ្វីបអឺរ៉ុប ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកអ្នកដំណើរដែលនៅសល់ គ្រោងនឹងទៅដល់កោះ Canary ប្រទេសអេស្ប៉ាញ នៅចុងសប្តាហ៍នេះ មុននឹងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារអ្នកដំណើរមួយចំនួនបានបែកខ្ញែកគ្នាទៅកាន់ប្រទេសផ្សេងៗ មុនពេលការផ្ទុះឡើង នៃមេរោគត្រូវបានប្រកាសជាផ្លូវការ ដែលធ្វើឱ្យគេនឹកឃើញដល់សេណារីយ៉ូដំបូងៗនៃវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាចំនួនអ្នកឆ្លងអាចកើនឡើងក៏ពិតមែន ប៉ុន្តែមេរោគ Hantavirus មិនមានភស្តុតាងណាមួយបង្ហាញថា វាអាចឆ្លងរាលដាលក្នុងកម្រិតសហគមន៍ទ្រង់ទ្រាយធំដូចកូវីដ-១៩ នោះទេ។ តាមរយៈសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម WHO បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីតាមដានរកអ្នក ដែលបានប៉ះពាល់ផ្ទាល់ និងធានាថាការគ្រប់គ្រងមេរោគនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់បំផុត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស