វិបត្តិបំណុលក្រុមហ៊ុន Evergrande

តើវិបត្តិបំណុលក្រុមហ៊ុន Evergrande នឹងមិនប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទានរយៈពេលវែងរបស់ចិនដែរ ឬទេ?


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលមានជំពាក់បំណុលរាប់រយពាន់លានដុល្លារនោះ បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនប្រហែលជាមិនអាចសងបំណុល ស្របតាមកាតព្វកិច្ចដែលបានចែកបាននោះទេ ហើយឆ្លើយតបទៅនឹងសេចក្តីប្រកាសនេះ ធនាគារកណ្តាលចិននៅយប់ថ្ងៃសុក្របាននិយាយថា ករណីរបស់ Evergrande តែមួយ នឹងមិនប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទានរយៈពេលមធ្យម និងរយៈពេលវែង នៅក្នុងទីផ្សារប្រទេសចិននោះដែរ។
ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន
ដោយ

ធនាគារកណ្តាល​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​ថា ហានិភ័យ​បំណុល​របស់ Evergrande ត្រូវ​បាន​បង្ក​ឡើងជា​ចម្បង​ដោយ​ការ​គ្រប់គ្រង​មិនល្អ និង​ការ​ពង្រីក​គម្រោង​ច្រើន​ហួសហេតុ​។ សេចក្តី​ប្រកាស​ដដែល​បន្ត​ថា បញ្ហា​រយៈពេល​ខ្លី​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ នឹង​មិន​ប៉ះពាល់​ដល់​ការ​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​មធ្យម ឬ​រយៈពេល​វែង​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ចិន ទាំងមូល​នោះ​ទេ​។

សេចក្តីថ្លែងការណ៍​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់ Evergrande រដ្ឋបាល​ខេត្ត​ក្វា​ង​ទុង បាន​យល់ព្រម​បញ្ជូន​ក្រុម​អ្នកជំនាញ​មួយ​ក្រុម ទៅ​ឲ្យ​ក្រុមហ៊ុន​ដើម្បី​ជួយ​ដោះស្រាយ​ហានិភ័យ និង​រក្សា​ស្ថិរភាព​ប្រតិបត្តិការ​។

ធនាគារកណ្តាល​ចិន ថែម​ទាំង​បាន​បង្ហាញ​ការ​គាំទ្រ​ដ៏​កម្រ​មួយ​ដល់ Evergrande ដោយ​បាន​អះអាង​ថា រដ្ឋាភិបាល​ចិន ក៏​ដូច​ជា​រដ្ឋបាល​នៅ​តាម​តំបន់​ដែល Evergrande កំពុង​សាងសង់​គម្រោង នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ ដើម្បី​ដោះស្រាយ​ហានិភ័យ និង​បន្ត​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា បញ្ហា​បំណុល​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ដ៏​ធំ​លំដាប់​ទី​២ Evergrande បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​ក្នុង និង​ក្រៅប្រទេស ម្តង​ជា​ពីរ​ដង​រួច​ទៅ​ហើយ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ និង​ការ​ទិញ​លក់​ផ្ទះសម្បែង​ក្នុង​ប្រទេស ក៏​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ផង​ដែរ នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​។

យ៉ាងណាមិញ ធនាគារកណ្តាល​ចិន នៅ​តែ​បន្ត​អះអាង​ថា ការ​លក់​លំនៅ​ឋាន ការ​ទិញ​ដី និង​ការ​ផ្តល់​ហិរញ្ញប្បទាន​នៅ​ក្នុង​ប្រទេស​ចិន បាន​វិល​មក​រក​ភាព​ប្រក្រតី​រួច​ហើយ​។ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​មួយ​ចំនួន​ចាប់ផ្តើម​ទិញ​មូល​ប​ត្រ​បំណុល​ក្រៅប្រទេស​របស់​ពួក​គេ​មក​វិញ ហើយ​អ្នក​វិនិយោគ​ក៏​ចាប់ផ្តើម​ទិញ​មូល​ប​ត្រ​បំណុល ដែល​ចេញ​លក់​ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ឡើង​វិញ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វី WHO អំពាវនាវកុំឲ្យភ័យស្លន់ស្លោនឹងកូវីដ១៩បំប្លែងថ្មី អូមីក្រុង?

ព័ត៌មាន
កូវីដ១៩បំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលពាសពេញពិភពលោកក្នុងពេលដ៏ខ្លី ប៉ុន្តែករណីឆ្លងជាច្រើនហាក់មើលទៅមានសភាពស្រាល ហើយខ្លះទៀតមិនមានចេញរ…

ក្រុមហ៊ុនយក្ស Vingroup វៀតណាម នឹងបោះផ្សាយលក់មូលបត្រនៅអាមេរិកក្នុងតម្លៃ ៣ពាន់លានដុល្លារ នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនដ៏ធំជាងគេបំផុតរបស់វៀតណាម Vingroup គ្រោងនឹងចុះបញ្ជីក្រុមហ៊ុនផលិតរថយន្ដរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្នុងតម្លៃយ៉ាងហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ