សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានប្រកាន់យកគោលនយោបាយផ្ទុយគ្នាតាំងពីឆ្នាំ១៩៧៩ នៅពេលដែលអ៊ីរ៉ង់ផ្ទុះបដិវត្តន៍អ៊ីស្លាមឡើង។ អាម៉េរិកចង់គ្រប់គ្រងអ៊ីរ៉ង់ ដើម្បីច្បាមឥទ្ធិពល និងគ្រប់គ្រងនៅតំបន់មជ្ឈិមបូព៌ាពេញទំហឹងក្រោយកសាងមូលដ្ឋានឥទ្ធិពល និងអំណាចរឹងមាំនៅអ៊ីស្រាអែល ប៉ុន្តែអ៊ីរ៉ង់មិនគាំទ្រ ហើយចង់បង្កើតឥទ្ធិពលមួយដោយខ្លួនឯង ដោយបានអភិវឌ្ឈន៍កម្មវិធីមីស៊ីល និងនុយក្លេអ៊ែ ដោយសម្ងាត់តាំងពីទស្សវត្រ៍ឆ្នាំ១៩៩០ ដោយធ្វើការជាមួយនឹងរុស្ស៊ី និងចិនរហូតដល់ទសវត្សរ៍ឆ្នាំ២០១០ ក៏បានបែកធ្លាយកម្មវិធីនុយក្លែអ៊ែនោះ រហូតអ៊ីរ៉ង់រងទណ្ឌកម្មពីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកជាបន្តបន្ទាប់។
ដោយសារតែបញ្ហាភូមិសាស្រ្តនយោបាយ និងឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានយកចិត្តទុកដាក់បំផុតលើកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីល ខណៈដែលអ៊ីរ៉ង់ ក៏បង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅអ៊ីរ៉ាក់ ស៊ីរី លីបង់ និង យេម៉ែន ជាពិសេសនៅតំបន់ហ្គាហ្សា រហូតដល់អ៊ីស្រាអែលខ្លាចរអាហើយឈានដល់ការបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥ ហើយអ៊ីរ៉ង់ក៏បានសងសឹកវិញ ដោយថែមទាំងគំរាម និងបាញ់ប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅកាតា។
ចាប់តាំងពីអ៊ីស្រាអែល និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ រួចមក អាម៉េរិក និងអ៊ីស្រាអែល តែងតែគំរាមអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ ក៏គំរាមតបតវិញផងដែរ ប៉ុន្តែក្រោយអាម៉េរិកឃើញស្ថានភាពវិបត្តិផ្ទៃក្នុងកើតឡើងតាមរយៈការផ្ទុះបាតុកម្មកាលពីខែកុម្ភៈ សហរដ្ឋអាមេរិកបានឆ្លៀតឱកាស ហើយដាក់សម្ពាធឲ្យអ៊ីរ៉ង់រំលាយកម្មវិធីមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរចោល ដើម្បីបន្សាបឥទ្ធិពលយោធាអ៊ីរ៉ង់នៅក្នុងតំបន់ ប៉ុន្តែអ៊ីរ៉ង់ទាត់ចោល ហើយក្រោយការចរចារបរាជ័យ សហរដ្ឋអាមេរិក ក៏ចាប់ដៃជាមួយអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់តែម្តងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាស ដោយមីស៊ីលមកលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ មីស៊ីល ទីបញ្ជាការយោធា ទីតាំងរដ្ឋាភិបាលនៅទីក្រុងតេអេរ៉ង់ និងទីក្រុងធំៗផ្សេងទៀត ហើយអ៊ីរ៉ង់ ក៏បានបើកការវាយប្រហារសងសឹកវិញដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងមូលដ្ឋានទ័ពអាម៉េរិកនៅបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម និង ទីក្រុងធំៗរបស់អ៊ីស្រាអែល។
ផលប៉ះពាល់នៃការវាយប្រហារនៅពេលនេះ អ៊ីរ៉ង់រងគ្រោះយ៉ាងដំណំដោយអះអាងអំពីការស្លាប់មេដឹកនាំកំពូលរបស់ប្រទេស គឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) និងសាច់ញាតិខ្លះ មេដឹកនាំយោធា និងស៊ីវិលជាច្រើនរូប រីឯការសងសឹករបស់អ៊ឺរ៉ង់មិនទាន់មានរបាយការណ៍ឯករាជ្យ និងជាក់លាក់បញ្ជាក់នៅឡើយទេ អ្វីដែលមានគឺមានតែសេចក្តីភ័យខ្លាច នៃអស្ថិរភាពតំបន់ តម្លៃប្រេងឡើងថ្លៃ និងវិបត្តិសេដ្ឋកិច្ចពិភពលោក។
អ្នកវិភាគបានអះអាងថា សង្រ្គាមនេះនឹងអាចកាន់តែផ្ទុះធំ ប្រសិនបើមានការលូកដៃពីមហាអំណាចផ្សេងទៀត ជាពិសេសចិន និងរុស្ស៊ី ប៉ុន្តែប្រតិកម្មប្រទេសទាំងពីរនេះមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។ ពាក់ព័ន្ធនឹងការវាយប្រហារជាថ្មីនេះ លោក ឌីមីទ្រី មិវេដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានប្រើប្រាស់កិច្ចចរចានុយក្លេអ៊ែររបស់ខ្លួនជាមួយអ៊ីរ៉ង់ ជាការបិទបាំងមុនពេលប្រតិបត្តិការយោធា ដោយឡែកក្រសួងការបរទេសរុស្ស៊ី បានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើការវាយតម្លៃឲ្យបានឆាប់រហ័សអំពីអ្វីដែលខ្លួនហៅថា សកម្មភាពមិនទទួលខុសត្រូវដែលមានហានិភ័យធ្វើឱ្យតំបន់នេះកាន់តែអស្ថិរភាព។
ដោយឡែកក្រសួងការបរទេសចិនវិញបានជំរុញឱ្យបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ និងបានអំពាវនាវឱ្យមានការបន្តការសន្ទនា និងការចរចាឡើងវិញ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់គួរតែត្រូវបានគោរព៕
ដោយៈ សរ សុជាតិ