នៅលើពិភពលោកមាស និងទង់ដែងសុទ្ធតែជាលោហៈសំខាន់ និងមានតម្រូវការក្នុងការជួញដូរដូចគ្នា ប៉ុន្តែមុខងារ និងតម្លៃរបស់វា គឺមិនដូចគ្នានោះទេ ដូច្នេះតម្លៃរបស់វាក៏មិនដូចគ្នាដែរ។ គិតត្រឹមល្ងាចថ្ងៃទី១០ ខែវិច្ឆិកា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានជួញដូរមួយអោនប្រមាណ៤ពាន់៨០ដុល្លារ ខណៈទង់ដែងត្រូវបានគេជួយដូរក្នុងតម្លៃជាង១ម៉ឺន១ពាន់ដុល្លារប៉ុណ្ណោះក្នុងមួយតោន។ មាសត្រូវបានគេចាត់ទុកជាលោហៈដែលមានតម្លៃជាទុនបម្រុងរបស់ពិភពលោក ហើយតួនាទីរបស់វាបច្ចុប្បន្ននេះ គឺកាន់តែសកម្មនៅពេលដែលស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ និងមានមន្ទិលដូចបច្ចុប្បន្ន។
តម្លៃមាសមានទំនោរកើនឡើងក្នុងអំឡុងពេល នៃភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ឬនៅពេលដែលអត្រាការប្រាក់ពិតប្រាកដទាប ឬអវិជ្ជមាន។ ប៉ុន្តែទង់ដែងវិញ វាគឺជាលោហៈមានមុខងាត្រឹមតែបម្រើឲ្យឧស្សាហកម្ម ដែលរួមមានវិស័យសំណង់ ឧស្សាហកម្មយានយន្ត អេឡិចត្រូនិក ជាពិសេសបណ្តាញថាមពល ដោយសារតែវាមានតម្លៃថោកសមរម្យ និងចម្លងកម្តៅ និងចរន្តអគ្គីសនីបានល្អ។
សព្វថ្ងៃនេះតម្លៃមាសឡើងដល់ចំណុចរបត់កំពូលទៅហើយ ប៉ុន្តែតម្លៃរបស់ទង់ដែងវិញ គឺកំពុងតែមានសូចនាករធ្លាក់ចុះ។ ជាទូទៅតម្រូវការ និងតម្លៃរបស់ទង់ដែង វាផ្អែកទៅតាមទំនោរ និងល្បឿននៃកំណើន GDP សកល ដូច្នេះនៅពេលដែលសេដ្ឋកិច្ចពិភពលោករីកចម្រើន តម្រូវការ និងតម្លៃរបស់វាក៏នឹងល្អប្រសើរទៅតាមនឹងដែរ ប៉ុន្តែមិនអាចស្មើមាសនោះឡើយ៕
ដោយៈ សរ សុជាតិ